មន្ត្រីរដ្ឋាភិបាលធ្វើការងារពាក់ព័ន្ធធនធានជលផលសមុទ្រ និងមន្ត្រីសង្គមស៊ីវិល បានជួបប្រជុំគ្នាសិក្សាអំពីសង្វាក់តម្លៃផលិតផលជលផលសមុទ្រកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិឲ្យមានគុណភាព និងមានតម្លៃសមរម្យ។
បញ្ហានេះ មន្ត្រីស្ថាប័នជលផល បានស្នើឲ្យក្រុមអាជីវករនៅតាមខេត្តជាប់មាត់សមុទ្រ ត្រូវចូលរួមសហការដើម្បីធ្វើយ៉ាងណាឲ្យផលិតផលជលផលសមុទ្រកម្ពុជា ទទួលបានការគាំទ្រនៅលើទីផ្សារបរទេសឲ្យបានទូលំទូលាយ។
ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈួន ចំណាន មានប្រសាសន៍ថា ផលិតផលជលផលសមុទ្រកម្ពុជា បច្ចុប្បន្នមិនទាន់មានគុណភាពអាចដណ្ដើមទីផ្សារអន្តរជាតិឲ្យបានទូលំទូលាយទេ។ លោកថ្លែងបែបនេះ បន្ទាប់ពីបានបញ្ចប់កិច្ចពិភាក្សាស៊ីជម្រៅជាមួយតំណាងវិស័យឯកជន សមាគម និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិនានា កាលពីថ្ងៃទី២៥ ខែមិថុនា ពិភាក្សាទៅលើសង្វាក់តម្លៃផលិតផលជលផលសមុទ្រកម្ពុជា ដើម្បីបង្កើនគុណភាព និងជំរុញការនាំចេញ។
លោកឲ្យដឹងថា គម្រោងកម្មវិធីលើកកម្ពស់គុណភាពផលិតផលជលផលសមុទ្រកម្ពុជា ដែលចុះអនុវត្តគម្រោង ឬជួយជ្រោមជ្រែងដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ យូនីដូ (UNIDO) ពេលនេះ បានកំណត់ខេត្តគោលដៅចំនួន ៣ មានខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង។ លោកថា កម្មវិធីនេះ បានផ្ដោតលើគោលអភិវឌ្ឍន៍ចម្បងចំនួនពីរ រួមមាន៖ ការបង្កើនភាពប្រកួតប្រជែងនៃការនាំចេញ របស់វិស័យផលិតជលផលសមុទ្រកម្ពុជា ដើម្បីធ្វើឲ្យមានការបើកទីផ្សារថ្មី និងកែលម្អការកំណត់តម្លៃនៃការនាំចេញ។
លោកបណ្ឌិត ឈួន ចំណាន ស្នើដល់វិស័យឯកជន ឬអ្នកកែច្នៃ ផលិតផលជលផលសមុទ្រកម្ពុជា ត្រូវចូលរួមសហការជាមួយអង្គការយូនីដូ ដើម្បីឈានដល់កែច្នៃផលិតផលសមុទ្ររបស់ខ្លួនឲ្យមានគុណភាព និងទទួលស្គាល់ជាអន្តរជាតិ៖ «ដូចដឹងស្រាប់ហើយថា ផ្នែកកែច្នៃផលិតផលជលផលសមុទ្ររបស់កម្ពុជា នៅមានកម្រិតនៃការនាំចេញ ដោយសារតែការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាជាដើម គឺនៅមានកម្រិត។ ជារៀងរាល់ឆ្នាំការនាំចេញជលផលកម្ពុជា គឺនៅមានរបាំងពាណិជ្ជកម្មមួយចំនួន ជាពិសេសគឺពាក់ព័ន្ធបញ្ហាអនាម័យ និងគុណភាពជាដើម»។
បញ្ហានេះ លោក សុខ ណារិន នាយកអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម បានស្នើដល់វិស័យឯកជន ត្រូវសហការជាមួយអង្គការខ្លួនឲ្យបានជាប្រចាំ ព្រោះអង្គការនេះ មានអ្នកឯកទេសជំនាញខាងកែច្នៃផលិតផលជលផលសមុទ្រ រង់ចាំប្រឹក្សា ឬជួយផ្ដល់បច្ចេកទេសដល់ការផលិតឲ្យមានគុណភាព ដើម្បីឈានទៅដណ្ដើមទីផ្សារអន្តរជាតិបានជោគជ័យនាថ្ងៃអនាគត។
លោក សុខ ណារិន ថ្លែងថា តាមរយៈកិច្ចពិភាក្សាជាបន្តបន្ទាប់នៅថ្ងៃខាងមុខទៅលើសង្វាក់តម្លៃផលិតផលជលផលសមុទ្រកម្ពុជា នឹងអាចជំរុញឲ្យការនាំចេញផលិតផលជលផលសមុទ្រកម្ពុជា នៅលើទីផ្សារអន្តរជាតិ បានទាំងតម្លៃ និងគុណភាព៖ «គោលបំណងមួយទៀត ក៏ដើម្បីកំណត់ជ្រើសរើសនូវអ្នកកែច្នៃ ខ្នាតតូច និងមធ្យម ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សំដៅពង្រឹងគុណភាព ឬសមត្ថភាពនាំចេញផលិតផលជលផលសមុទ្រកម្ពុជា របស់ក្រុមអ្នកកែច្នៃ ឬអ្នកផលិតទាំងអស់។ ក្នុងន័យឲ្យការកែច្នៃគ្រឿងសមុទ្រកម្ពុជា ឲ្យមានសុវត្ថិភាព និងគុណភាព ដើម្បីបម្រើទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅថ្ងៃអនាគត»។
ទាក់ទិនបញ្ហានេះ លោក នេន ចំរើន ប្រធានជលផលខេត្តព្រះសីហនុ បានគាំទ្រការបង្កើតឲ្យមានការពិភាក្សាដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងតំណាងវិស័យឯកជន ឬម្ចាស់កែច្នៃផលិតផលជលផលសមុទ្រកម្ពុជា ពេលនេះ។ លោកថា វិស័យឯកជន ត្រូវសហការឲ្យបានជាប់ជាប្រចាំជាមួយអ្នកជំនាញអង្គការយូនីដូ ដើម្បីឲ្យការកែច្នៃផលិតផលជលផលសមុទ្រកម្ពុជា មានគុណភាពខ្ពស់ និងបង្កើនការនាំចេញនៅលើទីផ្សារអន្តរជាតិនៅថ្ងៃអនាគត។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកពាណិជ្ជកម្មត្រី តំណាងឲ្យប្រភពដ៏សំខាន់នៃរូបិយប័ណ្ណអន្តរជាតិ ដែលផ្ដល់ផលចំណេញដល់អ្នកនេសាទ អ្នកកែច្នៃ និងអ្នកពាក់ព័ន្ធដទៃទៀតរាប់លាននាក់។ លោកថា ប្រទេសកម្ពុជា ចាត់ទុកការនាំចេញផលិតផលជលផលជាអាទិភាពកំពូល និងបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៣ របស់រដ្ឋាភិបាល ហើយថា ផល និងផលិតផលជលផលកម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការនាំចេញ ប៉ុន្តែបានទទួលស្គាល់ថា បានធ្លាក់ចុះការនាំចេញចាប់ពីឆ្នាំ២០០០មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
