ពលរដ្ឋ​រស់នៅ​តាម​មាត់​ទន្លេ​ទាមទារ​ឲ្យ​អាជ្ញាធរ​ចុះ​ត្រួត​ពិនិត្យ​អាជីវកម្ម​បូម​ខ្សាច់

ដោយ សេក បណ្ឌិត
2014.08.23
បាក់​ច្រាំង​ទន្លេ កណ្ដាល ៦១០ ក្មេងៗ​ចង្អុល​ទៅ​សាឡង់​បូម​ខ្សាច់​នា​ស្រុក​មុខកំពូល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៤។
RFA/Den Ayuthyea

បញ្ហា​បូម​ខ្សាច់​ពី​ទន្លេ​នៅ​តែ​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​ទន្លេ ដែល​ប្រឈម​នឹង​ការ​បាក់​ច្រាំង​រអិល​ផ្ទះ​ចូល​ទឹក ប៉ះពាល់​ដី ផល​ដំណាំ និង​បរិស្ថាន​ផ្សេងៗ​ទៀត។ អាជីវកម្ម​បូម​ខ្សាច់​ទាំង​នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល រិះគន់​ថា ខ្លះ​មាន​ច្បាប់​អនុញ្ញាត ខ្លះ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ទេ ហើយ​ម្ចាស់​អាជីវកម្ម​ទាំង​នោះ​មាន​ទាំង​ខ្មែរ និង​ជនជាតិ​វៀតណាម។

ស្រប​ពេល​គ្នា​នេះ ប្រជាពលរដ្ឋ​ទាមទារ​សុំ​ឲ្យ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ត្រួត​ពិនិត្យ​ភាព​ស្រប​ច្បាប់​នៃ​អាជីវកម្ម​ទាំង​នោះ និង​ការ​អនុវត្ត​បំពាន​ច្បាប់​អនុញ្ញាត ដែល​កំពុង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់។

ជា​ការ​ឆ្លើយ​តប​នឹង​ក្តី​កង្វល់ និង​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ និង​អ្នក​ជាប់​ពាក់ព័ន្ធ​នានា នឹង​អាជីវកម្ម​បូម​ខ្សាច់​នេះ សមត្ថកិច្ច​ស្រុក​កៀនស្វាយ បាន​ចុះ​ត្រួត​ពិនិត្យ​សាឡង់​បូម​ខ្សាច់​មួយ​ចំនួន​តាម​ដង​ទន្លេ​បាសាក់ ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន។

អភិបាល​ស្រុក​កៀនស្វាយ លោក ហេង ឃៀម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ សីហា ថា ការ​ចុះ​ត្រួត​ពិនិត្យ​នោះ អាជ្ញាធរ​លោក​បាន​ឃាត់​ទុក​សាឡង់​បូម​ខ្សាច់ ៣​គ្រឿង និង​ហាម​មិន​ឲ្យ​ធ្វើ​អាជីវកម្ម ដោយសារ​ពិនិត្យ​ទៅ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម។

លោក​បន្ត​ថា ក្នុង​ភូមិសាស្ត្រ​របស់​លោក ភាគ​ច្រើន​ពុំ​មាន​ការ​បូម​ខ្សាច់​ពី​បាត​ទន្លេ​ទេ គឺ​ច្រើន​មាន​សាឡង់​បូម​ខ្សាច់​ពី​តំបន់​ផ្សេង ហើយ​មក​ចត​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​លោក ដើម្បី​បូម​បន្ត​ឡើង​លើ​គោក។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា មាន​អាជីវកម្ម​បូម​ខ្សាច់​នៅ​ទន្លេ​បាសាក់​នោះ​តែ​អាច​មាន​ការ​ច្រឡំ​ដែន​ដី​ភូមិសាស្ត្រ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ខុស​គ្នា៖ «ជួន​កាល​វា​មាន​ដែរ តែ​ភូមិសាស្ត្រ​វា​ខុស​គ្នា​ទន្លេ​មួយ​នៅ​កៀនស្វាយ ទន្លេ​មួយ​របស់​ស្រុក​ស្អាង ទន្លេ​មួយ​របស់​ក្រុង​តាខ្មៅ ទន្លេ​ហ្នឹង​ជា​ផ្នែក​របស់​គេ​ផ្សេង»

ទាក់ទង​នឹង​អាជីវកម្ម​បូម​ខ្សាច់​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក (adhoc) ប្រចាំ​ខេត្ត​កណ្ដាល លោក ម៉ែន មករា បាន​សង្កេត​ឃើញ​ថា មាន​សាឡង់​ជាច្រើន​គ្រឿង​កំពុង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ពី​បាត​ទន្លេ មាន​ទាំង​ខ្មែរ និង​វៀតណាម តែ​លោក​មិន​ច្បាស់​ថា​អាជីវកម្ម​ទាំង​នោះ​មាន​អាជ្ញាប័ណ្ណ ឬ​អត់​នោះ​ទេ ប៉ុន្តែ​ជាក់ស្តែង អាជីវកម្ម​បូម​ខ្សាច់​នេះ គឺ​កំពុង​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ និង​បរិស្ថាន​ធម្មជាតិ​យ៉ាង​ធ្ងន់ធ្ងរ៖ «យ៉ាង​ណា​មិញ ដោយសារ​រដូវ​នេះ​ជា​រដូវ​ទឹក​ឡើង​ផង ដូច្នេះ​ការ​ហូរ​ច្រោះ គឺ​ជា​បញ្ហា​មួយ​សំខាន់​ណាស់ ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ បើ​នៅ​តែ​បូម​ដោយ​គ្មាន​បច្ចេកទេស​បែប​នេះ ជា​ហានិភ័យ​ចំពោះ​ប្រជាពលរដ្ឋ​ដូច​ជា​កន្លង​មក​នៅ​ខ្សាច់​កណ្ដាល ឈាន​ដល់​បាក់​ផ្ទះ​ប្រជាពលរដ្ឋ ស្លាប់​ប្រជាពលរដ្ឋ​ទៀត នេះ​ជា​ចំណុច​មួយ ជា​វិធាន​មួយ ជា​ការ​ចាប់​ផ្ដើម​មួយ ដែល​អាជ្ញាធរ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធានា​ថា វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ អាច​ធានា​បាន​នូវ​សុខុមាលភាព​ទាំងអស់​គ្នា»

លោក​បន្ត​ថា រឿង​មាន​អាជ្ញាប័ណ្ណ ឬ​គ្មាន គឺ​ជា​រឿង​មួយ ប៉ុន្តែ​សំខាន់ អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ គួរ​តែ​ពិនិត្យ​ទៅ​លើ​អាជីវកម្ម​បូម​ខ្សាច់​នេះ​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​អាជីវកម្ម​មួយ​ចំនួន​ដែល​មាន​អាជ្ញាប័ណ្ណ​នោះ ក៏​បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែរ ដោយសារ​ការ​អនុវត្ត​មិន​ត្រូវ​តាម​លក្ខខណ្ឌ​បច្ចេកទេស និង​មិន​មាន​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ៖ «ការ​មាន​អាជ្ញាប័ណ្ណ​មិន​ប្រាកដ​ថា​ការ​បំផ្លាញ​ផ្ទះ​សម្បែង ផល​ដំណាំ​របស់​ពលរដ្ឋ គឺ​ជា​អំពើ​ស្រប​ច្បាប់​នោះ​ទេ ពីព្រោះ​សព្វថ្ងៃ យើង​អត់​ទាន់​បាន​ការ​រៀបចំ​ប្រព័ន្ធ​សិក្សា​ស្វែង​យល់​ច្បាស់​លាស់ អំពី​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​ទន្លេ បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។ អ៊ីចឹង បើ​មាន​ប៉ះពាល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ទោះ​បី​ការ​បូម​ខ្សាច់​នោះ​ស្រប​ច្បាប់ ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ»

កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចាប់​កប៉ាល់​បូម​ខ្សាច់​ប្រមាណ ៥០​គ្រឿង ដោយ​បង្គាប់​ឲ្យ​ម្ចាស់​កប៉ាល់​ទាំងអស់​បង្ហាញ​អាជ្ញាប័ណ្ណ ដើម្បី​ឲ្យ​អាជ្ញាធរ​ត្រួត​ពិនិត្យ និង​កំណត់​ទីតាំង​បូម​ខ្សាច់​ឡើង​វិញ។

ករណី​បាក់​ច្រាំង​ទន្លេ​ដែល​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​នេះ កាល​ពី​ខែ​កក្កដា កន្លង​ទៅ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង ក្នុង​ភូមិ​ព្រែករុន ឃុំ​ព្រែកគយ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​បាក់​ពាក់​កណ្ដាល​ធ្លាក់​ទៅ​ក្នុង​ទន្លេ និង​មួយ​ចំនួន​ទៀត ត្រូវ​ពលរដ្ឋ​បង្ខំ​ចិត្ដ​រុះរើ​ចេញ​ភ្លាមៗ។ ទន្ទឹម​នឹង​នោះ ក៏​មាន​លំនៅឋាន​ពលរដ្ឋ​ចំនួន ៥​ខ្នង​ផ្សេង​ទៀត​នៅ​តាម​មាត់​ច្រាំង​ទន្លេ​បាសាក់ ក្នុង​ផ្សារ​ឈូងលៀប ស្ថិត​ក្នុង​ភូមិ​កោះគ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ក៏​បាន​រុះរើ​ចេញ​ជា​បន្ទាន់​ដែរ ដោយសារ​បាក់​ច្រាំង​ទន្លេ​ដល់​មុខ​ផ្ទះ​ពួក​គាត់។

ក្រៅ​ពី​នេះ នៅ​មាន​បញ្ហា​ដូច​គ្នា​នេះ​កើត​នៅ​ស្រុក​ផ្សេងៗ​ទៀត ដូចជា​ស្រុក​ខ្សាច់កណ្ដាល ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ក៏​កំពុង​មាន​បញ្ហា​បាក់​ច្រាំង​ទន្លេ​ប៉ះពាល់​ដី​ចម្ការ​ជាច្រើន​ហិកតារ និង​ខូចខាត​ផ្ទះ​សម្បែង ដោយសារ​ករណី​បូម​ខ្សាច់​នេះ​ដែរ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ឲ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់ ដែល​នាំ​ឲ្យ​បាក់​ច្រាំង​ទន្លេ​នេះ​ដែរ ប៉ុន្តែ​បម្រាម​នោះ​ហាក់​មិន​មាន​ប្រសិទ្ធភាព​ឡើយ ហើយ​សកម្មភាព​នេះ បច្ចុប្បន្ន កំពុង​ពុះ​កញ្ជ្រោល​ឡើង​ខ្លាំង​ថែម​ទៀត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។