ឧបករណ៍ដែលប្រជាពលរដ្ឋនិយមផលិតច្រើនជាងគេនៅក្នុងតំបន់នោះ រួមមានកញ្ច្រែង កន្ត្រងប្រហុក ទ្រនាប់ឆ្នាំង និងស៊ុមមាន់ជាដើម។ ឧបករណ៍ដែលប្រជាពលរដ្ឋផលិតនោះ សុទ្ធសឹងតែជា ឧបករណ៍ធ្វើចេញពីដើមឫស្សីស្ទើរទាំងស្រុង។
ប្រជាពលរដ្ឋឈ្មោះ លោក ញ៉ោម ស៊ីនី រស់នៅភូមិព្រៃខ្លា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ មានប្រសាសន៍នៅថ្ងៃទី១៣ តុលា ថា ចំពោះដើមឫស្សីដែលជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតនោះ គឺប្រជាពលរដ្ឋដើរប្រមែប្រមូលទិញពីប្រជាពលរដ្ឋនៅភូមិក្បែរខាង ជួនជិតជួនឆ្ងាយទៅតាមតម្រូវការ និងរដូវកាលនៃការផលិតរបស់អ្នកភូមិ។ បើលក់ដាច់បានច្រើន តម្រូវការក៏ច្រើនទៅតាមនោះដែរ។ចំពោះរបៀបធ្វើស៊ុមមាន់ លោកថា បញ្ហានេះពុំសូវមានការស្មុគស្មាញលំបាកអ្វីនោះឡើយ។
លោក ញ៉ោម ស៊ីនី៖ «ដូចយើងធ្វើស៊ុមអ៊ីចឹង មុនដំបូងយើងដើររកទិញថ្ង (ឫស្សីថ្ង) យើងទិញថ្ង ពេលយើងយកមកទាញ ហើយយើងជាដំបូង យើងពុះបិទវាធ្វើជាព្រុយទៅ។ បន្ទាប់មកទៀតយើងកវាជាក្បាល ហើយនិងបំបែកវា ហើយខ្ទាស់វាទៅតែម្ដង»។
លោកថា ក្នុងគ្រួសាររបស់លោកមានគ្នា ៥នាក់ សម្រាប់ធ្វើការផលិត ហើយក្នុងមួយថ្ងៃផលិតលក់បានប្រាក់ប្រមាណពី ៣ម៉ឺន ទៅ ៤ម៉ឺនរៀលដែរ។
ចំណែកឯអ្នកស្រី សរ សុផា រស់នៅភូមិជាមួយគ្នានេះដែរ បានរៀបរាប់ថា អ្នកស្រីបានផលិតចំពោះតែកន្ត្រងប្រហុកមួយមុខប៉ុណ្ណោះ ដោយមិនបានផលិតច្រើនយ៉ាង ដូចប្រជាពលរដ្ឋដទៃទៀតនោះទេ។ អ្នកស្រីថា មូលហេតុដែលអ្នកស្រីផលិតតែមួយមុខ ដោយសារអ្នកស្រីមានតែម្នាក់ឯង ហើយម្យ៉ាងវិញទៀត ការធ្វើកន្ត្រងវាមានលក្ខណៈងាយស្រួលជាងការផលិតឧបករណ៍ដទៃ។
ចំពោះរបៀបធ្វើកន្ត្រងវិញ អ្នកស្រីបានពន្យល់ថា៖ «មុនដំបូងឫស្សីយកមកពុះទ្រៀស ហើយគេចាប់ផ្ដើមបង្ហាញវាធ្វើទៅ។ អត់ហាលផង យកមកគេពុះធ្វើតែម្ដង គេអត់ហាលទេ ដល់ហាលស្ងួតធ្វើអត់កើត។ ពុះច្រៀកទៅ អារទ្រៀស ខ្ទាស់នឹងទ្រៀសល្អិតទៅ អាឆ្អឹងវាហ្នឹងរាងធំៗ ហើយកណ្ដាប់នោះតឹងទៀត»។
អ្នកស្រីបន្តថា ក្នុងមួយថ្ងៃអាចផលិតកន្ត្រងបានពី ៣០ ទៅ ៤០កន្ត្រងដែរ ដោយក្នុងកន្ត្រងមួយលក់ក្នុងតម្លៃបោះដុំពី ២៥០ ទៅ ៣០០រៀល។ អ្នកស្រីថា ចំពោះរបស់ដែលប្រជាពលរដ្ឋផលិតបាន អ្នកខ្លះគេដឹកយកវាទៅលក់នៅតាមបណ្ដាលខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋខ្លះទៀត មិនបានយកវាទៅលក់ខ្លួនឯង ក៏អាចលក់ទៅឲ្យឈ្មួញដើរទិញតាមផ្ទះបានដែរ។ ប៉ុន្តែការលក់ឲ្យឈ្មួញតាមផ្ទះវាមានតម្លៃទាបជាងតម្លៃយកទៅលក់តាមបណ្ដាខេត្ត។
ឈ្មួញអ្នកទិញពីប្រជាពលរដ្ឋដឹកលក់តាមកង់ឈ្មោះលោក អ៊ុក សារុម ថ្លែងថា លោកបានដើរប្រមូលទិញពីប្រជាពលរដ្ឋតាមភូមិ រួចដឹកយកទៅលក់នៅតាមបណ្ដាខេត្តមួយចំនួន ដូចជានៅខេត្តកណ្ដាល ខេត្តព្រៃវែង កំពង់ចាម និងខេត្តតាកែវ ជាដើម។
លោកថាបើលក់ដាច់បានច្រើនក៏ចំណេញបានគួរសមដែរ ប៉ុន្តែរបរនេះមិនអាចលក់បានតម្លៃខ្ពស់ដូចអាជីវករអ្នកលក់នៅតាមទីផ្សារនោះឡើយ៖ «បាទ! ចំណូលមិនបានជានេះទេបង គ្រាន់ថាទប់ទល់ ព្រោះរបស់ហ្នឹងលក់តាមបានកាលណាគេជួយទិញច្រើនទៅបានទៅ បើកាលណាគេមិនជួយទិញទៅក៏នៅកកកុញទៅ មិនដូចថារបស់ដើរបោះតាមផ្សារទេ។ ចេះតែជិះទៅ ដល់ពេលថ្ងៃសម្រាកទៅ ត្រជាក់បន្តិចចេញទៀតទៅ...»។
លោកបន្តថា ថ្ងៃណាលក់ដាច់បានប្រាក់ប្រមាណជិត ១០ម៉ឺនរៀល ហើយថ្ងៃណាដែលលក់មិនសូវដាច់បាន ៥ម៉ឺនរៀល។ លោកថា ក្នុងនោះប្រាក់ចំណេញប្រមាណ ២ ទៅ ៣ម៉ឺនរៀលទៅតាមការលក់ដាច់តិចនិងដាច់បានច្រើន។
ជំទប់ទី១ ឃុំពោធិ៍រាជ លោក យូ ដារា បញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋដែលប្រកបរបរហត្ថកម្មក្នុងឃុំរបស់លោកមានប្រមាណជាង ៤០គ្រួសារ។ ក្នុងនោះរួមមានប្រជាពលរដ្ឋនៅភូមិព្រៃខ្លា មានចំនួន ១៥គ្រួសារ ភូមិប្រាសាទ ១២គ្រួសារ ភូមិតាមុំ ៨គ្រួសារ និងនៅភូមិចិន្សា ចំនួន ៩គ្រួសារ។
លោកបន្តថា ប្រជាពលរដ្ឋបានចាប់យករបរនេះជារបរបន្ថែមបន្ទាប់ពីទំនេរពីការធ្វើស្រែចម្ការអស់រយៈពេលជាង ១០ឆ្នាំមកហើយ៖ «វាខ្ទង់ ១០ឆ្នាំជា។ បញ្ហាដែលគាត់ប្រកបមុខរបរហ្នឹង អ្នកខ្លះទៅដាំដូចជាថ្ង ដាំដូចជាឫស្សី អ៊ីចឹងគាត់លក់មិនដាច់ ដល់លក់មិនដាច់អ៊ីចឹងគាត់បង្កើតជាមុខរបររបស់គាត់ គឺកន្ត្រង ជើងឆ្នាំង ដើម្បីយកទៅលក់នៅខេត្តក្រៅៗ ព្រោះនៅខេត្តយើងរកទីផ្សារអត់បាន មានតែដឹកលក់ ហើយចំណាយពេលវេលាដល់មួយខេត្តឯណោះ។ កាលពីមុខមានអង្គការគេមកជួយចូលរួមដែរ តែឥឡូវក្នុងឆ្នាំហ្នឹងវាអត់ឃើញមានសោះ»។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋអ្នកប្រកបរបរនេះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងអង្គការសង្គមស៊ីវិលនានា ដែលមានការពាក់ព័ន្ធនឹងបញ្ហានេះ ធ្វើយ៉ាងណាជួយរកទីផ្សារលក់ផលិតផលដែលពួកគាត់ផលិតបាន ឲ្យមានតម្លៃប្រសើរជាងពេលបច្ចុប្បន្ន។ បើពុំមានវិធានការជួយពួកគាត់ឲ្យបានទាន់ពេលវេលាទេ មុខរបរនេះនឹងត្រូវបាត់ស្រមោលពីទឹកដីរបស់ពួកគាត់នៅថ្ងៃណាមួយជាក់ជាពុំខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
