នាយក​សាលា​នៅ​ខេត្ត​ព្រៃវែង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

អាណាព្យាបាល​សិស្ស​នៅ​ស្រុក​ពាមរ ខេត្ត​ព្រៃវែង អះអាង​ថា នាយក​សាលា​បឋម​សិក្សា​ព្រៃខ្លា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ តាម​រយៈ​តម្រូវ​ឲ្យ​សិស្ស​ថ្នាក់​ទី​៦ ផ្ទេរ​ចេញ​ទៅ​រៀន​ថ្នាក់​ទី​៧ ឆ្នាំ​សិក្សា​២០១៣-២០១៤ ដោយ​បង់​ប្រាក់​ពី ១៥​ម៉ឺន ទៅ ២០​ម៉ឺន​រៀល​ក្នុង​សិស្ស​ម្នាក់។ បើ​សិស្ស​ណា​គ្មាន​លុយ​បង់​ទេ សិស្ស​នោះ​នឹង​មិន​បាន​ឡើង​ថ្នាក់​ឡើយ។ ប៉ុន្តែ នាយក​សាលា​បឋម​សិក្សា​ច្រានចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

0:00 / 0:00

អាណាព្យាបាល​សិស្ស​បាន​ត្អូញត្អែរ​ថា នាយក​សាលា​អាង​ខ្នង​ក្រាស់ បាន​យក​អំណាច​សម្លុត​គំរាម​ពួក​គាត់​មិន​ឲ្យ​នាំ​រឿង​បង្គាប់​សិស្ស​បង់​ប្រាក់​នោះ និយាយ​ចេញ​ទៅ​ខាង​ក្រៅ។

អាណាព្យាបាល​សិស្ស​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ រស់​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រែកកណ្ដៀង ស្រុក​ពាមរ មាន​ប្រសាសន៍​ទាំង​ក្ដី​បារម្ភ​ក្នុង​ខ្លួន នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ថា ខ្លួន​ជា​ប្រជាពលរដ្ឋ​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច។ បើ​ទោះ​ណា​ក្រ​គ្មាន​ប្រាក់​ក្ដី ដើម្បី​ឲ្យ​កូន​បាន​រៀន​ចេះ​ដឹង​នឹង​គេ ក៏​បាន​ដាច់​ចិត្ត​ទៅ​អង្វរ​នាយក​សាលា ដើម្បី​ឲ្យ​កូន​បាន​ទៅ​ចូល​រៀន​ថ្នាក់​ទី​៧ ក្នុង​ឆ្នាំ​ថ្មី​នេះ។ ប៉ុន្តែ នាយក​សាលា​នៅ​តែ​រឹងរូស​បង្គាប់​ឲ្យ​ខ្លួន​បង់​ប្រាក់​ផ្ទេរ​ឈ្មោះ​ឲ្យ​កូន​ដដែល៖ «ដល់​ខ្ញុំ​ទៅ គាត់​ថា​បាន ប៉ុន្តែ​កោស​កាត​ឲ្យ​គាត់​ខ្លះ​ទៅ ថា​អ៊ីចឹង ហើយ​ថា​ហ៊ឺ​កោស​កាត​ហ្នឹង​ប៉ុន្មាន? ពួក​ហ្នឹង​គេ​ឲ្យ​ម្ភៃ​ម៉ឺន​ផង តែ​លោកគ្រូ​យក​តែ ១៥​ម៉ឺន តែ​គាត់​ថា​តែ​ប៉ុណ្ណឹង។ ចង​ការ​ប្រាក់​ពី​ប្រជាជន​គ្នា​ឯង​ហ្នឹង យក​លុយ​ទៅ​បង់​ឲ្យ​នាយក​សាលា​ហ្នឹង។ អ៊ីចឹង​បង​បង់​បាន​ប៉ុន្មាន​ហើយ? ខ្ញុំ​បាន ១៥​ម៉ឺន»

រីឯ​អាណាព្យាបាល​សិស្ស​ម្នាក់​ទៀត រស់​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រែកកណ្ដៀង បាន​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ​ថា នាយក​សាលា​បាន​តម្រូវ​ឲ្យ​សិស្ស​ថ្នាក់​ទី​៦ ផ្ទេរ​ចេញ​ទៅ​រៀន​ថ្នាក់​ទី​៧ បង់​ប្រាក់​គ្រប់​គ្នា។ ប្រសិន​បើ​សិស្ស​ណា​ពុំ​បាន​បង់​ប្រាក់ ១៥​ម៉ឺន​រៀល​ទៅ​ឲ្យ​នាយក​សាលា​ទេ​នោះ នឹង​ពុំ​អាច​ផ្ទេរ​ឈ្មោះ​បន្ត​ការ​សិក្សា​របស់​ខ្លួន​ទៅ​ថ្នាក់​ទី​៧ បាន​ឡើយ៖ «អង្កាល់​ពី​ដំបូង​មក ខ្ញុំ​ថា​ឈប់​ទៅ​កូន​អើយ ម៉ែ​គ្មាន​លុយ​បង់​ទេ រួច​ហើយ​កូន​ខ្ញុំ​ថា ឈប់​អី​ម៉ែ រៀន​កំពុង​តែ​ចូល ម៉ែ​ឯង​ទៅ​ចង​គេ​យក​ទៅ​បង់​គ្រូ​ទៅ កូន​បាន​ទៅ​នឹង​គេ។ រួច​ហើយ​ខ្ញុំ​ហ្នឹង​ក៏​ប្រឹង​ស្វះ​ស្វែង​បាន​លុយ​មក​ឲ្យ​កូន​បាន​ទៅ​រៀន​នឹង​គេ ហើយ​កូន​ខ្ញុំ​ក៏​អរ​ទៅ​បាន​ទៅ​រៀន។ អត់​មាន​បាន​សួរ​ផង គ្រាន់​ដឹង​បាន​ថា គេ​តម្រូវ​លុយៗ​អ៊ីចឹង ទាល់​តែ​បាន​លុយ​ឲ្យ​គេ​បាន​ឲ្យ​សិស្ស​ទៅ​ហ្នឹង»

ឪពុក​ម្ដាយ អាណាព្យាបាល​របស់​សិស្ស បន្ថែម​ថា នាយក​សាលា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យក​លុយ​ពី​សិស្ស​ដុះ​ស្លែ​យូរ​មក​ហើយ។ រហូត​ដល់​សិស្ស​ខ្លះ​បាន​សម្រេច​ចិត្ត​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​ត្រឹម​តែ​ថ្នាក់​ទី​៦ ក៏​មាន​ជា​ហូរហែ​ដែរ។ ការ​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៦ ព្រោះ​ដោយសារ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ពុំ​មាន​លទ្ធភាព​រក​ប្រាក់​បង់​ឲ្យ​នាយក​សាលា។

ឆ្លើយ​តម​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​សាលា​បឋម​សិក្សា​ព្រៃខ្លា លោក សៀន សាមៀត គូស​បញ្ជាក់​ថា លោក​ពុំ​បាន​គំរាម​ទារ​ប្រាក់​ផ្ទេរ​ឈ្មោះ​ពី​អាណាព្យាបាល​របស់​សិស្ស ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។ លោក​ថា ទិសដៅ​មុខ​ព្រួញ​សិស្ស​ដែល​រៀន​ចប់​ថ្នាក់​ទី​៦ ឡើង​ថ្នាក់​ទី​៧ តាម​គោលការណ៍ សិស្ស​នោះ​បើ​ទៅ​រៀន​បន្ត​នៅ​អនុវិទ្យាល័យ​ព្រែកកណ្ដៀង នោះ ពុំ​ចោទ​ជា​បញ្ហា​ទេ។ អាណាព្យាបាល​សិស្ស​ខ្លះ ពុំ​បាន​យល់ ហើយ​បាន​បញ្ជូន​កូន​ទៅ​រៀន​នៅ​អនុវិទ្យាល័យ​បារាយ ដែល​នាំ​ឲ្យ​មាន​ផល​លំបាក។ បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​អាណាព្យាបាល​របស់​សិស្ស​ខឹង​សម្បា ចោទ​ប្រកាន់​ថា នាយក​សាលា​មិន​បាន​អើពើ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​ពួក​គាត់។

លោក សៀន សាមៀត៖ «ខ្ញុំ​ដូច​ជា​គ្មាន​ទទួល​ថវិកា​ពី​នណា​ម្នាក់​សោះ ហើយ​បើ​សិន​ឪពុក​ម្ដាយ​ណា​ថា​ឲ្យ​លុយ​ខ្ញុំ ហៅ​គាត់​មក​ស្បថ​ហ្មង​ក៏​បាន​ដែរ។ តែ​បើ​ខ្លួន​គាត់​ទៅ​ថត​សំបុត្រ​កំណើត​សំបុត្រ​អី​នោះ យើង​យក​សំបុត្រ​កំណើត​ថត​ហ្វូតូកូពី ទៅ​ជូន​អនុវិទ្យាល័យ​បារាយ។ អា​ហ្នឹង​គាត់​ប្រើប្រាស់​លុយ​ជាមួយ​អ្នក​ណា ខ្ញុំ​អត់​ដឹង​ថា​គាត់​តម្រូវ​ម៉េច​អី​ម៉េច​ទេ។ គ្រាន់​តែ​ខ្ញុំ​តម្រូវ​សុំ​ទី​១ ត្រូវ​មាន​សំបុត្រ​កំណើត​ឲ្យ​ខ្ញុំ អា​នេះ​ជា​ភាសា​តឹង​តែ​របស់​ខ្ញុំ។ ទី​២ ឪពុក​ម្ដាយ​ហ្នឹង​ត្រូវ​ខ្ញុំ​ហ្វូតូ​ពាក្យ​សុំ​អី​ឲ្យ​ធ្វើ​ម៉េច​ឲ្យ​បាន​ពាក្យ​សុំ​ម៉ោ​ខ្ញុំ​ចារ​ពី​លើ​ថា សិស្ស​នេះ​ពិត​ជា​រៀន​នៅ​សាលា​ហ្នឹង ថ្នាក់​ទី​ឆ្នាំ​សិក្សា​២០១២-២០១៣​មែន»

យ៉ាង​ណា​ក៏ដោយ អាណាព្យាបាល​របស់​សិស្ស​បាន​បញ្ជាក់​ថា នាយក​សាលា​បឋម​សិក្សា​ព្រៃខ្លា ជា​មនុស្ស​មាន​អំណាច​ក្នុង​ភូមិ។ មិន​ថា​ឡើយ​តែ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដែល​ខ្លាច​គាត់ សូម្បី​ប្រធាន​ភូមិ​ក៏​មិន​ហ៊ាន​ហើប​ជាមួយ​លោក​នាយក​សាលា​នោះ​ដែរ។ ប្រជាពលរដ្ឋ​ទទូច​ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ចាត់​វិធាន​ការ​តាម​ដាន​បញ្ហា​នេះ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ខូច​អនាគត​ក្មេង​ដោយសារ​គ្មាន​ប្រាក់​បង់​ផ្ទេរ​ឈ្មោះ។

សិស្ស​ថ្នាក់​ទី​៦ នៅ​សាលា​បឋម​សិក្សា​ព្រៃខ្លា ដែល​ត្រូវ​ផ្ទេរ​ឈ្មោះ​ទៅ​រៀន​បន្ត​ថ្នាក់​ទី​៧ ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤ សរុប​ប្រមាណ​ជាង ២០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។