ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ​ប្រកប​មុខ​របរ​សិប្បកម្ម​ចម្លាក់​ថ្ម​ភក់

ដោយ សូត សុខប្រាថ្នា
2016.04.11
រូប​ចម្លាក់​ពី​ថ្ម​ភក់ កំពង់ធំ ២០១៦ ៨៥៥ រូប​ចម្លាក់​ធ្វើ​ពី​ថ្ម​ភក់ នៅ​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Saut Sokprathna
RFA/Saut Sokprathna

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ នាំ​គ្នា​ចាប់​យក​មុខ​របរ​ចម្លាក់​ថ្ម ដើម្បី​រក​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ ពួក​គាត់​ថា មុខ​របរ​មួយ​នេះ វា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ភូមិ​អាច​រស់នៅ​ជិត​ប្រពន្ធ​កូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​បន្ត​ស្នាដៃ​របស់​បុព្វបុរស ព្រម​ទាំង​អាច​បង្ហាញ​ពី​វប្បធម៌​ជាតិ​ខ្មែរ​បាន​ទៀត​ផង។

នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦​អា (៦​A) ជិត​ដល់​ទី​រួម​ខេត្ត​កំពង់ធំ ប្រជាពលរដ្ឋ​នៅ​ភូមិ​សំណាក ឃុំ​កកោះ ជាច្រើន​គ្រួសារ នាំ​គ្នា​ចាប់​យក​មុខ​របរ​ចម្លាក់​ថ្មភក់ ដើម្បី​ស្វែងរក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ជាច្រើន​ឆ្នាំ​មក​ហើយ ពីព្រោះ​មុខ​របរ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ភូមិ​រួច​ផុត​ពី​ការ​ធ្វើ​ចំណាក​ស្រុក។

ការ​ប្រកប​មុខ​របរ​នេះ មិន​ត្រឹម​តែ​ជា​មុខ​របរ​ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​ប៉ុណ្ណោះ​ទេ តែ​ជា​មុខ​របរ​ដែល​បន្សល់​ទុក​ពី​ជីដូន​ជីតា​ជំនាន់​មុន និង​ធ្វើ​ឲ្យ​ពួក​គាត់​ក្លាយ​ជា​អ្នក​បន្ត​វេន​នូវ​ស្នាដៃ​ខ្មែរ​សម័យ​ដើម​ពី​របៀប​ចម្លាក់​ថ្ម​ទាំង​នោះ​ថែម​ទៀត។

ប្រជាពលរដ្ឋ​នៅ​ភូមិ​សំណាក លោក ទេព ធាន មាន​ប្រសាសន៍​ថា លោក​ចាប់​យក​មុខ​របរ​ចម្លាក់​ថ្ម​ជាង ១០​ឆ្នាំ​មក​ហើយ។ លោក​ថា មុខ​របរ​នេះ​មាន​ចំណុច​ខ្លះ​ពិបាក ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ពួក​គាត់​អាច​រក​ប្រាក់​ចំណូល​ដោយ​មិន​ចាំបាច់​ចំណាក​ស្រុក។ លោក​រីករាយ​នឹង​ចាប់​យក​មុខ​របរ​នេះ ដ្បិត​ជា​មុខ​របរ​ប្រចាំ​ត្រកូល​របស់​គ្រួសារ ម្យ៉ាង​ក៏​ជា​ការ​រួម​ចំណែក​ថែ​រក្សា​ស្នាដៃ​បុព្វបុរស​ខ្មែរ ជាដើម៖ «បាទ! រាល់​ថ្ងៃ ខ្ញុំ​ពេញ​ចិត្ត​នឹង​មុខ​របរ​ហ្នឹង​មែន​ទែន ព្រោះ​យើង​មាន​បុព្វបុរស​ខ្មែរ​ពី​មុន​មក»

ចម្លាក់​ថ្ម​ដែល​ពលរដ្ឋ​ឆ្លាក់ រួម​មាន រូប​ព្រះពុទ្ធ រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ រូប​សំណាក​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត រូប​ព្រះ​នារាយណ៍ និង​រូប​សត្វ​មួយ​ចំនួន​ផង។ ថ្ម​ទាំង​នោះ​ជា​ប្រភេទ​ថ្ម​ភក់ ដែល​ពលរដ្ឋ​នាំ​គ្នា​ទិញ និង​ដឹក​ជញ្ជូន​មក​ពី​ខេត្ត​ព្រះវិហារ។ រូប​ទាំង​នោះ​មាន​តម្លៃ​ចន្លោះ​ពី ១០​ដុល្លារ​រហូត​ជាង ២​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក អាស្រ័យ​ទៅ​ទំហំ​រូប​សំណាក​នីមួយៗ ហើយ​ផល​ចំណេញ​ក៏​អាស្រ័យ​ទៅ​លើ​ទំហំ​រូប​នីមួយៗ​ដែរ។

«សំឡេង​ឆាប​ថ្ម»

ពលរដ្ឋ​មួយ​រូប​ទៀត លោក ហាយ ពេជ្រ ឲ្យ​ដឹង​ថា មុខ​របរ​ចម្លាក់​ថ្ម គឺ​រួម​ចំណែក​បង្កើត​ការងារ​នៅ​ក្នុង​ភូមិ-ស្រុក ដោយ​មិន​ចាំបាច់​ទៅ​ស្វែងរក​ការងារ​នៅ​ក្រៅ​ស្រុក។ លោក​ថា ដំបូង​ឡើយ មុខ​របរ​នេះ​ពិបាក​បន្តិច ព្រោះ​ត្រូវ​ទៅ​ដឹក​ជញ្ជូន​ថ្ម​ពី​ខេត្ត​ព្រះវិហារ ដោយ​ខ្លួន​ឯង ប៉ុន្តែ​បច្ចុប្បន្ន ម្ចាស់​ថ្ម​គេ​ដឹក​មក​ឲ្យ​ដល់​កន្លែង​តែ​ម្តង។ លោក​បន្ត​ថា ប្រសិន​បើ​គ្មាន​មុខ​របរ​នេះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ ត្រូវ​ចំណាក​ស្រុក​ជាក់​ជា​មិន​ខាន​ឡើយ៖ «បាទ! ពិបាក ព្រោះ​នៅ​ក្នុង​ភូមិ​នេះ ប្រសិន​បើ​មិន​ធ្វើ​ការងារ​នេះ នឹង​ត្រូវ​ទៅ​ថៃ ទាំង​ស្រី​ទាំង​ប្រុស។ បើ​គេ​ស៊ូ គេ​នៅ​ទីនេះ ប៉ុន្តែ​បើ​មិន​ស៊ូ គឺ​គេ​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ»

រូប​ចម្លាក់​ថ្ម​នីមួយៗ​ធ្វើ​ទៅ​បាន គឺ​អាស្រ័យ​លើ​អតិថិជន​តម្រូវ​ឲ្យ​ធ្វើ ឬ​កុម្ម៉ង់ ពីព្រោះ​ពលរដ្ឋ​ទាំង​នោះ​មិន​អាច​ធ្វើ​ទុក​បាន​ទេ ពិសេស​រូប​សំណាក​មាន​ទំហំ​ធំៗ។ រូប​សំណាក​ទាំងឡាយ ត្រូវ​បាន​អតិថិជន​ទិញ​យក​ទៅ​ដាក់​នៅ​តាម​វត្ត​អារាម រួម​មាន ព្រះវិហារ ឬ​សាលា​បុណ្យ ជាដើម។ ទោះ​បី​ជា​មុខ​របរ​មួយ​នេះ​ជួយ​ឲ្យ​ម្ចាស់​សិប្បកម្ម​មាន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​ក៏ដោយ ប៉ុន្តែ​ពួក​គេ​ត្រូវ​ចំណាយ​ច្រើន​គួរ​សម​ដែរ ដូចជា​ទិញ​ថ្ម ជួល​កម្មករ ហើយ​ពេល​ខ្លះ ពួក​គាត់​អាច​ប្រឈម​ការ​ខាតបង់​ក៏​មាន។ ចំណូល​ជា​មធ្យម​សម្រាប់​ពលរដ្ឋ​ទាំង​នោះ អាច​ទទួល​បាន​ពី​ជាង ១​លាន​រៀល ទៅ ២​លាន​រៀល ហើយ​ពេល​ខ្លះ ពួក​គាត់​ខ្វះ​ដើម​ទុន​ដោយសារ​បង្វិល​ប្រាក់​មិន​ទាន់ ដែល​ទាមទារ​ឲ្យ​ម្ចាស់​សិប្បកម្ម​មួយ​ចំនួន ខ្ចី​បុល​ប្រាក់​ឯកជន ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ជាដើម។

មេ​ឃុំ​កកោះ លោក តែម ថន មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ភូមិ​ទាំង​១០ ក្នុង​ឃុំ​មួយ​នេះ គឺ​មាន​តែ​ពលរដ្ឋ​នៅ​ភូមិ​សំណាក ប្រមាណ ៣០​គ្រួសារ​ទេ​ដែល​នាំ​គ្នា​ប្រកប​របរ​ចម្លាក់​ថ្ម។ លោក​បន្ត​ថា មុខ​របរ​ចម្លាក់​ថ្ម អាច​ផ្តល់​ប្រាក់​ចំណូល​ដល់​អ្នក​ភូមិ​ទាំង​នោះ ប៉ុន្តែ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ព្រម​ទាំង​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ខ្លះ​ដែរ។ ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​ទាំង​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ណែនាំ និង​រិះរក​វិធី​ធ្វើ​យ៉ាង​ណា ប្រាប់​ទៅ​អ្នក​ភូមិ​ឲ្យ​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ទាំង​នោះ៖ «បើ​ធ្វើ​ទៅ​ហើយ ត្រូវ​មាន​ចម្ងាយ ១៥​ម៉ែត្រ​ពី​ថ្នល់​ជាតិ។ ទី​ពីរ ត្រូវ​មាន​ពាក់​ម៉ាស់​អី​ដើម្បី​ការងារ​ខ្លួន​ឯង ឬ​កម្មករ។ ទី​បី ត្រូវ​គិត​ពី​អ្នក​ជិត​ខាង​ផង»

ដោយឡែក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពង់ធំ លោក ប្លោក ចន្ទរដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ មេសា ថា លោក​គាំទ្រ​មុខ​របរ​ចម្លាក់​ថ្ម​របស់​ពលរដ្ឋ​ទាំង​នោះ ពីព្រោះ​អាច​ជួយ​បង្កើត​ការងារ ព្រម​ទាំង​ប្រាក់​ចំណូល​ជូន​អ្នក​ភូមិ​បាន។ ចំណែក​ផល​ប៉ះពាល់​ខ្លះ​នោះ ខាង​មន្ទីរ តែង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ទប់ស្កាត់​តាម​រយៈ​ពាក់​ម៉ាស់ ឬ​កន្សែង និង​សម្លៀកបំពាក់​ឲ្យ​បាន​ត្រឹមត្រូវ៖ «ការងារ​របស់​គាត់ គឺ​ល្អ អាច​បង្កើន​ជីវភាព និង​កាត់​បន្ថយ​ការ​ចំណាក​ស្រុក»

កម្មករ​ចម្លាក់​ថ្ម​នៅ​ភូមិ​សំណាក លោក វ៉ន រុណ និយាយ​ថា លោក​សុខ​ចិត្ត​ធ្វើ​ការងារ​នៅ​ក្នុង​ស្រុក​កំណើត ដោយ​មិន​ចង់​ការងារ​ចំណាក​ស្រុក​ឡើយ ពីព្រោះ​ខ្លាច​មិន​មាន​ប្រាក់​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ លោក​បញ្ជាក់​ថា កន្លង​ទៅ លោក​ធ្លាប់​ទៅ​ធ្វើ​ការងារ​នៅ​ស្រុក​ថៃ ម្តង​រួច​ហើយ ប៉ុន្តែ​ចុង​ក្រោយ ថៅកែ​មិន​បាន​បើក​ប្រាក់​ខែ​ជូន ទើប​លោក​សម្រេច​មក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​កំណើត។

ជាមួយ​គ្នា​នេះ ម្ចាស់​សិប្បកម្ម​ចម្លាក់​ថ្ម​ភក់​នៅ​ភូមិ​សំណាក តាំង​ចិត្ត​ថា នឹង​បន្ត​មុខ​របរ ព្រម​ទាំង​ស្នាដៃ​ដូនតា​ខ្មែរ​មួយ​នេះ​ត​កូន​ត​ចៅ​រហូត​ទៅ ដរាប​ណា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​គាំទ្រ​ស្នាដៃ​របស់​ពួក​គាត់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។