មន្ត្រីប៉ូលិសនៃស្នងការនគរបាលខេត្តសៀមរាប ឱ្យដឹងថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ ដែលនឹងប្រារព្ធអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ គឺគេបានដាក់ពង្រាយកម្លាំងចម្រុះចំនួន ៥.០០០នាក់ ដើម្បីការពារសន្តិសុខនៅតាមកន្លែងជាច្រើន។
ការដាក់ពង្រាយកម្លាំងសន្តិសុខដ៏ច្រើននេះ គឺដើម្បីការពារប្រមុខរដ្ឋាភិបាលដែលទៅចូលរួមជាអធិបតីនៃការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តផង ការពារសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរដែលដើរកម្សាន្តផង។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប ជាមួយសភាពសហព័ន្ធយុវជនកម្ពុជា បានរួមគ្នាធ្វើពិធីក្រុងពាលី បួងសួងចំពោះម្ចាស់ទឹកម្ចាស់ដី បារមីវត្ថុសក្ដិសិទ្ធិ និងទេវតាដែលថែរក្សាទឹកដីអង្គរ សុំឱ្យផ្ដល់សេចក្ដីសុខ សេចក្ដីចំរើន ក្នុងពេលចាប់ផ្ដើមប្រព្រឹត្តទៅនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីអបអរទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នៅ ២ថ្ងៃខាងមុខទៀតនេះ។
ពិធីបួងសួង និងក្រុងពាលី បានធ្វើឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃអាទិត្យ ទី១២ ខែមេសា នៅចំពីមុខកំពូល៣ នៃប្រាសាទអង្គរវត្ត៖ «សំឡេងសែនព្រេន...»។
ពិធីនេះធ្វើឡើងយ៉ាងអធិកអធម ដោយមានរៀបចំស្លាធម៌ បាយសី មានភ្លេងពិណពាទ្យប្រគំ ព្រមទាំងមានក្រុមរបាំដែលតុបតែងខ្លួនតាមបែបអប្សរាអង្គរ ជាអ្នករាំជូនពរផង។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសភា ព្រឹទ្ធសភា និងអធិការកិច្ច គឺអ្នកស្រី ម៉ែន សំអន។ អ្នកស្រីបានសំបូងសង្រូង នៅក្នុងពិធីនោះថា សូមឱ្យបារមីនៃវត្ថុសក្ដិសិទ្ធិ និងទេវតាថែរក្សាអង្គរ តាមជួយប្រោះព្រំ ប្រសិទ្ធិពរជ័យបវរមហាប្រសើរដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនេះ ព្រមទាំងជួយបីបាច់ ថែរក្សាដល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យបានសុខសាន្ត និងចំរើនរុងរឿង។
អ្នកស្រី ម៉ែន សំអន៖ «ថ្ងៃនេះខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុសក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាមរាជសក្ដិទេវី និងគុណទសបារមីគ្រប់អង្គទាំងអស់ដែលគង់ប្រថាប់នៅទីនេះ ព្រះរាជវង្សនៃភុជង្គនាគី ភុជង្គនាគា ព្រះថោង ព្រះរាជិនីនាគ ព្រះមហាវីរក្សត្រ សូមជួយប្រោះព្រំ ឱ្យដែនដីកម្ពុជា មានសេចក្ដីខុសគ្រប់ប្រការ»។
ពិធីបួងសួងក្រុងពាលី ថ្វាយម្ចាស់ទឹកម្ចាស់ដីសុំសេចក្ដីសុខនេះ ធ្វើឡើង២ថ្ងៃនៅមុខពេលដែលព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ ត្រៀមនឹងចាប់ផ្ដើមនៅលើទឹកដីអង្គរ។
«ចម្រៀងជូនពរ»
ស្នងការរងនគរបាលខេត្តសៀមរាប លោក ថង សាគុណ មានប្រសាសន៍ថា នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំមមែនេះ គឺកម្លាំងសន្តិសុខចម្រុះចំនួន ៥.០០០នាក់ បានដាក់ពង្រាយឱ្យការពារសុវត្ថិភាព ថ្នាក់ដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្តជាច្រើនកន្លែង។
ស្នងការរងដដែលបញ្ជាក់ថា កម្លាំងសន្តិសុខដែលមានទាំងប៉ូលិស ប៉េអឹម និងទាហានផង បានរាយបណ្ដាក់ការពារសន្តិសុខ ទាំងក្នុងទីក្រុង និងតំបន់ទេសចរណ៍ ដែលនៅក្រៅទីក្រុង៖ «កម្លាំងប្រហែល ៥.០០០ សរុបទាំងអស់ ទាំងកងរាជអាវុធហត្ថ ទាំងទាហានទាំងអី។ ពង្រាយគ្រប់កន្លែងខាងសឹករង ខាងទ័ពនោះ គេនៅការពារតំបន់ក្រៅទីក្រុង»។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣នេះ គឺខុសប្លែកពីឆ្នាំមុនៗ ដោយសារតែប្រមុខរដ្ឋាភិបាល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សប្រឆាំង មានគម្រោងចូលរួមធ្វើជាគណៈអធិបតីកាត់ខ្សែបូបើកកម្មវិធី។
អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង មានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី១២ ខែមេសា រហូតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចប់ គឺខេត្តសៀមរាប រវល់រៀបចំកម្មវិធីជាបន្តបន្ទាប់ដូចជារៀបចំដង្ហែនំអន្សមយក្ស និងការបើកជាផ្លូវការនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាដើម។
លោក ឃឹម ប៊ុនសុង មានប្រសាសន៍ទៀតថា ដោយសារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះមាននាយករដ្ឋមន្ត្រី និងឥស្សរជនសំខាន់ៗមកចូលរួមផង គឺខេត្តសៀមរាប កំពុងប្រឹងប្រែងរៀបចំទីក្រុងឱ្យស្អាត ដោយដាក់ភ្លើងបំភ្លឺតាមដងផ្លូវ និងកែសម្រួលចរាចរណ៍កុំឱ្យស្ទះជាដើម៖ «ខេត្តយើងក៏បានតុបតែងលំអយ៉ាងច្រើន ដូចជាកន្លែងសម្រាប់កម្សាន្តរបស់ភ្ញៀវ ហើយសោភ័ណភាពទីក្រុងរបស់យើង គឺធ្វើអត់ឈប់រហូតដល់ថ្ងៃនេះ ដើម្បីបដិសណ្ឋារកិច្ចភ្ញៀវ»។
លោកអភិបាលខេត្តសៀមរាប ចង់ឱ្យអ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តឱ្យបានច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៖ «សំឡេងរបាំត្រុដិ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ឱ្យដឹងថា នៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ ២ថ្ងៃខាងមុខទៀតនេះ ក្រៅតែពីតំបន់រមណីយដ្ឋានអង្គរ ដែលភ្ញៀវអាចចូលទស្សនាកម្សាន្តបាននោះ គឺនៅមានតំបន់ធម្មជាតិ និងរមណីយដ្ឋានងូតទឹកកម្សាន្តមួយចំនួនទៀត ដូចជានៅរមណីយដ្ឋានធម្មជាតិបឹងត្រាវកុដិ នៅទឹកជ្រោះក្បាលស្ពាន បារាយណ៍ទឹកថ្លា និងទឹកជ្រោះភ្នំគូលែនជាដើម។
លោក ង៉ូវ សេងកាក់ បញ្ជាក់ថា ដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍ចូលមកកម្សាន្តនៅទឹកដីខេត្តសៀមរាប ឱ្យបានច្រើនក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ គឺមន្ទីរទេសចរណ៍បានចុះណែនាំដល់អ្នកលក់ដូរនៅតាមតំបន់ទេសចរណ៍ជាច្រើន កុំឱ្យលក់ម្ហូបថ្លៃហួសពីពេលធម្មតាខ្លាំងពេក ឯការជួលផ្ទះដើម្បីអង្គុយលេងជាដើមនោះ គឺមិនឱ្យលើសពីតម្លៃ១ម៉ឺនរៀលឡើយ។ ចំណែកនៅតាមផ្ទះសំណាក់មួយចំនួនទៀតសោត ក៏មន្ទីរទេសចរណ៍ណែនាំកុំឱ្យដំឡើងថ្លៃខ្ពស់ ប្រសិនបើម្ចាស់ផ្ទះសំណាក់ណាមិនស្ដាប់តាមការណែនាំ អាចនឹងត្រូវប្រឈមមុខ និងការស្ដីបន្ទោស ឬក៏ពិចារណាទៅលើការបន្តអាជ្ញាប័ណ្ណ មិនឱ្យធ្វើអាជីវកម្មតទៅទៀតជាដើម។
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី៣ នៅក្នុងទឹកដីខេត្តសៀមរាប ឆ្នាំនេះ ក្រៅតែពីមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រៀមចូលរួមធ្វើជាគណៈអធិបតី គឺមានកម្មវិធីជាច្រើនទៀត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូចជាការតាំងនំអន្សមយក្ស មួកស្លឹកត្នោតយក្ស អង្រុត និងកន្ត្រងប្រហុកយក្ស ជូនភ្ញៀវទស្សនា។ បន្ថែមលើនេះ គឺមានការបង្ហាញក្បាច់គុនល្បុក្កតោ ការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាចោលឈូង លាក់កន្សែង ស្ដេចចង់ ទាញព្រ័ត្រ និងរាំវង់ប្របកៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
