រដ្ឋមន្ត្រី​ក្រសួង​អប់រំ​អះអាង​ថា​សិស្ស​ប្រឡង​បាក់​ឌុប​លើក​ទី​២​ជាប់​តិច​ជាង​លើក​ទី​១

ដោយ វណ្ណ វិចារ
2014.10.29
ប្រឡង​បាក់​ឌុប​លើក​ទី​២ ៦២០ បេក្ខជន​ប្រឡង​បាក់​ឌុប​លើក​ទី​២​ចេញ​ពី​មណ្ឌល​ប្រឡង​វិទ្យាល័យ ជា ស៊ីម សាមគ្គី នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៤។
RFA

ប្រមុខ​ដឹក​នាំ​ក្រសួង​អប់រំ ឲ្យ​ដឹង​ថា សិស្ស​ប្រឡង​បាក់​ឌុប​លើក​ទី​២​ជាប់​តិច​ជាង​ប្រឡង​លើក​ទី​១។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា លទ្ធផល​ប្រឡង​បាក់​ឌុប​លើក​ទី​២​នេះ ផ្ទុយ​នឹង​ការ​រំពឹង​ទុក​របស់​ក្រសួង​អប់រំ ប៉ុន្តែ​ក្រសួង​មិន​មាន​គោលការណ៍​ណា​មួយ​បន្ធូរបន្ថយ​ពិន្ទុ ដើម្បី​ឲ្យ​ចំនួន​សិស្ស​ប្រឡង​ជាប់​កើន​ឡើង​នោះ​ឡើយ។

លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា បញ្ជាក់​ថា បេក្ខជន​ប្រឡង​បាក់​ឌុប​លើក​ទី​២ សម័យ​ប្រឡង​ថ្ងៃ​ទី​១៣ ខែ​តុលា មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់។ ប៉ុន្តែ តាម​ការ​ប៉ាន់ស្មាន សិស្ស​ដែល​ប្រឡង​ជាប់​មាន​មិន​ដល់ ២៥% នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា សិស្ស​ដែល​ប្រឡង​ធ្លាក់​ទាំងអស់ អាច​បន្ត​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង ឬ​ចូល​រៀន​ក្នុង​មធ្យម​សិក្សា​បច្ចេកទេស​បាន តែ​បើ​ចង់​ប្រឡង​ជាប់​បាក់​ឌុប ចាំបាច់​ត្រូវ​តែ​ខិតខំ​រៀន​សូត្រ​បន្ត​ទៀត។

លោក​បន្ថែម​ថា លទ្ធផល​ប្រឡង​បាក់​ឌុប​លើក​ទី​២​នេះ នឹង​ប្រកាស​មុន​កាល​កំណត់៖ «តាម​ផែនការ​នៅ​ថ្ងៃ​៣ ឬ​ថ្ងៃ​៤ ចឹង​យើង​អាច​ប្រកាស​មុន ការងារ​ហ្នឹង​សល់​មួយ​ថ្ងៃ​ពីរ​ទៀត​រួច​ហើយ ឥឡូវ​ហ្នឹង​យើង​ក៏​អត់​ទាន់​ដឹង​ដែរ ព្រោះ​យើង​នៅ​សម្អាត​តួលេខ ហើយ​ផ្ទៀងផ្ទាត់​អី​បាន​ត្រឹមត្រូវ​ហើយ អាច​ថា​ថ្ងៃ​៣០ ឬ​៣១ អី​ហ្នឹង អាច​ដឹង​ហើយ វា​ត្រូវ​ហើយ​មុន​២ ឬ ៣​ថ្ងៃ»

លោក ហង់ ជួនណារ៉ុន បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​ក្រោយ ក្រសួង​នឹង​ពង្រឹង​អធិការកិច្ច ដើម្បី​ពង្រឹង​គុណភាព​វិស័យ​របស់​គ្រូ និង​សិស្ស បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​គ្រូបង្រៀន ពង្រាយ​គ្រូបង្រៀន​ឲ្យ​ដល់​គ្រប់​គោលដៅ ស្វែងរក​សម្ភារៈ​ឧទ្ទេស​សម្រាប់​បង្រៀន កែ​ទម្រង់​កម្មវិធី​សិក្សា និង​បន្ថែម​ប្រាក់​លើក​ទឹក​ចិត្ត​ចំពោះ​គ្រូបង្រៀន ជាដើម។ ចំណែក​ឯ​ការ​ប្រឡង នៅ​តែ​រឹត​បន្តឹង​ដដែល។

ចំណែក​ឯ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន វិញ​រក​ឃើញ​ថា សិស្ស​ប្រឡង​បាក់​ឌុប​ជាប់​លើក​ទី​២​នេះ បាន​ត្រឹម​តែ​ជាង ១០% ប៉ុណ្ណោះ។ លោក​បន្ត​ថា រយៈពេល​រៀន​បំប៉ន​ជាង ១​ខែ​មិន​គ្រប់គ្រាន់​ឲ្យ​សិស្ស​ប្រឡង​ជាប់​បាន​ឡើយ ព្រោះ​សិស្ស​ដែល​នៅ​សល់ ភាគ​ច្រើន​ជា​សិស្ស​ដែល​ខ្សោយ​ស្រាប់។ លោក​ស្នើ​ឲ្យ​ក្រសួង​អប់រំ កែ​ទម្រង់​វិស័យ​អប់រំ​ទាំង​មូល​តែ​ម្តង កុំ​ឲ្យ​កែ​ទម្រង់​យក​មុខ​តែ​មួយ​រយៈពេល​ខ្លី​នោះ៖ «កំណែ​ទម្រង់​តែ​ថ្នាក់​ទី​១២ មិន​មែន​ជា​ជម្រើស​ល្អ​ទេ គ្រាន់​តែ​ជា​សារ​មួយ​ដល់​យុវជន​ដល់​ថ្នាក់​ទី​១១ ទី​១០ អី​ថា ពេល​ប្រឡង​បើក​មើល​មិន​បាន​នោះ​ទេ តែ​អ្វី​ដែល​ត្រូវ​ធ្វើ គឺ​ត្រូវ​កំណែ​ទម្រង់​តាំង​ពី​ថ្នាក់​មត្តេយ្យ​តែ​ម្តង»

នៅ​ឆ្នាំ​នេះ មាន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​បាក់​ឌុប ចំនួន​ជាង ៩​ម៉ឺន​នាក់។ បេក្ខជន​ប្រឡង​ជាប់​លើក​ទី​១ មាន​ចំនួន​ជាង ២​ម៉ឺន​នាក់។ បើ​តាម​ការ​ប៉ាន់ស្មាន​របស់​សង្គម​ស៊ីវិល និង​ការ​អះអាង​របស់​ក្រសួង​អប់រំ សិស្ស​ប្រឡង​ជាប់​លើក​ទី​២ អាច​មាន​ចំនួន​ជាង ១​ម៉ឺន​នាក់។ កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ ត្រូវ​បាន​ស្វាគមន៍​ពី​សំណាក់​មនុស្ស​មួយ​ចំនួន​ធំ​ក្នុង​សង្គម​កម្ពុជា ប៉ុន្តែ​ក៏​មាន​អ្នក​រិះគន់​ដែរ​ថា កំណែ​ទម្រង់​នេះ​ដូចជា​លឿន​ពេក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។