រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឲ្យអភិបាលខេត្តស្ទឹងត្រែង ដែលទើបតែងតាំងថ្មី ពង្រឹងយន្តការទប់ស្កាត់បទល្មើសព្រៃឈើ គ្រឿងញៀន និងចោរកម្ម។ ការលើកឡើងនេះ ក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្ត លោក មុំ សារឿន ឲ្យទទួលតួនាទីជាអភិបាលខេត្តថ្មីជំនួសអភិបាលខេត្តបច្ចុប្បន្ន លោក កុល សំអុល នៅថ្ងៃទី២៩ ធ្នូ។
លោក ស ខេង បញ្ជាក់ថា អភិបាលខេត្តថ្មីត្រូវទទួលខុសត្រូវចំពោះកាតព្វកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងប្រជាពលរដ្ឋទូទៅ ដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីធានាដល់ការរស់នៅរបស់ពលរដ្ឋ។
ជុំវិញបញ្ហានេះ អភិបាលថ្មីនៃខេត្តស្ទឹងត្រែង លោក មុំ សារឿន ប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងរកមធ្យោបាយធានាឲ្យបាននូវស្ថិរភាពសង្គម និងជំរុញឲ្យមានការផ្តល់សេវាសាធារណៈលើគ្រប់វិស័យ។ លោកអះអាងថា នឹងយកចិត្តទុកដាក់សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ជាមួយភាគីពាក់ព័ន្ធ ដូចជាសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន ដើម្បីធានាឲ្យបានកំណើនសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ៖ «បន្តទំនាក់ទំនងប្រពៃណី និងសហប្រតិបត្តិការល្អជាមួយបណ្ដាខេត្តជិតខាង ពិសេសប្រទេសឡាវ ដើម្បីពង្រឹងបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់អំពើភេរវកម្ម បទល្មើស និងឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ»។
ចំណែកពលរដ្ឋខេត្តស្ទឹងត្រែង ស្នើឲ្យអភិបាលខេត្តរូបនេះ យកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើ លើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ផ្តល់ទីកន្លែងលក់ដូរដល់ក្រុមអាជីវករផ្សារត្រីបន្លែនៅទីប្រជុំ ដោះស្រាយទំនាស់ដីធ្លី និងបញ្ហាសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពពួកគាត់ឲ្យប្រសើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
