ព្រះសង្ឃខ្មែរកម្ពុជាក្រោមស្នើឲ្យតុលាការក្រុងភ្នំពេញ ស៊ើបអង្កេតរកជនទី៣ ដែលជាជនសង្ស័យ នៅពីក្រោយខ្នងឃាតកម្មលើព្រះគ្រូសូត្រស្ដាំវត្តសាមគ្គីរង្សី យកមកកាត់ទោសដូចជនដៃដល់ដែលប្រព្រឹត្តបទល្មើស។
ការស្នើសុំនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសជនជាប់ចោទ ចាក់សម្លាប់ព្រះគ្រូសូត្រស្ដាំវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ខាន់ ដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់២០លានរៀល។
ករណីឃាតកម្មចាក់សម្លាប់ព្រះគ្រូសូត្រស្ដាំវត្តសាមគ្គីរង្សី នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានកើតឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ដោយជនដៃដល់គឺអតីតសាមណេរឈ្មោះ លី ទ្វឹង ដែលគង់នៅវត្តជាមួយគ្នា។
ប្រធានរដ្ឋបាលសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងជាប្រធានរដ្ឋបាលវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ថាវរី បានឲ្យដឹងថា លោកពេញចិត្តនឹងសាលក្រមនេះ ប៉ុន្តែលោកបានហៅសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ថាមិនទាន់បានចុះស៊ើបអង្កេតឲ្យគ្រប់ជ្រុងជ្រោយ និងរកជននៅពីក្រោយឃាតកម្មនេះ៖ «ជុំវិញសំណុំឃាតកម្មនេះ អត់ដែលមានប៉ូលិសណាចុះមកស៊ើបអង្កេតដល់ទីកន្លែងទេ អ៊ីចឹងវាមិនសមស្របតាមនីតិវិធីរបស់តុលាការ និងច្បាប់ឡើយ »។
យ៉ាងណាក៏ដោយមន្ត្រីសង្គមស៊ីវិល ដែលតាមដានឃាតកម្មនេះតាំងពីដំបូងមក ធ្លាប់បានដាក់ការសង្ស័យថា ករណីនេះអាចមន្ត្រីមានអំណាច និងឈ្មួញរកស៊ីដីនៅពីក្រោយជម្លោះរវាងព្រះសង្ឃពីរអង្គនេះ រហូតដល់មានការចាក់សម្លាប់គ្នាដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
