គ្រូបង្រៀន​ខ្លះ​នៅ​វិទ្យាល័យ​ក្រឡាញ់​ព្រមាន​ធ្វើ​កូដកម្ម​ប្រឆាំង​នាយក​សាលា

0:00 / 0:00

ទំនាស់​រវាង​គ្រូបង្រៀន​មួយ​ក្រុម​នៅ​វិទ្យាល័យ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ជាមួយ​នឹង​នាយក​សាលា​នោះ បាន​អូស​បន្លាយ​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។ ក្រុម​គ្រូបង្រៀន​ខ្លះ​អះអាង​ថា គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​សៀមរាប តាំងតែ​ពី​ខែ​មីនា ឆ្នាំ​២០១៤ កន្លង​ទៅ ធ្វើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ទៅ​សម្រប​សម្រួល​ជា​ច្រើន​លើក ក៏​ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​ទាន់​ទទួល​បាន​ការ​ដោះស្រាយ​ត្រឹមត្រូវ​នៅ​ឡើយ។

ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ក្រឡាញ់ ជា​ច្រើន​នាក់ បាន​ព្រមាន​ថា ពួកគេ​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ដោយ​មិន​បង្រៀន​សិស្ស​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​ឧសភា។

​ការ​ព្រមាន​ធ្វើ​កូដកម្ម បាន​កើត​ឡើង​បន្ទាប់​ពី​គ្រូបង្រៀន​មួយ​ចំនួន​ចោទ​ប្រកាន់​នាយក​សាលា​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​ថា មាន​ការ​ចាយវាយ​ប្រាក់​កម្មវិធី​អាទិភាព ភីប៊ី (PB) របស់​រដ្ឋាភិបាល​គ្មាន​តម្លាភាព ហើយ​ពួកគេ​បាន​ប្ដឹង​ទៅ​មន្ទីរ​អប់រំ​យុវជន និង​កីឡា ក៏ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ណា​អាច​ទទួល​យក​បាន​ទេ។

ប្រធាន​ក្រុម​បច្ចេកទេស​នៃ​វិទ្យាល័យ​ក្រឡាញ់ ដែល​សកម្ម​ក្នុង​ការ​តវ៉ា គឺ​លោក ឌិន ចន្ថា។ លោក​មាន​ប្រសាសន៍​ថា រូប​លោក​និង​ក្រុម​គ្រូបង្រៀន ១៦​រូប​ទៀត នឹង​នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដក​ហូត​តំណែង​នាយក​សាលា ដែល​ទើប​តែ​ឡើង​ថ្មី​នោះ​វិញ។

លោក ឌិន ចន្ថា ចោទ​ប្រកាន់​នាយក​សាលា​ដែល​ទើប​តែ​ឡើង​ថ្មី គឺ​លោក ស៊ាន ផល្លា ថា​បាន​ចាយ​វាយ​ថវិកា​ភីប៊ី របស់​រដ្ឋ ដោយ​មិន​មាន​តម្លាភាព​ទេ។ គ្រូបង្រៀន​ដដែល​រិះគន់​ថា រយៈពេល ២​ឆ្នាំ​មក​ហើយ​ដែល​នាយក​សាលា​ថ្មី​ឡើង​កាន់​តំណែង គឺ​មិន​ដឹង​ថា យក​ប្រាក់​ភីប៊ី ទៅ​ចាយ​វាយ​លើ​អ្វី​ខ្លះ ពីព្រោះ​នៅ​ក្នុង​សាលារៀន​អត់​មាន​សម្ភារៈ​ប្រើប្រាស់ ដូចជា​អំបោស ក្រដាស​សម្រាប់​សរសេរ​ពាក្យ​ស្លោក​ជាដើម។ សមា្ភរៈ​ទាំង​អស់​នេះ​គឺ​ធ្លាក់​បន្ទុក​ទៅ​លើ​សិស្ស ដែល​ត្រូវ​រៃ​លុយ​គ្នា​ទិញ​វិញ។
ចំណែក​ការ​បង្រៀន​រាល់​ថ្ងៃ​ទៀតសោត គឺ​គ្រូ​អត់​មាន​ទឹក​ហ្វឺត​សរសេរ​ទេ ត្រូវ​ដាក់​បន្ទុក​ឱ្យ​សិស្ស​រៃ​លុយ​គ្នា​ទិញ ប៉ុន្តែ​ថ្នាក់​ខ្លះ​ដែល​គ្មាន​លុយ​ទិញ​ទឹក​ហ្វឺត គឺ​គ្រូ​អត់​បាន​បង្រៀន ហើយ​នៅ​ក្នុង​បរិវេណ​សាលា​ទាំង​មូល គឺ​ក្រៀមក្រោះ ដោយ​មិន​មាន​ការ​រៀបចំ​ជា​ដើម។

លោក ឌិន ចន្ថា បញ្ជាក់​ថា ដោយសារ​ករណី​ជា​ច្រើន​នេះ គឺ​លោក​បាន​ប្ដឹង​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​តាំង​តែ​ពី​ជាង ១​ឆ្នាំ​មុន ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​មន្ត្រី​ណា​រក​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ៖ «ប្រាក់​ភីប៊ី​ហ្នឹង​កាល​ឆ្នាំ​២០១៣ អី​នោះ ១​ជុំ​វា​មាន ៥​លាន ២០​ម៉ឺន​រៀល ជុំ​ខ្លះ ៥​លាន ហើយ​ក្នុង ១​ឆ្នាំៗ​គឺ​មាន ៤​ជុំ។ ពេល​អ៊ីចឹង​គាត់​ប្រើប្រាស់​អត់​ដឹង​មុខ​ដឹង​មាត់ ហើយ​បើ​មើល​ទៅ​លើ​សមិទ្ធផល​ផ្សេងៗ​ដូចជា​អត់​មាន»

ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយក​វិទ្យាល័យ​ក្រឡាញ់ លោក ស៊ាន ផល្លា ដើម្បី​សុំ​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​ប្រធាន​ការិយាល័យ​អប់រំ ស្រុក​ក្រឡាញ់ លោក ទេស សារិន មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​រវាង​ក្រុម​គ្រូបង្រៀន​ជាមួយ​នាយក​វិទ្យាល័យ​ក្រឡាញ់​នោះ គឺ​កើត​មាន​យូរ​ហើយ ដោយ​រូប​លោក​បាន​ត្រឹមតែ​ដឹង ក៏ប៉ុន្តែ​ការ​ដោះស្រាយ​វិញ គឺ​រូបលោក​មិន​ដែល​បាន​ទទួល​ពាក្យបណ្ដឹង​អំពី​រឿង​នោះ​ទេ ដោយសារតែ​គ្រូបង្រៀន​បាន​ដាក់​ទៅ​មន្ទីរអប់រំ​យុវជន និង​កីឡា។

លោក​ប្រធាន​ការិយាល័យ​អប់រំ មិន​ហ៊ាន​អះអាង​ថា ទំនាស់​រវាង​ក្រុម​គ្រូបង្រៀន ជាមួយ​នឹង​នាយក​វិទ្យាល័យ​ក្រឡាញ់​នោះ តើ​អ្នក​ណា​ជា​អ្នក​ខុស ឬ​អ្នក​ណា​ជា​អ្នក​ត្រូវ​ឡើយ៖ «ខ្ញុំ​មិន​ទាន់​បាន​ដឹង​ច្បាស់​ទេ ពីព្រោះ​អា​នេះ​ទាល់តែ​ចុះ​ទៅ​ស្រាវជ្រាវ​ឯកសារ ពីព្រោះ​កាលពី​គ្រូ​ធ្វើ​ពាក្យ​បណ្ដឹង​គឺ​ដាក់​ទៅ​មន្ទីរអប់រំ​យុវជន​និង​កីឡា អត់​មាន​ដាក់​មក​ការិយាល័យ​អប់រំ​ស្រុក​ទេ»

មន្ត្រី​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ករណី​ជម្លោះ​រវាង​ក្រុម​គ្រូបង្រៀន​ជាមួយ​នាយក​វិទ្យាល័យ ដែល​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី​នោះ គឺ​ទាំង​មន្ទីរអប់រំ និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចុះ​ទៅ​ស្រាវជ្រាវ និង​សម្របសម្រួល ៣-​៤​លើក​មក​ហើយ ក៏ប៉ុន្តែ​ក្រុម​គ្រូបង្រៀន​ភាគ​តិច​ដែល​ជំទាស់​នៅ​តែ​មិន​ទទួល​យក​ដំណោះស្រាយ។

ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​សៀមរាប លោក អ៊ុង សេរីឌី មាន​ប្រសាសន៍​ថា តាម​ការ​ចុះ​ស្រាវជ្រាវ​ជា​ច្រើន​លើក គឺ​មន្ទីរ​រក​ឃើញ​នាយក​វិទ្យាល័យ​ក្រឡាញ់ មិន​មាន​ការ​កេងបន្លំ​ថវិកា​របស់​រដ្ឋ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ពន្យល់​ថា នៅ​ពេល​ដែល​នាយក​សាលា​នោះ​ឡើង​កាន់​តំណែង​ថ្មី គឺ​ក្នុង​សាលា​មិន​មាន​មន្ត្រី​ខាង​គណនេយ្យ​ទេ ដូច្នេះ​សាលា​ក៏​សម្រេច​រើស​គ្រូ​ម្នាក់​ឱ្យ​គ្រប់គ្រង​ផ្នែក​គណនេយ្យ ប៉ុន្តែ​មន្ត្រី​ផ្នែក​គណនេយ្យ​នោះ ក៏​មិន​ចេះ​ជំនាញ​នោះ​ដែរ ទើប​ធ្វើ​ឱ្យ​ការ​ចាយវាយ​ខ្លះៗ​មិន​មាន​បញ្ជី​ស្នាម​ត្រឹមត្រូវ។

លោក​ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្ត​សៀមរាប បង្ហាញ​ជំហរ​ច្បាស់លាស់​ថា បើ​ទោះ​បី​ជា​គ្រូបង្រៀន​មួយ​ក្រុម​សំដែង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​នាយក​វិទ្យាល័យ​ថ្មី ហើយ​ទាមទារ​ឱ្យ​ដក​ហូត​តំណែង​ក៏ដោយ ក៏​មន្ទីរ​មិន​អាច​ធ្វើ​តាម​សំឡេង​ភាគ​តិច​ទេ ពីព្រោះ​នៅ​ក្នុង​វិទ្យាល័យ​នោះ គឺ​មាន​គ្រូបង្រៀន​ភាគ​ច្រើន​បាន​គាំទ្រ​ចំពោះ​នាយក​សាលា​ថ្មី​នេះ៖ «វា​គ្រាន់តែ​រឿង​ខុស​នីតិវិធី​អី​បន្តិចបន្តួច​អី​ប៉ុណ្ណឹង គឺ​យើង​អាច​កែសម្រួល យើង​ណែនាំ ហើយ​ដាក់​លក្ខខណ្ឌ ដោយ​អភិបាល​រង​ខេត្ត​គាត់​ទៅ​ប្រជុំ​ក៏​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​កែលំអ​អស់​ហើយ ហើយ​នាយក​ហ្នឹង​ក៏​បាន​កែលំអ​ដែរ»

សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រឡាញ់ ១​រូប លោក ស៊ឹម សោភ័ណ បាន​ហៅ​ការ​សម្របសម្រួល​របស់​មន្ទីរអប់រំ​យុវជន និង​កីឡា ព្រមទាំង​អភិបាល​រង​ខេត្ត​សៀមរាប លើ​រឿង​ទំនាស់​រវាង​គ្រូបង្រៀន និង​នាយក​វិទ្យាល័យ​ក្រឡាញ់​ កន្លង​ទៅ​នោះ​ថា​ គឺ​រឿង​ដែល​ធ្វើ​ឱ្យ​គ្រូបង្រៀន​នៅ​តែ​មិន​ទាន់​អស់​ចិត្ត។

លោក ស៊ឹម សោភ័ណ បញ្ជាក់​ថា បញ្ហា​ទំនាស់​នេះ ថ្វីត្បិតតែ​លោក​ដឹង​មិន​ស៊ី​ជម្រៅ ក៏ប៉ុន្តែ​លោក​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន ហើយ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ជា​ច្រើន​ក៏​ពេញចិត្ត​ឱ្យ​មាន​ការ​ដក​ហូត​តំណែង​នាយក​សាលា​ថ្មី​នោះ​ដែរ៖ «បើ​តាម​សំណូមពរ ខ្ញុំ​គួរ​តែ​ដក​ចេញ​ទៅ​វា​ចប់​បាត់​ទៅ​ហើយ រក​កន្លែង​ឱ្យ​លោក​នាយក​ហ្នឹង​នៅ​ថ្មី​ទៀត​ទៅ។ បើសិនជា​គេ​រក​ឃើញ​ភស្តុតាង​ច្បាស់លាស់​ហើយ​ថា​គាត់​មាន​កំហុស»

ក្រុម​គ្រូបង្រៀន​ខ្លះ ព្រមាន​ថា គេ​មាន​ឯកសារ​ពាក់ព័ន្ធ​នឹង​នាយក​សាលា​ចាយ​ថវិកា​រដ្ឋ​គ្មាន​តម្លាភាព​នោះ ហើយ​គេ​នឹង​បង្ហាញ​ដល់​ក្រុម​អ្នក​សារព័ត៌មាន និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ពេល​ដែល​ពួកគេ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​ប្រឆាំង​នាយក​សាលា​រូប​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។