ពលរដ្ឋឃុំរូង និងឃុំច័ន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ជញ្ជីងទិញដំឡូងនៅលើទឹកដីខ្មែរក្បែរព្រំដែនវៀតណាម គឺបង្កភាពរញ៉េរញ៉ៃ។ ចំណែករថយន្តដឹកដំឡូងចូលលក់នៅកន្លែងជញ្ជីងនោះ គឺបង្កការរំខានដល់ពួកគាត់។ យ៉ាងណា អាជ្ញាធរបញ្ជាក់ថា អាជ្ញាធរទើបទទួលបានពាក្យបណ្ដឹងពីពលរដ្ឋ ហើយនឹងប្រជុំដោះស្រាយលើបញ្ហានេះ។
ពលរដ្ឋសង្កេតឃើញថា បច្ចុប្បន្នមានជនជាតិវៀតណាម កាន់តែច្រើនដែលមកបោះទីតាំងជួលជញ្ជីងទិញដំឡូងនៅលើដីខ្មែរ នៅឃុំរូង និងឃុំច័ន្ទមូល ក្នុងស្រុកមេមត់ ក្បែរព្រំដែនវៀតណាម។ ពលរដ្ឋថា ឡានដឹកដំឡូងចូលទៅលក់នៅកន្លែងស្ថានីយជញ្ជីង បង្កការរំខានដល់ពួកគាត់ និងធ្វើឲ្យតម្លៃដំឡូងធ្លាក់ថ្លៃ ខុសប្លែកពីពេលដែលពលរដ្ឋកម្ពុជា យកទៅលក់នៅក្នុងប្រទេសវៀតណាម។
ពលរដ្ឋនៅភូមិសូទៃ ឃុំរូង លោក មឿន មុំ ឲ្យដឹងថា ឈ្មួញវៀតណាម សហការដាក់ជញ្ជីងខ្នាតធំៗនៅលើដីខ្មែរ ហើយពេលរថយន្តដឹកដំឡូងចូលទៅលក់កន្លែងជញ្ជីងម្តងៗ គឺធ្វើឲ្យដីហុយលើពលរដ្ឋនៅតាមដងផ្លូវ និងធ្វើឲ្យពួកគាត់សម្រាន្តមិនលក់។ លើសពីនេះទៀតលោកថា ការមកដាក់ជញ្ជីងនៅក្នុងដីខ្មែរ គឺបណ្ដាលឲ្យពលរដ្ឋវៀតណាម កាន់តែច្រើនចូលមករស់នៅរញ៉េរញ៉ៃ៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់បង! ខ្ញុំមិនចង់ឲ្យប្រជាជនខ្មែរ និងយួន រស់នៅច្របូកច្របល់គ្នា ព្រោះខ្លាចអសន្តិសុខ»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀត លោក ឈឿន ធឿន ឲ្យដឹងថា កាលពីពេលកន្លងទៅ លោកបានដើរប្រមូលស្នាមមេដៃពលរដ្ឋនៅក្បែរកន្លែងស្ថានីយជញ្ជីងទទួលទិញដំឡូងនោះ ដើម្បីសុំកិច្ចអន្តរាគមន៍ទៅស្ថាប័នខាងលើឲ្យជួយដោះស្រាយលើបញ្ហានេះ ប៉ុន្តែត្រូវទទួលការគំរាមកំហែងពីជនអនាមិកតាមទូរស័ព្ទឲ្យបញ្ឈប់សកម្មភាពខ្លួន។ លោកចង់ឲ្យឈ្មួញវៀតណាម ទាំងនោះដកទៅទិញដំឡូងនៅកន្លែងដើមវិញ ពោលគឺនៅលើទឹកដីខ្លួន ជៀសវាងបង្កផលប៉ះពាល់ដល់ពលរដ្ឋខ្មែរ។
ទាក់ទងបញ្ហានេះ ថៅកែទិញដំឡូងដែលពលរដ្ឋអះអាងថាជាជនជាតិវៀតណាម មួយរូប នៅឃុំរូង ដែលមានប្រពន្ធនិយាយខ្មែរមិនច្បាស់ សុំមិនប្រាប់ឈ្មោះឲ្យដឹងថា លោកគ្រាន់តែជាអ្នកទិញដំឡូងប៉ុណ្ណោះ ចំណែកម្ចាស់ជញ្ជីង គឺជាជនជាតិខ្មែរផ្សេង។ លោកបន្តថា ការទិញដំឡូងនៅលើទឹកដីខ្មែរនោះ គឺមិនបណ្ដាលឲ្យប៉ះពាល់ដល់ពលរដ្ឋខ្មែរឡើយ ពីព្រោះឡានដំឡូងដឹកចូលពេលថ្ងៃ ហើយការអនុញ្ញាតឲ្យដាក់ជញ្ជីងថ្លឹង គឺអាជ្ញាធរជាអ្នកសម្រេច។ ប្រភពដដែលឲ្យដឹងថា ចំពោះតម្លៃដំឡូងធ្លាក់ចុះ គឺមិនមែនដោយសារតែមានជញ្ជីងនៅលើដីខ្មែរទេ៖ «ចង់ទៅលក់នៅលក់ទៅអត់មានពីណាទៅកាក់ជញ្ជីងកាក់ដំឡូងទិញទេ ស្រេចតែពេញចិត្តទេ ព្រោះជញ្ជីងមានច្រើន»។
យ៉ាងណា មេឃុំរូង លោក ឈន យ៉ន មានប្រសាសន៍ថា ការស្នើសុំដាក់ជញ្ជីងដំបូង គឺពលរដ្ឋខ្មែរជាអ្នកស្នើសុំ ប៉ុន្តែអាចសហការជាមួយឈ្មួញវៀតណាម ពីព្រោះអ្នកទិញដំឡូង គឺជនជាតិវៀតណាម ចំណែកម្ចាស់ដី គឺជាខ្មែរ។ លោកបន្តថា លោកបានទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋកាលពីថ្ងៃទី២៤ ធ្នូ ហើយគ្រោងនឹងប្រជុំគ្នាដោះស្រាយលើបញ្ហារបស់ពួកគាត់នៅថ្ងៃទី២៦ ធ្នូ។ លោកបញ្ជាក់ថា នឹងសហការជាមួយសមត្ថកិច្ច ចំពោះករណីដែលជនជាតិវៀតណាម ចូលមករកស៊ី ហើយស្នាក់អាស្រ័យលើដីខ្មែរដោយខុសច្បាប់៖ «អ៊ីចឹង! បន្ទាប់ពីយើងទទួលបានពាក្យបណ្ដឹងហើយ យើងនឹងប្រជុំក្រុមប្រឹក្សាឃុំ ហើយនឹងសាកសួរទៅសមត្ថកិច្ច។ យើងមិនចង់ឲ្យមានការស្នាក់នៅលើទឹកដីយើងបង វាមិនត្រូវទេ»។
លោកបន្ថែមថា កន្លងមក ជញ្ជីងថ្លឹងដំឡូង គឺមាននៅក្នុងទឹកដីវៀតណាម ប៉ុន្តែអាចដោយសារខ្មែរចង់រកស៊ី ក៏ស្នើសុំឲ្យដាក់នៅខ្មែរវិញ។ ចំណែកការសម្រេចឲ្យដាក់យ៉ាងណានោះ គឺខាងស្រុក ឬខេត្តជាអ្នកសម្រេច។
បញ្ហានេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោក ស៊ូ យាន មានប្រសាសន៍ថា គឺជារឿងមិនត្រឹមត្រូវដែលអាជ្ញាធរចេះតែបណ្ដោយឲ្យជនជាតិវៀតណាម ចូលមករកស៊ីដោយសេរីនៅលើដីខ្មែរ៖ «ការដែលជនជាតិយួន មកឆ្នោតលក់សាច់លក់ច្រើនណាស់ គឺជាការរំខានដល់មុខរបរពលរដ្ឋនៅស្រុកខ្មែរផង ហើយអាចជាអ្នកស៊ើបការសម្ងាត់នៅក្នុងស្រុករបស់យើង»។
លោកចង់ឲ្យរាជរដ្ឋាភិបាល អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង និងមានផែនការច្បាស់លាស់ចំពោះជនជាតិបរទេស ជៀសវាងធ្វើឲ្យពលរដ្ឋខ្មែរបាត់បង់មុខរបរ ហើយចេះតែចំណាកស្រុកទៅប្រទេសផ្សេងៗទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
