អ្នកបើកឡានដឹកដីនៅខេត្តកណ្ដាល ចោទប្រកាន់ថា ទាហាននៅក្នុងខេត្តនេះ យកឡានអង្គភាពដឹកដីលក់បម្រើប្រយោជន៍បុគ្គល ហើយថែមទាំងដឹកលើសចំណុះទៀតផងដែរ។ ក្រោយការចោទប្រកាន់នេះ មន្ត្រីប៉ូលិសជាន់ខ្ពស់ថា នឹងស៊ើបអង្កេតករណីនេះដើម្បីឈានទៅដល់ការចាត់វិធានការ។
ម្ចាស់ឡានដឹកដីម្នាក់ លោក ប៊ុន ចាន់ត្រា ដែលត្រូវសមត្ថកិច្ចផាកពិន័យឲ្យដឹងថា មូលហេតុម្ចាស់ឡានឯកជន និងលោកផ្ទាល់ដឹកដីលើសចំណុះ ព្រោះរថយន្តរបស់យោធាដឹកដីលើសចំណុះ ប៉ុន្តែគ្មានសមត្ថកិច្ចណាហាមឃាត់។ លោកចោទប្រកាន់ថា មន្ត្រីយោធាជាន់ខ្ពស់មួយចំនួនយកឡានយោធាដឹកដីលក់បម្រើប្រយោជន៍ផ្ទាល់ខ្លួន៖ «ឡានទាហានដឹកជញ្ជូនដីទៅមកគាត់មិនមែនបម្រើជាតិទេ ទៅបន្ទាយអីទេ គាត់បម្រើប្រយោជន៍ផ្ទាល់ខ្លួន អ៊ីចឹងគាត់ដឹកសំពីងសំពោងយ៉ាងម៉េចក៏បានដែរ»។
ការចោទប្រកាន់របស់ពលរដ្ឋដែលជាអ្នកបើកឡានដឹកដីពេលនេះ បន្ទាប់ពីសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឡានដឹកដីក្នុងគោលដៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សកម្មភាពឆ្មក់ចាប់ឡានដឹកដីនៅថ្ងៃទី០៣ ខែឧសភា ក្រសួងរ៉ែ និងថាមពល សហការជាមួយមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ។ រថយន្តដែលដឹកដី ដឹកថ្ម ដឹកខ្សាច់ លើសចំណុះ បានដាក់ខ្ពស់ជាងទ្រុងឡាន គ្មានស្បៃគ្របត្រឹមត្រូវ។ សមត្ថកិច្ចតម្រូវឲ្យពួកគេកាយដី កាយខ្សាច់ ឬថ្ម ចេញដាក់ឲ្យស្មើទ្រុងឡាន ទើបអនុញ្ញាតឲ្យចេញពីកន្លែងពិន័យ។
លោកឧត្ដមសេនីយ៍ទោស ទី ឡុង អនុប្រធាននាយករដ្ឋនគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ថ្លែងថា ប្រសិនបើឡានយោធាដឹកដីបម្រើផលប្រយោជន៍បុគ្គល មិនបម្រើអង្គភាព ហើយត្រូវសមត្ថកិច្ចរកឃើញ នោះនឹងត្រូវបញ្ជូនសំណុំរឿងនេះទៅក្រសួងការពារជាតិ ដើម្បីធ្វើតាមនីតិវិធីបន្ត៖ «បើសិនជាយើងស្រាវជ្រាវទៅឡានហ្នឹងនៅក្នុងក្រសួងការពារជាតិ យើងប្រគល់ទៅក្រសួងការពារជាតិ ព្រោះយើងត្រូវពិនិត្យតែលក្ខណៈបច្ចេកទេសទេ»។
ក្រុមពលរដ្ឋជាម្ចាស់ឡានដឹកដីថា ប៉ូលិសថ្នាក់ក្រោមតែងតែចុះយកលុយពីពួកគេក្នុងឡានមួយគ្រឿង ១០.០០០រៀល ក្នុងមួយថ្ងៃជាប្រចាំ ជាថ្នូរនៃការដឹកដីសំពីងសំពោង ឬលើសចំណុះ។
យោធាបើកឡានដឹកលើសចំណុះម្នាក់ ដែលវិទ្យុអាស៊ីសេរី សុំមិនបង្ហាញឈ្មោះ និងអង្គភាព ទទួលស្គាល់ថា ឡានដឹកដីរបស់យោធាភាគច្រើនដឹកដីច្រើនលើសចំណុះមែន។ លោកថា មានខ្លះដឹកបម្រើកងពល ហើយក៏មានឡានផ្សេងទៀតដឹកដីលក់ទៅឲ្យឯកជនដែរ៖ «បើគេចោទការឡានទាហានដឹកច្រើន គឺត្រឹមត្រូវមែន ប៉ុន្តែសម្រាប់ឡានខ្ញុំ អត់បានដឹកច្រើនដូចគេទេ ខ្ញុំគ្រាន់តែសំណូមពរថា បើអនុវត្តធ្វើឲ្យបានរាល់ថ្ងៃទៅ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានទេ នៅថ្ងៃទី០៣ ខែឧសភា។ នៅក្នុងស្រុកកណ្ដាល ឃើញមានអង្គភាពយោធាពីរនៅទីនោះ គឺបន្ទាយ៩៩ និងអង្គភាពលេខង៧០។ ពលរដ្ឋស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច រឹតបន្តឹងឲ្យស្នើភាពគ្នារវាងឡានដឹកដីពលរដ្ឋធម្មតា និងឡានដឹកដីរបស់យោធា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
