តាំងពីម៉ោង ៥ព្រឹក មនុស្សម្នាចាប់ផ្ដើមកកកុញនៅម្តុំផ្សារដើមគ។ អាជីវករអ្នកលក់ដូរគ្រឿងរណ្ដាប់ថ្វាយទេវតា ប្រញាប់ប្រញាល់រៀបចំឥវ៉ាន់ដើម្បីទុកលក់ឲ្យអតិថិជនរបស់ពួកគាត់។ អ្នកលក់ដូរគ្រឿងរណ្ដាប់ទទួលទេវតាទាំងនោះ មិនមែនជាអ្នកលក់អាជីពនៅផ្សារដើមគ ទេ ប៉ុន្តែពួកគាត់មកលក់បាយសី ផ្កាភ្ញី ផ្លែឈើ នៅទីនេះតែរដូវបុណ្យទានប្រពៃណីសំខាន់ៗប៉ុណ្ណោះ។
អង្គុយលើចិញ្ចើមផ្លូវ បែកញើសហូរសស្រាក់ទាំងព្រលឹម ដៃកំពុងធ្វើស្លាធម៌បណ្ដើរ និយាយបណ្ដើរ អ្នកលក់ស្លាធម៌មកពីភូមិកោះក្របី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល អ្នកស្រី ផេង សុផា ប្រាប់ថា អ្នកស្រីប្រកបរបរលក់ស្លាធម៌នេះជាច្រើនឆ្នាំមកហើយ គឺលក់តាមរដូវ។ រដូវចូលឆ្នាំខ្មែរ លក់ស្លាធម៌ ផ្កាភ្ញី រដូវចូលឆ្នាំចិន លក់ដើមផ្កាអង្គារសីល និងរដូវភ្ជុំលក់នំអន្សមជាដើម។ អ្នកស្រីបន្តថា រដូវចូលឆ្នាំថ្មីនេះ លក់ដាច់គួរសម ព្រោះមានអ្នកមកបញ្ជាទិញស្លាធម៌ច្រើន អ្នកខ្លះយកទៅលក់បន្ត និងអ្នកខ្លះទិញយកទៅថ្វាយទេវតាតាមផ្ទះរៀងខ្លួន។ អ្នកស្រីបញ្ជាក់ថា ព្រោះតែរបរលក់ស្លាធម៌នេះ គ្រួសារគាត់រកប្រាក់បានគ្រប់គ្រាន់សម្រាប់ចំណាយធ្វើបុណ្យទានក្នុងឱកាសចូលឆ្នាំថ្មី។
អ្នកស្រីបន្តថា អ្នកភូមិគាត់ភាគច្រើនជាអ្នកចម្ការ ថ្ងៃធម្មតាដាំដំណាំ រីឯថ្ងៃបុណ្យទាន ថ្ងៃសីល ពួកគាត់យកផ្កាភ្ញី និងរណ្ដាប់ដង្វាយសម្រាប់សែនព្រេនទាំងនោះយកទៅលក់នៅទីផ្សារ។
ប្រជាពលរដ្ឋភាគច្រើន យួរឥវ៉ាន់រយីងរយោង។ អ្នកខ្លះទិញបាយសីពីរបីម្នាក់ឯង។ អ្នកខ្លះកាន់ផ្លែឈើ ទឹកក្រូច ទៀនធូប យកទៅថ្វាយទេវតា។ ក្រៅពីបាយសី និងគ្រឿងដង្វាយផ្សេងៗ ឆ្នាំនេះមិនដូចឆ្នាំមុនទេ ព្រោះថាសង្ក្រាន្តឆ្នាំម្សាញ់ ត្រូវចំថ្ងៃអាទិត្យ ហើយទេវតាឆ្នាំថ្មីសោយផ្លែឧទុម្ពរ ឬផ្លែល្វា។ ដូចនេះ វត្តមានផ្លែល្វា ក៏មាននៅលើទីផ្សារដែរ។ ផ្លែល្វាឆ្នាំនេះ លក់ថ្លៃ ឬថោក ដោយកន្លែង។ នៅផ្សារដើមគ ល្វាមួយគីឡូ លក់ពី ៥ពាន់ ទៅ ១ម៉ឺនរៀល នៅផ្សារច្បារអំពៅ មួយគីឡូ លក់ថ្លៃជាង ១ម៉ឺនរៀល និងផ្សារពោធិចិនតុង លក់តម្លៃ ៣ម៉ឺនរៀលក្នុង១គីឡូ។
អ្នកលក់ផ្លែល្វា អ្នកស្រី ចន្ធី ឲ្យដឹងបន្តថា អ្នកស្រីឮសូរវិទ្យុផ្សាយថា ទេវតាសោយផ្លែល្វា ទើបសម្រេចចិត្តទៅទិញផ្លែល្វាពីកំពង់ចាម យកមកលក់ ដោយទិញពីពលរដ្ឋមួយគីឡូថ្លៃ ២ពាន់រៀល។ អ្នកស្រីបន្តថា គាត់លក់ដាច់ពេលព្រឹក លុះដល់ថ្ងៃបន្តិច ស្រាប់តែមិនមានអ្នកសួររកទិញសោះ ទោះបីបញ្ចុះតម្លៃពី ១ម៉ឺនរៀល មកនៅត្រឹម ៥ពាន់រៀលក្នុងមួយគីឡូក៏ដោយ។
ទន្ទឹមនឹងនេះ អ្នកស្រី សេង សុភាព ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ឲ្យដឹងថា គ្រួសារគាត់មិនទៅស្រុកកំណើតទេ ដោយនៅចូលឆ្នាំនៅផ្ទះភ្នំពេញវិញម្តង ព្រោះទៅស្រុករាល់ឆ្នាំហើយ។ អ្នកស្រីបន្តថា អ្នកស្រីទិញគ្រឿងរណ្ដាប់ជាច្រើនមុខ ដើម្បីថ្វាយទេវតាសុំសុខសប្បាយ ប៉ុន្តែមិនសែនផ្លែល្វាទេ ព្រោះខ្លាចកូនតូចរបស់គាត់លួចយកទៅញ៉ាំ ធ្វើឲ្យមានបញ្ហា។
អាជីវករនៅផ្សារដើមគ និងផ្សារមួយចំនួនទៀត ឲ្យដឹងស្រដៀងគ្នាថា ជារៀងរាល់ឆ្នាំ ដើម្បីទទួលបានទីតាំងដាក់លក់ស្លាធម៌ ផ្កាភ្ញី និងគ្រឿងរណ្ដាប់ផ្សេងៗតាមចិញ្ចើមផ្លូវនេះ អាជីវករត្រូវបង់លុយឲ្យប៉ូលិស និងភ្នាក់ងារសណ្ដាប់ធ្នាប់ផ្សារអស់ប្រហែល ៥ពាន់រៀល ទៅ ១ម៉ឺនរៀលក្នុងមួយថ្ងៃ។ ឆ្នាំនេះ អាជីវករលក់គ្រឿងដង្វាយថ្វាយទេវតាទាំងនោះ ក៏ត្រូវឲ្យលុយទៅភ្នាក់ងារសណ្ដាប់ធ្នាប់ និងប៉ូលិស អស់ជាច្រើនដែរ។
ទោះជាយ៉ាងណាក្តី ក្រុមសណ្ដាប់ធ្នាប់ និងប៉ូលិស សុទ្ធតែមិនអត្ថាធិប្បាយឡើយ ដោយលើកឡើងថា ខ្លាចថ្នាក់លើបន្ទោស។ សង្ក្រាន្តចូលមក ឬពាក្យសាមញ្ញ និយាយថា ចូលឆ្នាំថ្មីមកដល់ នៅថ្ងៃអាទិត្យ ៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ២ និង ១២នាទី ទាបភ្លឺ ហើយទេពធីតារក្សាឆ្នាំនេះ ព្រះនាម ទុង្សាទេវី ដែលជាបុត្រីទីមួយរបស់ កបិលមហាព្រហ្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
