អាជីវករផ្សារលើនៃខេត្តកំពង់ឆ្នាំង បារម្ភខ្លាចបាត់បង់តូបលក់ដូររបស់ខ្លួន បន្ទាប់ពីអាជ្ញាធរប្រកាសឲ្យរុះរើដើម្បីស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ក្នុងក្រុង របស់គម្រោងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា ចៃកា (JICA)។ ក្រុមអាជីវករទាមទារឲ្យអាជ្ញាធរ និងប្រធានផ្សារ ផ្ដល់ព័ត៌មានជាក់លាក់ទាក់ទងបញ្ហានេះដល់ពួកគាត់ មុននឹងធ្វើការស្ថាបនា។
ក្រុមអាជីវករលក់ដូរនៅប៉ែកខាងជើង និងខាងត្បូងនៃផ្សារលើប្រមាណជា ៤៥០តូប កំពុងមានការស្ទាក់ស្ទើរ និងចាំមើលបំណាំគ្នាទៅវិញទៅមកក្នុងការរុះរើតូបរបស់ខ្លួន ខណៈដែលគម្រោងស្ថាបនានឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ខែមិថុនា។ ក្រុមអាជីវករមិនទាន់ដឹងច្បាស់ថា ត្រូវទៅលក់នៅទីកន្លែងណាបណ្ដោះអាសន្ន ហើយក្រោយស្ថាបនាប្រព័ន្ធលូបង្ហូរទឹករួច ពួកគាត់អាចចូលមកលក់ដូរនៅកន្លែងដើមវិញបាន ឬអត់នោះទេ។
អាជីវករលក់គ្រឿងទេសប៉ែកខាងត្បូង អ្នកស្រី រស់ សុផល មានប្រសាសន៍ថា អ្នកស្រីនឹងមិនរុះរើចេញឡើយ ប្រសិនបើអាជ្ញាធរ ឬប្រធានផ្សារមិនរកកន្លែងឲ្យលក់បណ្ដោះអាសន្ន និងធានាថា ពួកគាត់អាចចូលមកលក់ដូរនៅកន្លែងដើមវិញបាន។ អ្នកស្រីបន្តថា សូម្បីតែនៅរាជធានីភ្នំពេញក៏មានផ្សារសេរីដែរ ដូច្នេះនៅតាមខេត្តក៏អាចមានផ្សារបែបនេះដែរ៖ «ខ្ញុំសំណូមពរថា បើសិនជារើរុះកន្លែងពួកខ្ញុំលក់ហ្នឹង សូមឲ្យមានទីតាំងលក់ដូរស្រួលបួល កុំឲ្យយកគ្នាទៅរតាត់រតាយ។ និយាយរួម ខ្ញុំលក់ជាង ១០ឆ្នាំហើយ គេអត់ប្រាប់ដំណឹងយើងរុះទៅណាទៅណីអីផង គ្រាន់តែថាឲ្យយើងរើមិនដឹងរើទៅដាក់ឯណា?»។
ចំណែកអាជីវករលក់ខោអាវជជុះនៅប៉ែកខាងជើង អ្នកស្រី ស្រេង ណាវី បញ្ជាក់ថា ការរៀបចំប្រព័ន្ធលូ និងរៀបចំសណ្ដាប់ធ្នាប់ផ្សារនេះ អ្នកស្រីមិនជំទាស់ឡើយ ប៉ុន្តែបើមានការរុះរើត្រូវរុះរើទាំងអស់គ្នា ទើបអ្នកស្រីយល់ព្រម។ អ្នកស្រីបារម្ភខ្លាចបាត់បង់តូបលក់ដូរនៅក្រោយការស្ថាបនាប្រព័ន្ធលូ និងសណ្ដាប់ធ្នាប់ផ្សាររួច ដោយគេមិនអនុញ្ញាតឲ្យចូលលក់ដូរនៅកន្លែងដើមវិញ។
ទាក់ទងបញ្ហានេះ ប្រធានគណៈកម្មការផ្សារលើ លោក លន់ ថា មានប្រសាសន៍ថា ខាងលោកមិនអាចសម្រេចថាអនុញ្ញាត ឬមិនមិនអនុញ្ញាតឲ្យអាជីវករចូលលក់ដូរនៅកន្លែងដើមវិញនោះទេ គឺអាស្រ័យទៅលើអាជ្ញាធរ។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅមិនទាន់មានផែនការច្បាស់លាស់ និងចាត់ចែងឲ្យក្រុមអាជីវករទៅលក់នៅកន្លែងណាបណ្ដោះអាសន្ននោះទេ៖ «ការរៀបចំហ្នឹងបើសិនខាងចៃកា គេធ្វើម្ដងមួយចំហៀងអ៊ីចឹង យើងមានតែទៅខាងណោះសិនទៅ ហើយបើសិនខាងណោះរួច មកខាងនេះសិនមក អាហ្នឹងវាអត់មានបញ្ហាអីទេ វាដូចជាជំហររបស់ខ្ញុំ ប៉ុន្តែថាក្រែងលោថ្នាក់លើគេឯកភាពមិនឯកភាព យើងអត់ទាន់ហ៊ានថាណាប្អូន»។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងអភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុករៀបចំផែនការសណ្ដាប់ធ្នាប់ លោក ហ៊ីង ណាត ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១០ ខែមេសា។
យ៉ាងណា ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន ធឿន មានប្រសាសន៍ថា ខាងក្រុមប្រឹក្សាមិនទាន់ទទួលបានរបាយការណ៍នេះ ដើម្បីពិភាក្សា និងសម្រេចនៅឡើយទេ។ ប៉ុន្តែលោកថា ក្រោយពីស្ថាបនាលូ និងផ្លូវបានស្អាត អាជ្ញាធរអាចនឹងមានវិធានការបណ្ដេញ ឬរៀបចំមិនឲ្យមានការលក់ដូររប៉ាត់រប៉ាយដូចសព្វថ្ងៃនេះឡើយ៖ «កន្លងមក គឺមិនដែលថាឲ្យគាត់លក់ដូរនៅកន្លែងហ្នឹងទេ មានតែដេញគាត់ មានតែឲ្យគាត់ចៀសចេញពីកន្លែងលូកន្លែងផ្លូវសាធារណៈហ្នឹង។ ប៉ុន្តែគាត់ជាអ្នកជម្នះលក់ទៅ ហើយដោយសារតែគាត់គ្នាច្រើន ហើយខេត្តអត់មានដីឯណាឲ្យគាត់លក់ផង យើងចេះតែនៅអ៊ីចឹងទៅ។ គម្រោងផ្សារគេមានផ្លូវជុំវិញផ្សារហ្នឹង»។
ផែនការសាងសង់ប្រព័ន្ធលូនៅអមសងខាងផ្សារនេះ នឹងចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤។ ចំណែករយៈពេលនៃការក្រាលកម្រាល គឺចាប់ពីថ្ងៃទី២០ កក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។ ទាក់ទងគម្រោងនេះ លោក ម៉ែន ធឿន បញ្ជាក់ថា គម្រោងស្ថាបនាប្រព័ន្ធលូ និងផ្លូវថ្នល់នៅទូទាំងក្រុង គឺជាជំនួយរបស់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣លានដុល្លារ និងបានចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ២០១៣ និងអាចបញ្ចប់ទៅវិញនៅចុងឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
