ក្រុមកម្មករនិងសហជីពប្រមាណជិត ៥០នាក់ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មអហិង្សាមួយនៅពីមុខផ្លូវចូលខាងក្រៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដា។
កូដកម្មនោះបានធ្វើឡើងបន្ទាប់ពីសហជីពកម្មករបានបរាជ័យជាច្រើនលើកក្នុងការទាមទារឱ្យអ្នកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឱ្យទទួលយកលក្ខខណ្ឌការងារតាមកម្មករចង់បាន ក៏ប៉ុន្តែបែរជាគ្មានដំណោះស្រាយប្រសើរ សោះនោះ។
ប្រធានសហជីពកម្មករអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប គឺលោក រ៉ន រ៉ាវ៉ាន់។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារ ថា ក្រុមបុគ្គលិកកម្មករនៃអាកាសយានដ្ឋានចំនួនជាង ១៤០នាក់ មានគម្រោងនឹងចូលរួមធ្វើកូដកម្មនៅពេលខាងមុខ ក៏ប៉ុន្តែនៅថ្ងៃនេះ គឺក្រុមកម្មករចំនួន ៥០នាក់ គ្រាន់តែចាប់ផ្ដើមធ្វើកូដកម្មដំបូង ដើម្បីពញ្ញាក់អារម្មណ៍ឱ្យអាជ្ញាធររដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយយកចិត្តទុកដាក់ ដោះស្រាយកង្វល់របស់ពួកគេសិន។
លោក រ៉ន រ៉ាវ៉ាន់ បានបញ្ជាក់ថា កូដកម្មថ្ងៃនេះ កម្មករចង់បានតែមួយចំណុច គឺឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប (SCA និងCAMS) ទទួលយកបុគ្គលិកម្នាក់ដែលក្រុមហ៊ុនបញ្ឈប់រយៈពេលជាង ៦ខែមកហើយ បានចូលធ្វើការវិញ៖ «មានអន្តរាគមន៍ពីអភិបាលខេត្ត ពីឯកឧត្ដម វង្ស សុវណ្ណ មកពីក្រសួងការងារដែរ ប៉ុន្តែខាងក្រុមហ៊ុនអត់ព្រមយកបុគ្គលិកដែលគាត់បានបញ្ឈប់ គឺលោក ឌៀប ភារុណ។ យើងបានទម្លាក់ចោលរឿងជាច្រើន ទាំងអស់ ១៥ចំណុច ហើយយើង តែ ១ចំណុច និងចំណុចតូចមួយទៀតមកដោះស្រាយ ដោយសារយើងមានឆន្ទៈ ក្នុងការដោះស្រាយ ប៉ុន្តែខាងក្រុមហ៊ុន គឺគ្មានឆន្ទៈតែម្ដង»។
អតីតបុគ្គលិកអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប គឺលោក ឌៀប ភារុណ បានមានប្រសាសន៍ថា ការបញ្ឈប់លោកពីការងារនោះ គឺមិនមានហេតុផលត្រឹមត្រូវឡើយ។
លោក ឌៀប ភារុណ បានបញ្ជាក់ថា លោកត្រូវបានគេបញ្ឈប់ពីការងារកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅ៖ «គេចោទប្រកាន់ថា ខ្ញុំមានបំណងយកទូរស័ព្ទភ្ញៀវ។ ទូរស័ព្ទហ្នឹងវាជ្រុះនៅលើរទេះដឹកឥវ៉ាន់ដែលខ្ញុំធ្វើការ។ ទូរស័ព្ទហ្នឹងខ្ញុំហុចទៅឱ្យសន្តិសុខ ហើយសន្តិសុខគេយកទៅដាក់ក្នុងកាបូបភ្ញៀវវិញទៅ។ ក្នុងកាមេរ៉ា វាអត់មានឃើញថា ខ្ញុំហ្នឹងយកទូរស័ព្ទភ្ញៀវ គឺអត់ទេ។ វាអត់មានភាពយុត្តិធម៌សម្រាប់ខ្ញុំ បើសិនជាខ្ញុំបានយកទូរស័ព្ទនោះមែន ខ្ញុំមិនចាំបាច់ប្ដឹងតវ៉ាទេ»។
ចាប់តាំងពីអំឡុងខែមេសា កន្លងមក ក្រុមកម្មករបានទាមទារ ១៥ចំណុច ដូចជាឱ្យក្រុមហ៊ុនបើកប្រាក់ខែ និងប្រាក់ថ្លៃបាយផ្សេងពីគ្នា ដើម្បីកុំឱ្យពន្ធប្រាក់បៀវត្សកើនឡើង។ ទាមទារឱ្យក្រុមហ៊ុនប្រើប្រាស់សៀវភៅបទបញ្ជាផ្ទៃក្នុងដែលមានចុះបញ្ជិកាត្រឹមត្រូវ និងឱ្យក្រុមហ៊ុនទទួលស្គាល់បុគ្គលិកទាំងអស់នៅក្រោមអនុសញ្ញារួម ព្រមទាំងទទួលយកកម្មករឈ្មោះ ឌៀប ភារុណ ចូលធ្វើការវិញជាដើម។ ក៏ប៉ុន្តែការទាមទាររបស់កម្មករទាំងនោះ ត្រូវក្រុមប្រឹក្សាអាជ្ញាកណ្ដាលចេញសេចក្ដីសម្រេចបដិសេធចោលទាំងអស់។
ទោះយ៉ាងណាកាលពីព្រឹកថ្ងៃអង្គារ អ្នកគ្រប់គ្រង និងតំណាងក្រុមហ៊ុន SCA និង CAMS មួយចំនួន បានបដិសេធមិនធ្វើការអធិប្បាយចំពោះការធ្វើកូដកម្មរបស់សហជីពកម្មករថាយ៉ាងណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
