មហាសេដ្ឋីជនជាតិរុស្ស៊ី ឈ្មោះ សៀរហ្គេយ ប៉ូលូនស្គី (Sergey Polonsky) និងបក្សពួកសរុបមានគ្នាចំនួន ៦នាក់ ត្រូវកងទ័ពជើងទឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួននៅកោះដំឡូង នារសៀលថ្ងៃទី១៥ ខែឧសភា។
នៅល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យជាជនជាតិរុស្សីទាំង ៦នាក់ តាមឧទ្ធម្ភាគចក្រទៅកាន់រាជធានីភ្នំពេញ ដើម្បីសាកសួរបន្តនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។
ភ្លាមៗកម្លាំងកងទ័ពជើងទឹក និងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅមិនទាន់បញ្ជាក់មូលហេតុ ឬក៏ការចាប់ខ្លួនជនជាតិរុស្សីទាំង ៦នាក់នោះថា ពាក់ព័ន្ធនឹងបទចោទអ្វីឲ្យពិតប្រាកដនោះទេ។ ប៉ុន្តែសមត្ថកិច្ចដែលស្នើមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា ការចាប់ខ្លួនមហាសេដ្ឋី និងបក្សពួក គឺអនុវត្តទៅតាមបទបញ្ជាពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ហើយមហាសេដ្ឋីរូបនេះ អាចជាប់ពាក់ព័ន្ធពីបទល្មើសឆបោកដែលប្រព្រឹត្តនៅក្នុងប្រទេសរុស្ស៊ី កាលពីពេលកន្លងមក មានទំហំទឹកប្រាក់រាប់រយលានដុល្លារអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា ការចាប់ខ្លួនលោក សៀរហ្គេយ ប៉ូលូនស្គី និងបក្សពួកនេះ គឺពាក់ព័ន្ធនឹងការរស់នៅកម្ពុជា ដោយខុសច្បាប់ ត្បិតទិដ្ឋាការរបស់ក្រុមនេះបានផុតកំណត់ការប្រើប្រាស់៖ «»។
សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ បានចុះផ្សាយថា ក្រសួងការបរទេសកម្ពុជា បានស្នើអោយក្រសួងយុត្តិធម៌ ពិនិត្យមើលសំណើរបស់ស្ថានទូតរុស្ស៊ី ដែលចង់អោយកម្ពុជា ធ្វើបត្យាប័នមហាសេដ្ឋីរុស្ស៊ី លោក សៀរហ្គេយ ប៉ូលូនស្គី។ សំណើរបស់ស្ថានទូតរុស្ស៊ី ធ្វើឡើងនៅក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ពុំទាន់អាចបញ្ជាក់បាននៅឡើយទេពីគម្រោងបញ្ជូនមហាសេដ្ឋីរូបនេះត្រឡប់ទៅរុស្ស៊ីវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
