ឪពុក​ម្ដាយ​សិស្ស​ទាមទារ​សាលា​ភាសា​មួយ​នៅ​បាត់ដំបង​សង​ប្រាក់

ឪពុក​ម្ដាយ និង​អាណាព្យាបាល​សិស្ស​ជា​ច្រើន​នាក់ នៅ​ខេត្ត​បាត់ដំបង ទាមទារ​ឲ្យ​សាលា​បង្រៀន​ភាសា​ឯកជន​មួយ សង​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ពួក​គាត់​វិញ។ សាលា​ពិភព​ភាសា (World Language School) ជា​សាលា​ឯកជន​ថ្មី​មួយ​ដែល​ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ឡើយ។

0:00 / 0:00

សាលា​បង្រៀន​ភាសា​បរទេស​មួយ ដែល​មាន​ឈ្មោះ​ថា សាលា​ពិភព​ភាសា មាន​ទីតាំង​នៅ​ភូមិ​រំចេក៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បាន​បិទ​ទ្វារ​ឈប់​បង្រៀន​សិស្ស​កាល​ពី​ល្ងាច​ថ្ងៃ​ទី៥ ខែ​មិថុនា ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​មាតា​បិតា និង​អាណាព្យាបាល​សិស្ស​ថា អ្នក​គ្រប់គ្រង​សាលា​នេះ​កំពុង​បោកប្រាស់​លុយ​ពួក​គាត់​អស់​រាប់​ម៉ឺន​ដុល្លារ។

លាង ចរិយា ត្រូវ​ជា​បង​ស្រី លី ធីតា រស់នៅ​ក្រុង​បាត់ដំបង ថ្លែង​ថា សាលា​ពិភព​ភាសា នេះ ដំបូង​ឡើយ​បាន​ប្រើ​យុទ្ធសាស្ត្រ​បញ្ចុះ​បញ្ចូល​មាតា​បិតា​សិស្ស​ឲ្យ​បញ្ជូន​កូន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន តាម​ក្រុម​ការងារ​ទីផ្សារ​ជា​ច្រើន​នាក់។ សាលា​បាន​ផ្សព្វផ្សាយ​ឲ្យ​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​ឆ្នាំ​ទី១ ចំនួន ៧៥​នាក់ នឹង​បញ្ចុះ​ភាគ​រយ​ឲ្យ​ពី ៤៧០​ដុល្លារ មក​នៅ​ត្រឹម ២០០​ដុល្លារ។

ឮ​ការ​ផ្សព្វផ្សាយ​ដូច្នេះ ធ្វើ​ឲ្យ​មាតា​បិតា​សិស្ស និង​អាណាព្យាបាល​សិស្ស​ជា​ច្រើន​នាក់ នាំ​កូន​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន។

សិស្ស​ម្នាក់ៗ​បាន​បង់​លុយ​ចំនួន ២០០​ដុល្លារ​ដូច​គ្នា​ទៅ​សាលា ហើយ​មាន​ចេញ​វិក្កយបត្រ​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ។ សាលា​រៀន​នេះ​បាន​បើក​ទ្វារ​បង្រៀន​សិស្ស​កាល​ពី​ដើម​ខែ​ឧសភា រហូត​មក​ដល់​ថ្ងៃ​ទី៥ ខែ​មិថុនា នេះ ក៏​បិទ​ទ្វារ​ទៅ​វិញ៖ «នាង​ខ្ញុំ​ចង់​បាន​ការ​ដោះស្រាយ​ដោយ​នាយក​សាលា​ផ្ទាល់​ដែល​មាន​បាន​ដាក់​លេខ​ទូរស័ព្ទ តាម​នាង​ខ្ញុំ​ឮ​នោះ គឺ​អ្នក​ធ្វើ​ការ​នោះ​ថា​នាយក​សាលា​នោះ ឈ្មោះ ឡុង ប៉ូលីន ហើយ​មាន​កាន់​លេខ​ទូរស័ព្ទ ០៩៦ ៩៩៩៩ ២៧៤ ហើយ​លេខ​ទូរស័ព្ទ​នាង​ខ្ញុំ​ព្យាយាម​ចុច​ចូល ប៉ុន្តែ​គាត់​មិន​មាន​ការ​ទទួល​សោះ។ នាង​ខ្ញុំ​សំណូម​ពរ​ឲ្យ​សាលា​សង​សំណង​ទាំង​ឡាយ ដែល​ពួក​គាត់​បាន​យក​ពី​សិស្ស​ទៅ។ បើ​មិន​មាន​ការ​ដោះស្រាយ​ទេ នាង​ខ្ញុំ​សូម​ដាក់​ពាក្យ​ប្ដឹង​បោកប្រាស់​របស់​សាលា កុំ​ឲ្យ​ពួក​គាត់​ដើរ​បោកប្រាស់​ទៅ​អ្នក​ដទៃ​ទៀត»

ក្រៅ​ពី​នេះ សាលា​បាន​ប្រកាស​ថា ការ​បញ្ចុះ​តម្លៃ​ឲ្យ​សិស្ស​មក​នៅ​ត្រឹម ២០០​ដុល្លារ ចំនួន ៧៥​នាក់​ដំបូង​នេះ នឹង​បន្ថែម​ជូន​សម្ភារៈ​សិក្សា​មួយ​ឈុត ឯកសណ្ឋាន​មួ​ឈុត សេវា​ដឹក​ជូន​អត់​គិត​ថ្លៃ និង​សិក្សា​មួយ​មុខ​ថែម​ជូន​មុខ​ទៀត។ ប៉ុន្តែ ការ​ផ្សព្វផ្សាយ​ទាំង​នេះ គឺ​សាលា​រៀន​ពុំបាន​ផ្ដល់​ជូន​សិស្ស​ទាំងអស់​នោះ​ឡើយ។

អាណាព្យាបាល​សិស្ស​ម្នាក់​ទៀត បញ្ជាក់​ថា ការ​ឆបោក​របស់​សាលា បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​ខឹង​ជា​ខ្លាំង៖ «ខ្ញុំ​ថា​ឲ្យ​កូន​កុំ​បង់​អី សាលា​អី​ក៏​ជូន​ឡាន​ផង​មួយ​ឆ្នាំ​ប៉ុណ្ណឹង ហើយ​គេ​ថា គ្រូ​បង្រៀន​សុទ្ធ​តែ​ជន​ជាតិ​គេ​ហ្នឹង គេ​មក​ដល់​តូប​លក់​ដូរ​ប្រាប់​ខ្ញុំ គេ​មិន​បោក​ទេ​ម៉ែ ជឿ​ទៅ​បង់​លុយ​អស់ ៤០០​ដុល្លារ កូន​ពីរ​នាក់ ធំ​ហើយ​ចៅ​ខ្ញុំ​ទៅ​រៀន​ភាសា​ចិន»

សាលា​ពិភព​ភាសា នេះ ក្រោយ​ពី​បាន​បិទ​ទ្វារ ឥឡូវ​នេះ​កំពុង​បន្ត​ធ្វើ​សកម្មភាព​ដើរ​ឆបោក​លុយ​ពី​មាតា​បិតា និង​អាណាព្យាបាល​សិស្ស​នៅ​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន បន្ត​ទៀត។

អតីត​និស្សិត​ដែល​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​ផ្នែក​ទីផ្សារ បញ្ជាក់​ថា សាលា​ពិភព​ភាសា នេះ ក្រៅ​ពី​បោកប្រាស់​អាណាព្យាបាល​សិស្ស នៅ​មាន​ការ​ឆបោក​បុគ្គលិក​របស់​ខ្លួន​ថែម​ទៀត។ សាលា​នេះ​បាន​ផ្សព្វផ្សាយ​ក្នុង​ខិត្តប័ណ្ណ​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក ដោយ​ប្រកាស​ឲ្យ​ប្រាក់​ខែ ២៥០ ទៅ ២៧០​ដុល្លារ ហើយ​អ្នក​ដែល​ចង់​ធ្វើ​ការ ត្រូវ​ចំណាយ​លុយ ១​ដុល្លារ ដើម្បី​ទិញ​ពាក្យ​ដាក់​ចូល​ធ្វើ​ការងារ ដោយ​កំណត់​ថា អ្នក​ណា​ម្នាក់​ជ្រើស​រើស​សិស្ស​ចូល​រៀន​បាន ៥​នាក់​នោះ សាលា​នឹង​យក​ធ្វើ​បុគ្គលិក​ពេញ​សិទ្ធិ៖ «ក្នុង​សិស្ស គេ​យក ២០០​ដុល្លារ។ ខ្ញុំ​បាន​ក្រៅ ១៥​ដុល្លារ​ពីរ​នាក់ គ្នា​ខ្ញុំ​រក​បាន​សិស្ស ២​នាក់ ខ្ញុំ​ម្នាក់ មិត្តភក្ដិ​ខ្ញុំ​ម្នាក់ គេ​កំណត់​ឲ្យ​ខ្ញុំ​ទៅ​ជួប​គេ​តាំង​ពី​ថ្ងៃ​ទី២៥ ទៅ​បើក​លុយ។ ខ្ញុំ​ទៅ​ថ្ងៃ​ទី២៥ ហ្នឹង គេ​ថា​មេ​អត់​នៅ មេ​ទៅ​សំឡូត។ ដល់​ពេល​ម្សិលមិញ ខ្ញុំ​ទៅ​ទៀត គេ​ថា​មេ​រត់​ទៅ​ណា​អស់​ហើយ ខ្ញុំ​ក៏​ឆ្ងល់ អុំ​អ្នក​បើក​ឡាន​ថា ពួក​គេ​រត់​អស់​ហើយ»

និស្សិត​ជិត ២០០​នាក់ បាន​ដាក់​ពាក្យ​បម្រើ​ការ​ផ្នែក​ទីផ្សារ​ឲ្យ​សាលា​ពិភព​ភាសា នេះ ប៉ុន្តែ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ បាន​ឈប់​ធ្វើ​ការ​វិញ​ក្រោយ​ពី​ដឹង​ថា សាលា​នេះ​កំពុង​ឆបោក​ពួក​គាត់។

វិទ្យុ​អាស៊ីសេរី បាន​ទូរស័ព្ទ​ទៅ​លោក ឡុង ប៉ូលីន ដែល​គេ​អះអាង​ថា​ជា​នាយក​សាលា​នោះ​ជាច្រើន​លើក ប៉ុន្តែ​ទូរស័ព្ទ​រោទ៍​ពុំ​មាន​អ្នក​ទទួល។ ចំណែក​លេខ​ទូរស័ព្ទ​ជាច្រើន​ខ្សែ​ទៀត ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ខិត្តប័ណ្ណ​នោះ មិន​អាច​ទាក់ទង​បាន​ទាំងអស់។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង លោក ងី សែត បញ្ជក់​ថា សាលា​ពិភព​ភាសា នេះ បាន​បើក​បង្រៀន​សិស្ស​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត​នោះ​ឡើយ៖ «សាលា​ហ្នឹង​គាត់​កំពុង​រត់​ច្បាប់​ទៅ​ខេត្ត គាត់​ដាក់​ច្បាប់​ទៅ​នាយក​សាលា​ហ្នឹង គាត់​សុំ​ដូរ​ចេញ​ពី​សាលា​ហ្នឹង​វិញ ហើយ​គាត់​ប្រគល់​សាលា​ហ្នឹង​ឲ្យ​ទៅ​នាយក​រង ហើយ​គាត់​មក​ជួប​ខ្ញុំ ខ្ញុំ​ថា បើ​ច្បាប់​វា​មិន​ទាន់​ចេញ​ទេ អ៊ីចឹង​ឲ្យ​គាត់​ទៅ​ដូរ​ច្បាប់​ហ្នឹង​នៅ​សាលា​ខេត្ត​ទៅ ហើយ​ដាក់​ឲ្យ​ចំ​ឈ្មោះ​មក អ្នក​ណា​គេ​អ្នក​បើក​ឲ្យ​អ្នក​ហ្នឹង​ទទួល​ខុស​ត្រូវ ខ្ញុំ​ក៏​ណែនាំ​អ៊ីចឹង​ទៅ។ ឥឡូវ​ថា​បិទ​ទ្វារ​បាត់​ហើយ»

លោក​បន្ត​ថា មន្ទីរ​អប់រំ​មិន​អាច​មាន​វិធាន​ការ​អ្វី​នោះ​ទេ ដោយសារ​តែ​សាលា​រៀន​នេះ​ជា​សាលា​ឯកជន ពុំ​ទាន់​មាន​ច្បាប់​អនុញ្ញាត ហើយ​មន្ទីរ​អប់រំ​ចាត់​ទុក​ថា ករណី​នេះ​ជា​ការ​ឆបោក។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ដែល​មាន​កូន​ស្រី​រងគ្រោះ​ខាត​បង់​ថវិកា​ដែរ​នោះ ថ្លែង​ថា ទឹក​ប្រាក់​ដែល​សាលា​ពិភព​ភាសា បាន​ប្រមូល​ពី​អាណាព្យាបាល​សិស្ស​មាន​ចំនួន​រាប់​ម៉ឺន​ដុល្លារ៖ «តាម​រយៈ​នៃ​ការ​ផ្សព្វផ្សាយ​សំឡេង​វិទ្យុ​អាស៊ីសេរី នេះ យើង​សង្ឃឹម​ថា អាជ្ញាធរ​ក៏​ដូច​ជា​សមត្ថកិច្ច​ដែរ នឹង​បាន​ឮ ចុះ​ធ្វើ​ការ​អង្កេត​ករណី​នេះ​សម្រាប់​ជន​រងគ្រោះ។ យើង​រង់ចាំ​កិច្ច​សហការ​ផ្ដល់​រាល់​ឯកសារ និង​ព័ត៌មាន​ទាំងអស់​ដល់​អាជ្ញាធរ ពីព្រោះ​បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​កើត​មាន​ឡើង​ហើយ គឺ​សមត្ថកិច្ច​លោក​ត្រូវ​តែ​ធ្វើ ហើយ​ក្នុង​នាម​ជន​រងគ្រោះ យើង​រង់ចាំ​សហការ​គ្រប់​ពេល​វេលា»

លោក​បន្ត​ថា សាលា​រៀន​ពុំ​ទាន់​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។ ហើយ​តាម​គោលការណ៍​ច្បាប់ គេ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព និង​មិន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​តាម​ទី​សាធារណៈ​នោះ​ទេ។ ប៉ុន្តែ សាលា​នេះ​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់។ ការ​លើក​ដាក់​តាំង​ផ្លាក និង​ការ​បញ្ជូន​បុគ្គលិក​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​នៅ​តាម​ទី​សាធារណៈ​នោះ លោក​ចាត់​ទុក​ថា​ជា​បញ្ហា​មួយ​ដែល​តម្រូវ​ឲ្យ​ក្រសួង និង​មន្ទីរ​ជា​អាណាព្យាបាល ត្រូវ​ពិនិត្យ​ឡើង​វិញ កុំ​ឲ្យ​ជន​ខិល​ខូច​ធ្វើ​សកម្មភាព​ដែល​នាំ​ទៅ​រក​ផល​ប៉ះពាល់​ដល់​គុណភាព​អប់រំ​របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។