ក្រុមអាជីវករលក់ត្រីសាច់ និងបន្លែជាង ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែសីហា តវ៉ាសុំសិទ្ធិលក់ដូរនៅកន្លែងចាស់ ដែលពួកគាត់កំពុងលក់បច្ចុប្បន្ន។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្ត បានជូនដំណឹងឲ្យអ្នកលក់ដូរជាង ៩០០នាក់ ដែលកំពុងលក់ដូរនៅក្រៅបរិវេណផ្សារស្ទឹងត្រែង ឲ្យប្ដូរទៅផ្សារថ្មីដែលអាជ្ញាធរបានរៀបចំជូនប្រជាពលរដ្ឋលក់ដូរមានកន្លែងសមរម្យ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល កត់សម្គាល់ថា ក្រុមអ្នកតវ៉ានាំគ្នាកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ធ្វើការតវ៉ាដោយសន្តិវិធី មិនមានអំពើហិង្សាអ្វីនោះឡើយ។ លោកបន្តថា ក្រុមអ្នកតវ៉ាបានរំសាយនៅវេលាម៉ោង ១១ បន្ទាប់ពីមន្ត្រីអាជ្ញាធរខេត្តចេញមកសម្របសម្រួលសុំឲ្យអ្នកតវ៉ាផ្អាកការតវ៉ាជាបណ្ដោះអាសន្ន រង់ចាំអាជ្ញាធរខេត្តបើកកិច្ចប្រជុំពីការទាមទារនេះ៖ «ទាំងអ្នកលក់ក្រៅផ្សារ ទាំងជនជាតិ គាត់មកលក់កំប៉ិកកំប៉ុកផង វា ៩០៧អាជីវករ។ ដោយឡែកអ្នកនៅក្នុងផ្សារធំហ្នឹង គេនៅលក់ដដែលទេ គឺគេយកតែដីសួនច្បារចាស់ដែលជាផ្សារត្រី»។
អាជ្ញាធរខេត្តស្ទឹងត្រែង កំណត់ពេលដល់ថ្ងៃទី៤ ខែកញ្ញា ឲ្យអាជីវករអ្នកលក់ត្រីបន្លែ ប្ដូរទៅលក់នៅផ្សារថ្មីចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីផ្សារចាស់ ឋិតក្នុងភូមិថ្មលាត សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយសារតែអ្នកលក់ដូរភាគច្រើនជាអ្នកលក់បន្លែត្រីសាច់កើនច្រើន ហើយយកសួនច្បារ និងផ្លូវជុំវិញផ្សារ ធ្វើជាកន្លែងលក់ដូរ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ អនាម័យ និងសោភ័ណភាពក្នុងក្រុង ប៉ុន្តែអ្នកលក់ដូរទាំងនោះ អះអាងថា ផ្សារថ្មីនៅឆ្ងាយទំនងលក់មិនដាច់ដូចកន្លែងចាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
