ពលរដ្ឋនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដាក់ពាក្យបណ្ដឹងមួយទៅសមត្ថកិច្ចនៅក្នុងឃុំ ដើម្បីស្នើឲ្យចុះស្រាវជ្រាវជុំវិញករណីជនមិនស្គាល់មុខ បំផ្លាញដំណាំកៅស៊ូរបស់ខ្លួនជាង ១ហិកតារ។
ពលរដ្ឋថា នេះអាចជាការច្រណែនឈ្នានីសពីសំណាក់ជនមិនស្គាល់មុខនោះ ទើបធ្វើឲ្យពួកគាត់មានការបារម្ភ។ ចំណែកអាជ្ញាធរឃុំបញ្ជាក់ថា នឹងចុះស្រាវជ្រាវលើបញ្ហានេះតាមពាក្យបណ្ដឹងរបស់ពលរដ្ឋ។
ការដាក់ពាក្យបណ្ដឹងនេះ បន្ទាប់ពីដំណាំកៅស៊ូរបស់ពលរដ្ឋម្នាក់នៅឃុំត្រពាំងព្រីង ជាង ១ហិកតារ ដែលមានដើមកៅស៊ូ ៨២០ដើម ដាំបានជាងមួយឆ្នាំទៅហើយនោះ ត្រូវជនមិនស្គាល់មុខបំផ្លាញគ្មានសល់ កាលពីទៀបភ្លឺថ្ងៃទី៧ ធ្នូ។ ពលរដ្ឋរងគ្រោះនៅតែរកមូលហេតុមិនទាន់ឃើញ ទាក់ទងនឹងការបំផ្លាញដំណាំកៅស៊ូរបស់ខ្លួន ពីព្រោះលោក និងគ្រួសារ មិនធ្លាប់មានបញ្ហាជាមួយនរណាសោះកាលពីមុនមក។
ពលរដ្ឋនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង លោក កុយ សំណាង ជាម្ចាស់ចម្ការកៅស៊ូជាង ១ហិកតារនោះឲ្យដឹងថា លោកបានដាក់ពាក្យបណ្ដឹងមួយទៅប៉ុស្តិ៍នគរបាលឃុំ កាលពីថ្ងៃទី១០ ធ្នូ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកជនប្រព្រឹត្តិមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ និងជៀសវាងកុំឲ្យមានបញ្ហានេះកើតឡើងតទៅទៀត៖ «ប្ដឹងម្សិលដែរបាទ! ព្រោះវាខ្ទេចខ្ទីពេកអ៊ីចឹងហេវហ្មង! ឲ្យស៊ើបៗមើលក្រែងលោកដឹងលោកគ្រូ»។
កៅស៊ូជិត ១ពាន់ដើម ដែលជនមិនស្គាល់មុខកាប់ខូចខាតទាំងស្រុងនោះ គឺត្រូវចំណាយដើមទុនជាង ១ពាន់ដុល្លារ និងចំណាយពេលជាងមួយឆ្នាំ។ លើសពីនេះ ដីដែល លោក កុយ សំណាង ដាំកៅស៊ូនោះ ពុំមែនជាដីជម្លោះ ឬប៉ះពាល់ដល់បុគ្គលណាឡើយ។
ទាក់ទិនបញ្ហានេះ នាយប៉ុស្តិ៍នគរបាលឃុំត្រពាំងព្រីង លោក ម៉ន ធី មានប្រសាសន៍ថា លោកមិនទាន់ឃើញពាក្យបណ្ដឹងនោះនៅឡើយទេ ក៏ប៉ុន្តែលោកនឹងចុះស្រាវជ្រាវលើបញ្ហាមួយនេះ ប្រសិនមានពាក្យបណ្ដឹងមែន៖ «ប្រសិនបើឃើញ យើងនឹងចាត់ការ យើងមិនអាចទុកយូរទេ។ ចុះពិនិត្យស្នាមមុខកាំបិតថតអីរាប់ដើមឲ្យបានច្បាស់លាស់»។
លោកបន្ថែមថា កន្លងមកនៅឃុំត្រពាំងព្រីង ធ្លាប់មានបញ្ហានេះកើតឡើងដែរ ប៉ុន្តែការបំផ្លាញដំណាំកន្លងមកមិនច្រើនដូចលើកនេះទេ។ លោកបន្តថា ខាងអាជ្ញាធរក៏ធ្លាប់ផ្សព្វផ្សាយពីទោសទណ្ឌ និងសីលធម៌ដល់ពលរដ្ឋនៅតាមមូលដ្ឋាន ថាមិនឲ្យមានការប្រព្រឹត្តនូវអ្វីដែលមិនគប្បីចំពោះគ្នា ប៉ុន្តែលោកថា ពលរដ្ឋក៏មិនសូវបារម្ភប៉ុន្មានដែរ ព្រោះបញ្ហានេះជារឿងធម្មតាទៅហើយនោះ។
ទោះបីយ៉ាងណាក៏ដោយ សមាជិកសហគមន៍ភូមិប្រឡោះ ឃុំត្រពាំងព្រីង លោក ឈិន យ៉ុង បារម្ភថា ប្រសិនបើសកម្មភាពបែបនេះកើតមានច្រើន នោះមានន័យថា វាផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ លោកបន្ថែមថា អាជ្ញាធរហាក់មិនសូវយកចិត្តទុកដាក់ចំពោះបញ្ហារបស់ពលរដ្ឋឲ្យបានសកម្មនោះទេ ទើបធ្វើឲ្យបញ្ហានៅតែកើតមានឡើងដដែលៗ៖ «ចង់ឲ្យចូលរួមយ៉ាងសកម្មបំផុត ព្រោះអាជ្ញាធរដែនដីរាល់ការកង្វល់រាល់ការហានិភ័យរបស់ពលរដ្ឋទូទៅ ច្រើនតែពួកគាត់រឿងព្រងើយៗ បើទោះបីជារឿងខ្លាំងយ៉ាងណាក៏ដោយ គាត់ចង់ឲ្យពលរដ្ឋទៅតែម្តង គាត់ដឹងឮ ហើយគាត់រឿងប្រយោលៗអ៊ីចឹង»។
លោកបន្តថា ករណីបែបនេះកើតច្រើន នោះសបញ្ជាក់ថា នៅក្នុងសង្គមមានការឈ្នានីសគ្នាកាន់តែច្រើន ដោយអ្នកប្រព្រឹត្តិលែងខ្លាចរអាច្បាប់ លែងស្គាល់ពីបុណ្យបាប និងបង្ហាញថា សីលធម៌របស់មនុស្សមួយចំនួនកាន់តែធ្លាក់ចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
