ពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​នាំ​គ្នា​រារាំង​កប៉ាល់​បូម​ខ្សាច់​ក្នុង​ទន្លេ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​តាបែន ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល នាំ​គ្នា​ជិះ​ទូក​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ទៅ​រារាំង​ការ​បូម​ខ្សាច់​របស់​កប៉ាល់​ក្រុមហ៊ុន​នៅ​ក្នុង​ទន្លេ។

ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ការ​បូម​ខ្សាច់​របស់​កប៉ាល់​ក្រុមហ៊ុន ថា​អាច​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួកគាត់​រលំ​ធ្លាក់​ចូល​ទន្លេ។ ការ​ដែល​ប្រជាពលរដ្ឋ​ឈាន​ដល់​ចុះ​ធ្វើ​អន្តរាគមន៍​ដោយ​ខ្លួន​ឯង​បែប​នេះ ដោយសារ​ពួក​គាត់​អស់​សង្ឃឹម​នឹង​អាជ្ញាធរ​មូលដ្ឋាន ដែល​មិន​ចាត់​វិធានការ​រារាំង​ការ​បូម​ខ្សាច់ បើ​ទោះ​ជា​ប្រជាពលរដ្ឋ​បាន​តវ៉ា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ក្តី។

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ រួម​ដំណើរ​ដោយ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់​ផង​នោះ នាំ​គ្នា​ចុះ​ទូក​កៀង​ឲ្យ​សាឡង់​របស់​ក្រុមហ៊ុន​បូម​ខ្សាច់ ឈ្មោះ ហេរ៉ូ ឃីង (Hero King) ឲ្យ​បើក​ចូល​ច្រាំង ដើម្បី​ធ្វើ​ការ​ចរចា និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បូម​ខ្សាច់​ត​ទៅ​ទៀត។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ផៃ សុកែវ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​មាត់​ទន្លេ ក្នុង​ភូមិ​តាបែន ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ។

អ្នកស្រី សុកែវ បន្ត​ថា បើ​ទោះ​ជា​មាន​ការ​តវ៉ា​របស់​ពលរដ្ឋ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្តី ក៏​ឃើញ​ថា ក្រុមហ៊ុន​នៅ​តែ​បន្ត​បូម​ខ្សាច់ ចំណែក​អាជ្ញាធរ​វិញ ក៏​មិន​មាន​ធ្វើ​អន្តរាគមន៍​អ្វី​នោះ​ដែរ៖ «ប្រជាពលរដ្ឋ​តវ៉ា​រហូត​ហ្នឹង ប៉ុន្តែ​គេ​អត់​ដោះស្រាយ គេ​អត់​មាន​និយាយ​ថា​ម៉េច​ផង ចង់​យើង​តវ៉ា យើង​និយាយ​ថា​ម៉េច យើង​ទៅ​ប្ដឹង​គេ​ថា​ម៉េច ក៏​គេ​អត់​មាន​មាត់​ថា​ម៉េច។ កាល​ពី​មុន​មក​ហ្នឹង ដែល​ទៅ​ផ្ទះ​ប្រធាន​ភូមិ យើង​ទៅ​ប្ដឹង​គេ​ពី​រឿង​គេ​បូម​ខ្សាច់​បូម​អី គេ​អត់​មាន​ដោះស្រាយ​អី​ឲ្យ​យើង​ទេ ប៉ុន្តែ​គេ​បោះ​ពាក្យ​មក​វិញ គេ​ថា មិន​មែន​ទៅ​ទាន់​បូម​ខ្សាច់​បាក់​ដី​ឯ​ណា ចាំ​បាក់​ដី​ដំបូក​គាត់​ម៉ា​ដុំ​ហ្នឹង​សិន ចាំ​រក​ខុស​ត្រូវ​ក្រោយ»

អ្នកស្រី ផៃ សុកែវ បន្ត​ថា ប្រជាពលរដ្ឋ​ហាក់​ដូច​ជា​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ព្រងើយ​កន្តើយ​មិន​អើពើ​ពី​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ដែនដី តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកស្រី​នៅ​តែ​បន្ត​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ជួយ​ដោះស្រាយ​បញ្ហា​នេះ។

​វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ស្វែង​រក​ការ​ឆ្លើយ​តប​របស់​អភិបាល​ស្រុក​មុខ​កំពូល​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៥ មិថុនា ចំណែក​អភិបាល​រង​ស្រុក​មុខ​កំពូល លោក ឆាយ សុខណា វិញ ថ្លែង​ថា លោក​មិន​ដឹង​រឿង​អ្វី​នោះ​ទេ ហើយ​ថា លោក​ជាប់​រវល់ រួច​ក៏​ទម្លាក់​ទូរស័ព្ទ​ចុះ​តែម្ដង។

រី​ឯ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ដែល​បាន​ចុះ​ទូក​ជាមួយ​ពលរដ្ឋ​ក្នុង​ពេល​តវ៉ា​នោះ ឲ្យ​ដឹងថា បន្ទាប់​ពី​សាឡង់​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ពលរដ្ឋ​កៀង​មក​ច្រាំង​រួច​ហើយ លោក​បាន​ពិភាក្សា​ជាមួយ​នឹង​តំណាង​របស់​ក្រុមហ៊ុន ពេល​នោះ​លោក​បានស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បូម​ខ្សាច់​ជា​បន្តទៀត ប៉ុន្តែ​លោក​ថា ខាង​ភាគី​ក្រុមហ៊ុន​អះអាង​ថា ពួកគេ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ហើយ​ថា ខាង​អាជ្ញាធរ​មូលដ្ឋាន​វិញ ក៏​មិន​មាន​ការ​ហាម​ឃាត់​ពួកគេ​ដែរ។

​លោក អ៊ូ ច័ន្ទឫទ្ធិ៖ «ខ្ញុំ​យល់​ថា ទោះ​បី​មាន​អាជ្ញាប័ណ្ណ​ក៏ដោយ បើ​សិន​គាត់​បាន​ផល​ប្រយោជន៍​ពី​ការ​បូម​ខ្សាច់ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដូច្នេះ​ខ្ញុំ​បាន​ជូន​យោបល់​គាត់ ឲ្យ​គាត់​ទាក់​ទង​ទៅ​អ្នក​ដែល​ចេញ​អាជ្ញាប័ណ្ណ​ជូន​គាត់ ទៅ​ក្រសួង​ពាក់ព័ន្ធ​ហ្នឹង​ថា ការ​បូម​ខ្សាច់​របស់​គាត់​វា​អាច​ប៉ះពាល់​ទៅ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ អាច​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ដូច្នេះ​សុំ​ឲ្យ​ដក​អាជ្ញាប័ណ្ណ​ហ្នឹង ឬ​ក៏​ផ្ទេរ​អាជ្ញាប័ណ្ណ​ទៅ​កន្លែង​ដទៃ​ទៅ»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ប្ដេជ្ញា​ថា ប្រសិន​បើ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ការ​បូម​ខ្សាច់​ទៀត ពួកគាត់​នឹង​នាំគ្នា​ទៅ​រារាំង​មិន​ឲ្យ​បូម​ឡើយ។ លើស​ពី​នេះ ពួកគាត់​នឹង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​ជា​បន្តបន្ទាប់​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា រហូត​ទាល់តែ​បញ្ហា​របស់​ពួកគាត់​ត្រូវ​បាន​ដោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។