ក្រសួង​មហាផ្ទៃ​រំឭក​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ​ត្រូវ​បន្ត​អនុវត្ត​ផែនការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព

ដោយ ដែន អយុធ្យា
2015.05.02
ជួន ណារិន ៦២០ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទើប​តែង​តាំង​ថ្មី លោក ជួន ណារិន (ឆ្វេង​ទី​២) និង​ស្នងការ​ចាស់​ដែល​ត្រូវ​ផ្លាស់​ចេញ លោក ស៊ាង កុសល (ឆ្វេង​ទី​៣) ក្នុង​ពិធី​ប្រកាស​ផ្ទេរ​តំណែង​នា​សាលា​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មេសា ២០១៥។
RFA/Den Ayuthyea

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​សារ​រំឭក​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​សហការ​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​ដឹក​នាំ​បាន​ដាក់​ចេញ ឲ្យ​មាន​ប្រសិទ្ធភាព ប្រយោជន៍​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​ការ​រស់នៅ និង​ការ​ប្រកប​របរ​ទទួល​ទាន​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ភាព​សុខសាន្ត។

សារ​ពញ្ញាក់​ស្មារតី​សមត្ថកិច្ច​ក្រោម​ឱវាទ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​មហាផ្ទៃ ពេល​នេះ ក៏​ចង់​បង្ហាញ​ពី​ការ​លើក​ទឹក​ចិត្ត​ដល់​កិច្ច​ខិតខំ​ពង្រឹង​សកម្មភាព​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​របស់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នា​ពេល​បច្ចុប្បន្ន។

បញ្ហា​អសន្តិសុខ​នា​ខេត្ត​ជាប់​មាត់​សមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា នៅ​តែ​ជា​ចំណុច​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួង​មហាផ្ទៃ បន្ត​បើក​យុទ្ធនាការ​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

ផ្ដើម​ពី​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ រំឭក និង​បន្ត​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ស្ថាប័ន ពិសេស​កង​កម្លាំង​នគរបាល​នៅ​ទូទាំង​ប្រទេស ឲ្យ​បន្ត​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​មាន​សកម្មភាព​ដូច​ភ្លៀង​រលឹម។ លោក​បន្ត​ថា ការ​អនុវត្ត​សកម្មភាព​ដូច​ភ្លៀង​រលឹម ប្រយោជន៍​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​មាន​នៅ​តាម​មូលដ្ឋាន​នីមួយៗ​ជូន​ប្រជាពលរដ្ឋ ឲ្យ​មាន​សុវត្ថិភាព​ល្អ។

លោក​ឧត្តមសេនីយ៍​ក៏​បាន​លើក​យក​បញ្ហា​អសន្តិសុខ​ធ្លាប់​កើត​មាន​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​កន្លង​មក ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោក​ថា សមត្ថកិច្ច​អាច​រក្សា​សន្តិសុខ​បាន​ល្អ​ប្រសើរ​ជា​បណ្ដើរៗ​ហើយ។ លោក ខៀវ សុភ័គ មាន​ជំនឿ​ថា អសន្តិសុខ​មួយ​ចំនួន​ដែល​ធ្លាប់​កើត​មាន​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ នឹង​បាន​ប្រសើរ​ក្នុង​ពេល​ដ៏​ឆាប់ ព្រោះ​សព្វថ្ងៃ​នេះ កម្លាំង​ជំនាញ​មក​ពី​គ្រប់​ស្ថាប័ន បាន​សហការ​បង្ក្រាប​បទល្មើស​នានា​មាន​លទ្ធផល​ល្អ ហើយ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន៖ «ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ គឺ​សំខាន់​ណាស់ បើ​យើង​អនុវត្ត​មិន​បាន​ទេ គឺ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល អាច​នឹង​ត្រូវ​រង​ការ​រិះគន់​ពី​ប្រជាជន​ទូទៅ»

បញ្ហា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​កត់​សម្គាល់​ថា ក្រោយ​ពេល​មាន​ការ​ផ្លាស់ប្ដូរ​ស្នងការ​នគរបាល​ខេត្ត​នេះ​កាល​ពី​ដើម​ខែ​មេសា រួច​មក គេ​សង្កេត​ឃើញ​ថា បទល្មើស​មួយ​ចំនួន​បាន​ថយ​ចុះ មាន​ដូចជា បទល្មើស​ចោរ​ឆក់​កាបូប​ភ្ញៀវ​ទេសចរ​តាម​ឆ្នេរ​សមុទ្រ សកម្មភាព​ចោរ​លួច​ម៉ូតូ​ជន​បរទេស និង​ក្រុម​ក្មេង​ទំនើង ជាដើម។ ប៉ុន្តែ​បទល្មើស​បន​ពេស្យាចារ ល្បែង​ភ្នាល់​គ្រប់​ប្រភេទ មាន​ទីតាំង​ចាក់​ភ្នាល់​បាល់ កន្ទុយ​លេខ ពិសេស​គ្រឿង​ញៀន បាន​បន្ត​ធ្វើ​សកម្មភាព​តាម​សង្កាត់​មួយ​ចំនួន​មាន​សង្កាត់​លេខ​១ និង​លេខ​៤ ជាដើម ដោយ​មិន​ញញើត​កម្លាំង​សមត្ថកិច្ច​ទេ។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បទល្មើស​ចោរកម្ម ក្រុម​ក្មេង​ទំនើង ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ ពិសេស​បទល្មើស​គ្រឿង​ញៀន មិន​ទាន់​មាន​សញ្ញា​ថយ​ចុះ​ទេ។ លោក​បាន​លើក​យក​យក​បទល្មើស​ធ្វើ​សកម្មភាព​ពេល​យប់​ក្នុង​មូលដ្ឋាន​លោក​កំពុង​រស់នៅ ក្នុង​ភូមិ​១ សង្កាត់​លេខ​៤ ថា​បាន​ធ្វើ​សកម្មភាព​មាន​សញ្ញា​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​បន្ថែម​ថា បទល្មើស​ទាំង​នេះ​លោក​ធ្លាប់​រាយការណ៍​ជូន លោក ហេង ប៊ុនទី មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ប៉ុន្តែ​បទល្មើស​បាន​បន្ត​កើត​មាន​រហូត​មក​ដល់​ពេល​នេះ៖ «បញ្ហា​អសន្តិសុខ​នៅ​ខេត្ត​យើង​នេះ គឺ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ដែរ​កន្លង​មក ប៉ុន្តែ​បង្ក្រាប​ម្តង​ស្ងាត់​មួយ​រយៈពេល តែ​ក្រោយ​មក​បទល្មើស​ផ្សេងៗ​មាន​គ្រឿង​ញៀន​ជាដើម បាន​កើត​វិញ​ដដែល។ បទល្មើស​ផ្សេងៗ​មាន​ដូចជា គ្រឿង​ញៀន ចាក់​កន្ទុយ​លេខ លេង​បៀ និង​ល្បែង​ភ្នាល់​បាល់​ជាដើម គឺ​បន្ត​កើត​មាន​អនាធិបតេយ្យ​គ្មាន​ការ​បង្ក្រាប​ទេ»

យ៉ាង​នេះ​ក្តី លោក ប៊ួន ណារិទ្ធ បាន​កោត​សរសើរ​សកម្មភាព​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ទទួល​បាន​ជោគជ័យ​របស់​កម្លាំង​កង​រាជ​អាវុធហត្ថ និង​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​ចាប់​បាន​ជន​ល្មើស ឬ​ជន​សង្ស័យ​ជា​បន្តបន្ទាប់ បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស ក្នុង​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​មាន​លំនៅឋាន​ក្នុង​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​សង្ស័យ​ថា បទល្មើស​ផ្សេងៗ​អាច​ធ្វើ​សកម្មភាព​ដោយ​គ្មាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​កម្លាំង​នគរបាល​តាម​ប៉ុស្តិ៍​រដ្ឋបាល ពិសេស​មេ​ដឹក​នាំ​ស្ថាប័ន​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​នេះ​ក៏​ថា​បាន ទើប​គ្មាន​សកម្មភាព​បង្ក្រាប។

ពលរដ្ឋ​អះអាង​ថា ខេត្ត​ព្រះសីហនុ សព្វថ្ងៃ​នេះ មាន​បន​ល្បែង​ភ្នាល់​បាល់ ចាក់​កន្ទុយ​លេខ បន​ពេស្យាចារ ពិសេស​សកម្មភាព​ជួញ​ដូរ ឬ​លក់​គ្រឿង​ញៀន បាន​ធ្វើ​សកម្មភាព​ស្ទើរ​នៅ​ជាប់​ប៉ុស្តិ៍​នគរបាល​តាម​សង្កាត់​ខ្លះ ប៉ុន្តែ​គ្មាន​ការ​បង្ក្រាប​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់ លោក ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទើប​ចូល​កាន់​តំណែង​ថ្មី ត្រូវ​បើក​ការ​ស៊ើប​អង្កេត ឬ​ឈាន​ដល់​បង្ក្រាប​បទល្មើស​ផ្សេងៗ មាន​គ្រឿង​ញៀន និង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ មាន​ភ្នាល់​បាល់​ជាដើម​ឲ្យ​មាន​ប្រសិទ្ធភាព។ បន្ថែម​លើ​នេះ ត្រូវ​ស៊ើប​អង្កេត​កម្លាំង​ក្រោម​ឱវាទ​ដែល​សង្ស័យ​ថា​អាច​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​បទល្មើស​ផ្សេងៗ​នា​ពេល​កន្លង​មក។

បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ត្រី ជួន ណារិន ស្នងការ​នគរបាល​ថ្មី​ខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ថា នឹង​សហការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ឲ្យ​ថយ​ចុះ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ កម្លាំង​ជំនាញ​របស់​លោក​បាន​ដាក់​ពង្រាយ​ចាប់​ពី​ទីប្រជុំជន​រហូត​ដល់​ទី​ជនបទ ដើម្បី​បង្ក្រាប​បទល្មើស​ផ្សេងៗ​ឲ្យ​បាន​ទាន់​ពេលវេលា និង​ឈាន​ដល់​លុប​បំបាត់​ឲ្យ​ថយ​ចុះ​បទល្មើស​ទាំង​នោះ។

បន្ថែម​លើ​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​លើក​ទឹក​ចិត្ត​កម្លាំង​សមត្ថកិច្ច​ថា បើ​សិន​ជា​នៅ​ក្នុង​បេសកកម្ម​ចុះ​បង្ក្រាប​បទល្មើស​អ្វី​មួយ បាន​ជួប​ប្រទះ​នូវ​ឧបសគ្គ​រារាំង​មិន​អាច​ដោះស្រាយ​បាន ឬ​ស៊ើប​ដឹង​ថា បទល្មើស​ទាំង​នោះ​មាន​មន្ត្រី​ធំៗ ឬ​ពាក់​ផ្កាយ​នៅ​ពី​ក្រោយ​បទល្មើស​ទាំង​នោះ ត្រូវ​ផ្តល់​ដំណឹង​មក​រូប​លោក លោក​នឹង​រាយការណ៍​បន្ត​ជូន​ថ្នាក់​ដឹក​នាំ​ថ្នាក់​ជាតិ ឬ​ប្រមុខ​ដឹក​នាំ​ជួយ​មាន​វិធានការ​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។