សង្គម​ស៊ីវិល​រិះគន់​អំពើ​ហិង្សា​របស់​សមត្ថកិច្ច​មក​លើ​អ្នក​បឹងកក់

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រិះគន់​សកម្មភាព​ប្រើ​ហិង្សា​របស់​សមត្ថកិច្ច​ចម្រុះ​ទៅ​លើ​អ្នក​ភូមិ​បឹងកក់ ឲ្យ​រង​របួស​ធ្ងន់​នៅ​ក្នុង​ពិធី​បង្អត់​​អាហារ​​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​យុត្តិធម៌​លើ​លទ្ធផល​បោះ​ឆ្នោត និង​ឲ្យ​មាន​សន្តិភាព​ក្នុង​សង្គម​ជាតិ។

0:00 / 0:00

ស្ត្រី​សហគមន៍​បឹង​កក់ បាន​ប្រដូច​សកម្មភាព​របស់​អាជ្ញាធរ​ថា ស្រដៀង​គ្នា​ទៅ​នឹង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ពួកគេ​ធ្លាប់​បាន​អនុវត្ត​​ទៅ​លើ​ពលរដ្ឋ​ខ្លួន​នៅ​​ពេល​កាន់​អំណាច​ដូច​គ្នា​ដែរ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ដែល​បាន​ឃ្លាំមើល​សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា​របស់​សមត្ថកិច្ច​ចម្រុះ​រដ្ឋាភិបាល​ទៅ​លើ​ការ​តាំង​សមាធិ​បង្អត់​អាហារ​របស់​អ្នក​ភូមិ​បឹងកក់ កាល​ពី​​យប់​ថ្ងៃ​ទី​២២ ខែ​កញ្ញា នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ថា​បាន​​​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កញ្ញា ថា សកម្មភាព​បង្ក្រាប​ពលរដ្ឋ​បឹង​កក់ ដែល​ធ្វើ​សមាធិ​បង្អត់​អាហារ​អហិង្សា​របស់​សមត្ថកិច្ច គឺ​ជា​សញ្ញា​គួរ​​ឲ្យ​ព្រួយ​បារម្ភ។ លោក​ថា កម្លាំង​ចម្រុះ​ប្រដាប់​អាវុធ​រាប់​រយ​នាក់ ត្រូវ​បាន​បញ្ជូន​មក​បង្ក្រាប​ការ​ធ្វើ​ពិធី​​បង្អត់​អាហារ​របស់​ស្ត្រី​បឹង​កក់ ជាង ១០​នាក់ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដែល​មាន​តែ​ទៀន​និង​ធូប ធ្វើ​សមាធិ​បួង​សួង​សុំ​សន្តិភាព និង​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​នោះ។

អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី (រូប​បង់ក​ក្រមា) បណ្ដេញ​សន្តិសុខ​នៅ​វត្ត​ភ្នំ ចេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
អ្នក​បឹងកក់ អ្នកស្រី ទេព វន្នី (រូប​បង់ក​ក្រមា) បណ្ដេញ​សន្តិសុខ​នៅ​វត្ត​ភ្នំ ចេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។ (RFA/Den Ayuthyea)

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​​របស់​លោក ដែន អយុធ្យា៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។