គ្រូបង្គោលនៃកម្មវិធីត្រៀមបម្រុងឆ្លើយតបនឹងគ្រោះអាសន្ននៅតាមសាលារៀន មកពីខេត្តចំនួនបួន គឺកំពង់ឆ្នាំង កំពង់ចាម ពោធិ៍សាត់ និងខេត្តព្រះវិហារ បានជួបគ្នានៅខេត្តកំពង់ឆ្នាំង។
ក្រុមគ្រូបង្គោលទាំងនោះ ជួបជុំគ្នាដើម្បីទទួលយកចំណេះដឹង និងបច្ចេកទេសបង្ការគ្រោះមហន្តរាយនៅតាមសាលារៀន តាមរយៈការបង្កើតផែនការសង្គ្រោះកុមារ ឬបង្កើតគណៈកម្មការបង្ការគ្រោះធម្មជាតិប្រចាំសាលា។
អង្គការ សេវ ឌឹ ឆិលដ្រិន (Save the Children) បានរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ស្ដីពីការរៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន និងការប្រារព្ធទិវាកាត់បន្ថយគ្រោះមហន្តរាយនៅតាមសាលារៀន។ សិក្ខាកាមដែលជាមន្ត្រីរាជការ សម្ដែងការពេញចិត្តចំពោះវគ្គបណ្ដុះបណ្ដាលនេះ ហើយត្រៀមយកចំណេះដឹងទៅអនុវត្តក្នុងខេត្តរបស់ខ្លួន។
នាយកប្រតិបត្តិកម្មវិធី នៃអង្គការ សេវ ឌឹ ឆិលដ្រិន លោក ម៉ូត សាណា មានប្រសាសន៍ថា គម្រោងនេះនឹងអនុវត្តលើខេត្តចំនួន៤ ដែលធ្លាប់រងគ្រោះដោយព្យុះកេតសាណា និងគ្រោះទឹកជំនន់ញឹកញាប់។ លោកថា សុវត្ថិភាពសិស្សសាលា គឺជាការណែនាំរបស់ក្រសួងអប់រំ។ ដូច្នេះ អង្គការលោកបានរៀបចំវគ្គបណ្ដុះបណ្ដាលដូចគ្នានេះច្រើនដងនៅថ្នាក់ជាតិ ហើយទើបឈានមករៀបចំនៅខេត្តកំពង់ឆ្នាំង៖ «គោលបំណងរបស់កម្មវិធីនេះ គឺចង់បង្កើនចំណេះដឹងថា នៅពេលដែលយើងមានផែនការនេះហើយ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង សាលានៅតែដំណើរការ។ នៅក្នុងនោះ លោកគ្រូអ្នកគ្រូ និងសហគមន៍ ត្រូវរួមគ្នាដើម្បីបង្កើតជាកន្លែងរៀនបណ្ដោះអាសន្ន។ នៅក្នុងនោះទាក់ទងនឹងវិស័យអប់រំ អង្គការ សេវ ឌឹ ឆិលដ្រិន បានបង្រៀនបន្ថែមទៀតនូវបច្ចេកទេស ដែលហៅថា បង្រៀនយកកុមារជាគោល»។
លោកបញ្ជាក់ថា ក្រៅពីផ្ដល់បច្ចេកទេសគ្រប់គ្រងគ្រោះមហន្តរាយនៅតាមសាលាដល់មន្ត្រីអប់រំ និងតំណាងសហគមន៍ អង្គការក៏នឹងទំនុកបម្រុងសម្ភារៈខ្លះ ដើម្បីអនុវត្តផ្ទាល់នៅតាមសាលានីមួយៗដែរ។
គណៈអធិបតីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនាថ្ងៃចុងក្រោយ និងជាអនុប្រធានការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំខេត្តកំពង់ឆ្នាំង លោក គង់ សាវឿន ថ្លែងស្វាគមន៍ចំពោះផែនការបង្ការគ្រោះអាសន្នចំពោះសិស្ស ព្រោះគម្រោងនេះបានផ្ដោតពីសុវត្ថិភាពទូទៅរបស់សិស្ស ដែលរាប់ទាំងករណីបាក់មែកឈើសង្កត់លើសិស្ស ឬក្មេងទំនើងចូលវាយសិស្សក្នុងសាលា ជាដើម។ លោករំឭកថា នៅទូទាំងខេត្តមានសាលាបឋមសិក្សាចំនួន ២៧៣កន្លែង ហើយសាលាខ្លះក៏ធ្លាប់មានបញ្ហាទាំងនេះដែរ៖ «ដូចកាលពីឆ្នាំ២០១១ នៅសាលាបឋមសិក្សាខ្សាម និងសាលាបឋមសិក្សាសំរោង បានលិចដោយគ្រោះទឹកជំនន់ទន្លេសាប បណ្ដាលឲ្យរលំដើមឈើ លិចបន្ទប់រៀនបណ្ដាលទទឹកសម្ភារៈសិក្សា និងសៀវភៅគ្រូជាដើម»។
ចំណែកសិក្ខាកាមម្នាក់មកពីខេត្តពោធិ៍សាត់ និងជាប្រធានការិយាល័យអធិការកិច្ចនៃមន្ទីរអប់រំខេត្តពោធិ៍សាត់ លោក អេង គឹមហួយ ថ្លែងថា វិធីបង្ការគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះអាសន្នផ្សេងទៀត រូបលោកបានយល់ដឹងបន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលនេះ។ លោកថា ចាប់ពីឆ្នាំ២០១៥ ទៅលោកនឹងផ្សព្វផ្សាយ និងចាត់ចែងឲ្យគ្រប់សាលាដែលធ្លាប់រងគ្រោះ អនុវត្តគម្រោងនេះ៖ «ក្រោយសិក្ខាសាលានេះតទៅ សាលានៅពោធិ៍សាត់ ឲ្យមានគម្រោងនេះ។ លោក ជិន ជេដ្ឋា៖ យើងធ្វើម៉េចបានអាចរៀបចំបានទៅ? វាអត់លំបាកទេ ដោយសារមន្ទីរមានការិយាល័យអប់រំស្រុក អ៊ីចឹងយើងអញ្ជើញមន្ត្រីការិយាល័យស្រុកមកប្រជុំអាណត្តិ និងបង្ហាញផែនការពីនេះទៅមួយឲ្យជាគំរូ ហើយមន្ត្រីអប់រំស្រុកអញ្ជើញនាយកសាលាក្រោមឱវាទទាំងអស់ ដោយយកអាសៀវភៅហ្នឹងទៅមើល ហើយមន្ទីរ និងការិយាល័យស្រុកទៅជួយរៀបចំគាត់»។
អង្គការ សេវ ឌឹ ឆិលដ្រិន បានប្រើពាក្យស្លោកនៅលើអាវយឺត ដែលចែកជូនសិក្ខាកាម និងតំណាងសហគមន៍មកពីខេត្តទាំងបួនថា សុវត្ថិភាពក្នុងសាលារៀន និងសហគមន៍ គឺជាសុវត្ថិភាពរបស់កុមារ។ រយៈពេលបួនថ្ងៃនៃវគ្គបណ្ដុះបណ្ដាលនៅក្នុងខេត្តកំពង់ឆ្នាំង សិក្ខាកាម និងគណៈគ្រប់គ្រងសាលាបឋមសិក្សាអារញ្ញ បានព្រាងសៀវភៅមួយក្បាលកម្រាស់ ៤៤ទំព័រ ស្ដីពីផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ននៅតាមសាលារៀន សម្រាប់អនុម័តប្រើប្រាស់ក្នុងសាលាផង និងធ្វើជាគំរូដល់សាលានៅតាមបណ្ដាខេត្តដទៃទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
