ភាព​ខុស​គ្នា​នៃ​​ក្រុម​សន្សំ​ប្រាក់​និង​ស្ថាប័ន​ហិរញ្ញវត្ថុ

0:00 / 0:00

អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា ការ​បង្កើត​ក្រុម​សន្សំ​ប្រាក់​នៅ​ក្នុង​សហគមន៍​ជា​យន្តការ​សម​ស្រប​មួយ ដើម្បី​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាជន​នៅ​ជនបទ និង​កាត់​បន្ថយ​ភាព​ក្រីក្រ។ ប៉ុន្តែ​យន្តការ​នេះ អាច​បរាជ័យ​​ ដោយ​សារ​តែ​ចំណេះ​ដឹង​នៃ​ក្រុម​សន្សំ​នៅ​មាន​កម្រិត និង​ខ្វះ​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​នានា។

អ្នក​ជំនាញ​បញ្ជាក់​ថា ប្រសិទ្ធភាព​ខ្ពស់​នៃ​ការ​​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​អាច​សម្រេច​បាន​នៅ​រយៈ​ពេល​​មធ្យម​ខាង​មុខ គឺ​ការ​ពង្រីក​ការ​ប្រើប្រាស់​សេវាកម្ម​​មីក្រូ​ហិរញ្ញវត្ថុ​ផ្លូវ​ការ។

ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ប្រជាជន​នៅ​តាម​ជនបទ និង​​លើក​កម្ពស់​សកម្មភាព​​អាជីវកម្ម​​ខ្នាត​តូច និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ជា​ដើម។ បច្ចុប្បន្ន​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​​កើន​ឡើង​ខ្លាំង និង​ពង្រីក​ការិយាល័យ​នៅ​ទូទាំង​ប្រទេស។ របាយការណ៍​របស់​​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​ថា គិត​រហូត​ដល់​ឆ្នាំ​២០១២ ស្ថាប័ន​ហិរញ្ញវត្ថុ​​ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា ទាំង​អស់​មាន​ចំនួន​ ៣៥​ស្ថាប័ន​ និង​បាន​ពង្រីក​​ចំនួន ១.១៤០​ការិយាល័យ ដែល​បាន​បញ្ចេញ​ប្រាក់​កម្ចី​ដល់​អតិថិជន​ប្រមាណ ៩០០​លាន​ដុល្លារ​​​អាមេរិក។ បច្ចុប្បន្ន​អតិថិជន​ដែល​ទទួល​បាន​ប្រាក់​កម្ចី​វិញ​មាន​ចំនួន ១,៦​លាន​គ្រួសារ​នៅ​ទូទាំង​ប្រទេស។

ទោះ​ជា​មាន​​​​ការ​កើន​ឡើង​​ដូច្នេះ ប៉ុន្តែ​មិន​បាន​បម្រើ​ប្រជាជន​ក្រីក្រ​ពិត​ប្រាកដ​ឡើយ។ ការ​ស្រាវជ្រាវ​ដោយ​​ស្ថាប័ន​មិន​មែន​រដ្ឋាភិបាល​ចំនួន​៤ គឺ អុកស្វាម (Oxfam) អង្គការ​ឃែរ (CARE) អង្គការ​ផែក (Pact) និង​អង្គការ​ស៊ីអរអែស (CRS=Catholic Relief Services) បាន​រក​ឃើញ​ថា ទូ​ទាំង​ប្រទេស​កម្ពុជា​ មាន​ប្រជាពលរដ្ឋ​​កម្ពុជា ប្រមាណ​ ៧០%​ មិន​អាច​ប្រើប្រាស់​សេវាកម្ម​​មីក្រូ​​ហិរញ្ញវត្ថុ ជា​ពិសេស​អ្នក​ក្រីក្រ។

ការ​រក​ឃើញ​បាន​លើក​ឡើង​ថា ក្រុម​ប្រជាជន​ក្រីក្រ​មិន​មែន​ជា​គោល​ដៅ​របស់​ស្ថាប័ន​​មីក្រូ​ហិរញ្ញវត្ថុ​ឡើយ។ កត្តា​នេះ​បាន​ធ្វើ​​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន មិន​អាច​សន្សំ​ប្រាក់ ខ្ចី​ប្រាក់​ និង​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ឡើយ។

មន្ត្រី​ទំនាក់​ទំនង​ប្រចាំ​តំបន់​របស់​អង្គការ​​អុកស្វាម លោក ស៊ាង សុលក្ខណ៍ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ជនបទ​ដែល​​ជា​អ្នក​ក្រីក្រ ​ភាគ​ច្រើន​មិន​មាន​កន្លែង​គ្រាប់​គ្រាន់​សម្រាប់​សន្សំ​ប្រាក់​ឡើយ។ ពេល​ខ្លះ​ពួកគាត់​មិន​ហ៊ាន​យក​ប្រាក់​របស់​ខ្លួន​ដែល​មាន​តិច​តួច​ទៅ​សន្សំ​ទុក​នៅ​ក្នុង​​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នោះ​ទេ។ លោក សុលក្ខណ៍ បន្ថែម​ថា ការ​បង្កើត​ក្រុម​សន្សំ​ប្រាក់​ជា​លក្ខណៈ​សហគមន៍​ជនបទ ជា​ដំណោះ​ស្រាយ​មួយ​សម្រាប់​ជួយ​លើក​កម្ពស់​ជីវភាព​​អ្នក​រស់​នៅ​ជនបទ​តាម​រយៈ​ការ​សន្សំ ការ​ខ្ចី​ពី​ក្រុម​ដែល​គេ​បាន​បង្កើត។

លោក ស៊ាង សុលក្ខណ៍ បន្ត​ថា ផល​ប្រយោជន៍​នៃ​ការ​ចូល​រួម​បង្កើត​ក្រុម​សន្សំ​ប្រាក់ មាន​ភាព​ងាយ​ស្រួល​ទទួល​បាន​​ព័ត៌មាន​ច្រើន​ពី​ការ​​​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ផ្សេងៗ ច្រើន​ជាង​អ្នក​ដែល​មិន​បាន​ចូល​រួម​ក្រុម។ បន្ថែម​លើ​នេះ ការ​ប្រាក់​ដែល​ប្រជាពលរដ្ឋ​ខ្ចី​​ក្នុង​ក្រុម​ មាន​តម្លៃ​ទាប​ជាង​ ស្ថាប័ន​ហិរញ្ញវត្ថុ និង​​ឈ្មួញ​ចង​ការ​ប្រាក់​ផ្សេងៗ។

ការ​ផ្សព្វផ្សាយ​និង​ការ​ពង្រីក​ការ​អនុវត្ត​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ផ្ដោត​លើ​ការ​សន្សំ ជា​យន្តការ​​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ​ទទួល​បាន​​ប្រាក់​មួយ​ចំនួន​សម្រាប់​វិនិយោគ​​លើ​អាជីវកម្ម​ផ្ទាល់​ខ្លួន។ មីក្រូ​ហិរញ្ញវត្ថុ​ដែល​ផ្ដោត​លើ​ការ​សន្សំ គឺ​ជា​គំរូ​សម្រាប់​ជួយ​ជន​ក្រីក្រ​ដែល​ផ្ដល់​កន្លែង​ដ៏​​មាន​សុវត្ថិភាព​ និង​ងាយ​ស្រួល​តាម​រយៈ ការ​ចង់​ក្រង​គ្នា​ជា​ក្រុម​​សន្សំ​ប្រាក់​ ខ្ចី​ប្រាក់​ទៅ​វិញ​ទៅ​មក។

ការ​លើក​កម្ពស់​ប្រជាពលរដ្ឋ​​ក្រីក្រ​ក្នុង​ការ​ទទួល​បាន​ឥណទាន​ គឺ​ជា​យុទ្ធសាស្ត្រ​សម​ស្រប​កាត់​បន្ថយ​ភាព​ក្រីក្រ។ ប៉ុន្តែ​ការ​បង្កើត​ក្រុម​សន្សំ​ទទួល​បាន​ជោគជ័យ​ អាស្រ័យ​លើ​អ្នក​ដឹក​នាំ​ក្រុម។ ម៉្យាង​វិញ​ទៀត​ ការ​កៀរគរ​ចំនួន​អ្នក​ក្រីក្រ​ឲ្យ​មក​សន្សំ​ប្រាក់ ហាក់​ដូច​ជា​​នៅ​មាន​កម្រិត​នៅ​ឡើយ និង​ប្រើ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ទៀត ដោយ​សារ​តែ​ប្រជាជន​កម្ពុជា​ជា​ច្រើន​ស្ថិត​នៅ​ក្បែរ​អត្រា​ភាព​ក្រីក្រ។

កត្តា​នេះ នាំ​ឲ្យ​ការ​បង្កើត​ក្រុម​សន្សំ​ប្រាក់​ជា​លក្ខណៈ​សហគមន៍​ហាក់​ដូច​ជា​មិន​ប្រសិទ្ធភាព​ជាង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ដែល​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​ឡើយ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ បន្ថែម​លើ​នេះ ដើម្បី​លើក​កម្ពស់​ប្រជាកសិករ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​កាន់​តែ​ច្រើន​ គឺ​ការ​​​អប់រំ។

ប្រធាន​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ លោក ប៊ុន មុនី បាន​អះអាង​ថា ការ​កើន​ឡើង​ស្ថាប័ន​​ហិរញ្ញវត្ថុ​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ជន​បទ​កាន់​តែ​សម្បូរ​បែប​ក្នុង​ការ​ខ្ចី​ប្រាក់។ ប៉ុន្តែ​លោក​បញ្ជាក់​ថា អតិថិជន​ដែល​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ ត្រូវ​មាន​ផែន​ការ​អាជីវកម្ម​ ឬ​គោល​ដៅ​ច្បាស់​លាស់។

លោក ប៊ុន មុនី មាន​ប្រសាសន៍​បន្ថែម​ថា ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​បម្រើ​ឲ្យ​អ្នក​ដែល​មាន​តម្រូវ​ការ​ពិត​ប្រាកដ​យក​ទៅ​ប្រើ​ប្រាស់​ចំ​គោល​ដៅ ប៉ុន្តែ​មិន​បម្រើ​ឲ្យ​អតិថិជន​​ដែល​យក​ទៅ​ចំណាយ​ឥត​ប្រយោជន៍​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​ក្រីក្រ ឆន្ទៈ​ការ​ដឹក​នាំ​ក្រុម​សន្សំ​អាច​ធ្វើ​​​គំរូ​នៃ​ការ​សន្សំ​ប្រាក់​​នៅ​តាម​មូលដ្ឋាន​​ចូល​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​ប្រជាជន​ជនបទ​នៅ​មាន​កម្រិត។ ដោយ​ផ្នែក​លើ​និយមន័យ​ភាព​ក្រីក្រ​ប្រមាណ ​៥​ពាន់​រៀល​​ក្នុង​មួយ​ថ្ងៃ​ គឺ​មាន​ប្រជាជន​កម្ពុជា​ ស្ថិត​នៅ​ភាព​ក្រីក្រ​ប្រមាណ ៦​លាន​នាក់។

ស្ថាប័ន​ស្រាវ​ជ្រាវ​លើ​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​ជួយ​ជំរុញ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​បង្ហាញ​ថា ប្រសិន​បើ​កម្ពុជា ជំរុញ​ឲ្យ​មាន​ក្រុម​សន្សំ​ប្រាក់​មួយ​លាន​នាក់​ គឺ​អាច​បង្កើត​​ធនធាន​​ហិរញ្ញវត្ថុ​​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ក្នុង​ន័យ​នេះ ការ​បង្កើត​​ក្រុម​សន្សំ​រហូត​​ដល់ ៦​លាន​នាក់​ គឺ​អាច​បង្កើត​ធនធាន​ហិរញ្ញវត្ថុ​​ប្រមាណ​ជិត ២០០​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​ ២០០៥ រហូត​ដល់​​បច្ចុប្បន្ន ក្រុម​សន្សំ​​ប្រាក់​​ជា​លក្ខណៈ​សហគមន៍​មាន​ចំនួន​ប្រមាណ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។