ពលករ​ជាង១​ម៉ឺន​៦​ពាន់​នាក់​បាន​មក​ដល់​ខេត្ត​សៀមរាប

0:00 / 0:00

ស្រប​ពេល​ដែល​ប្រទេស​ថៃ កំពុង​បញ្ជូន​កម្មករ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់ ត្រឡប់​មក​ប្រទេស​វិញ​នៅ​តាម​ដង​ផ្លូវ​ខ្លះ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប មាន​មនុស្ស​ប្រុស​ស្រី​មួយ​ចំនួន​នាំ​គ្នា​ដើរ​សុំទាន ដោយ​អះអាង​ថា ពួកគេ​គឺ​ជា​កម្មករ​មក​ពី​ថៃ ហើយ​គ្មាន​លុយ​ជិះ​ឡាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ។ បញ្ហា​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ខ្លះ សំដែង​ទឹក​ចិត្ត​អាណិត​អាសូរ ហើយ​នាំ​គ្នា​ផ្ដល់​លុយ​បន្តិចបន្តួច​ទៅ​ឱ្យ​អ្នក​ដើរ​សុំ​ទាន​ទាំង​នេះ។

អាជ្ញាធរ​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា ចាប់​តាំងតែ​ពី​ប្រទេស​ថៃ បាន​បញ្ជូន​កម្មករ​ខ្មែរ​ត្រឡប់​មក​វិញ​រយៈពេល ១០​ថ្ងៃ​មក​នេះ គេ​បាន​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ទីលំនៅ​ក្នុង​ខេត្ត​សៀមរាប ចំនួន​ជាង ១​ម៉ឺន ៦​ពាន់​នាក់​ហើយ។ ក៏​ប៉ុន្តែ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​កម្មករ​ឯ​ប្រទេស​ថៃ គឺ​នៅ​តែ​កំពុង​បញ្ជូន​មក​ថែម​ទៀត​ជា​បន្ត​បន្ទាប់។

នាយករង​ខុទ្ទកាល័យ​សាលា​ខេត្ត​សៀមរាប គឺ​លោក សុខ ថុល។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​មិថុនា ថា គិត​ចាប់​ពី​ថ្ងៃ​ទី​៦ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ទទួល​កម្មករ​ពី​ប្រទេស​ថៃ មក​វិញ បាន​ចំនួន​ជាង ១៤.០០០​នាក់ ពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។

លោក សុខ ថុល៖ «ម្សិលមិញ​នេះ ក្រុម​ការងារ​របស់​ខេត្ត​ចាំ​ទទួល​នៅ​ទល់​ដែន​នោះ គឺ​យើង​បាន​បញ្ជូន​មក។ ម្សិលមិញ​១​ថ្ងៃ​ហ្នឹង បាន ២.៩៣០​នាក់ ប្រើ​មធ្យោបាយ​អស់​ឡាន ៣៨​គ្រឿង។ គ្រាន់តែ​ប្រចាំ​ការ​នៅ​ទីនោះ​រហូត​ដល់​ម៉ោង ១១​យប់ ប៉ុន្តែ​គ្រាន់តែ​ច្រក​អូរស្មាច់ យើង​ក្ដាប់​មិន​បាន​ទេ។ កម្មករ​ជា​ច្រើន​នាក់​ដែល​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ក្រុម​តម្រួត និង​ទាហាន​ថៃ មិន​បាន​វាយ​ធ្វើ​បាប​ពួកគេ​ទេ ក៏ប៉ុន្តែ​ពួកគេ​មិន​មាន​សល់​លុយ​កាក់​ច្រើន​ឡើយ ពីព្រោះ​តែ​ពេល​ដឹក​ជញ្ជូន​មក តម្រួត​ថៃ​ខ្លះ​បាន​យក​លុយ​ពី​ពួកគេ​ម្នាក់ៗ ៣០០​បាត ស្មើ​នឹង​ជាង ៣​ម៉ឺន​រៀល»

អ្នក​ភូមិ​រកា ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ម្នាក់ ក្នុង​ចំណោម​កម្មករ​ជា​ច្រើន​ទៀត ដែល​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ គឺ​យុវជន អឿត អ៊ុល។ គាត់​មាន​ប្រសាសន៍​ថា គាត់​ទើបតែ​ទៅ​រក​ការងារ​ធ្វើ​ឯ​ប្រទេស​ថៃ បាន​រយៈពេល​កន្លះ​ខែ ក៏​ត្រូវ​ត្រឡប់​មក​វិញ។

យុវជន​ដដែល​បញ្ជាក់​ថា ពេល​វិល​ត្រឡប់​មក​ផ្ទះ​វិញ គឺ​គាត់​កំពុង​ប្រឈម​មុខ​នឹង​ភាព​គ្មាន​ការងារ​ធ្វើ​ទេ៖ «មិន​ដឹង​ថា ទៅ​មាន​មុខ​របរ​​ឯ​ណា​រក​ស៊ី? ស្រែ​ចម្ការ​ជួល​ឱ្យ​គេ​អស់​ហើយ​មិន​ដឹង។ បើ​មាន​ក្រុមហ៊ុន​គេ​បើក​ធ្វើ​នៅ​ស្រុក​ខ្មែរ​យើង ក៏​ចេះ​​តែ​មាន​ការងារ​ធ្វើ​ទៅ»

រយៈពេល​២-៣​ថ្ងៃ​កន្លង​មក​នេះ បន្ទាប់ពី​ថៃ បាន​បញ្ជូន​កម្មករ​ខ្មែរ​ត្រឡប់​មក​វិញ​កាន់​តែ​ច្រើន​ឡើងៗ គឺ​មាន​មនុស្ស​ប្រុស​ស្រី​ពេញ​កម្លាំង​មួយ​ចំនួន​នាំ​គ្នា​ដើរ​សុំទាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​សៀមរាប។អ្នក​សុំទាន​ទាំង​នោះ​ប្រាប់​ថា ពួកគេ​គឺ​ជា​កម្មករ​ដែល​ទើប​តែ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​មិន​មាន​លុយ​ជិះ​ឡាន​ត្រឡប់​ទៅ​ផ្ទះ។

​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បដិសេធ​ថា អ្នក​ដើរ​សុំ​ទាន​ទាំង​នោះ​អាច​មិន​មែន​ជា​កម្មករ​ដែល​មក​ពី​ថៃ ពិត​ប្រាកដ​ទេ គ្រាន់​តែ​ជា​ជន​ឆ្លៀត​ឱកាស ដោយសារ​តែ​រាល់​ការ​ទៅ​ទទួល​យក​កម្មករ​ពី​ច្រក​ទ្វារ​ប៉ោយប៉ែត មក គឺ​គេ​បាន​រៀបចំ​ឡាន​ឱ្យ​ជិះ ព្រម​ទាំង​ដឹក​យក​ទៅ​ដាក់​ដល់​កន្លែង​ស្រុក​ដែល​ពួកគេ​រស់​នៅ​ទៀត​ផង។

នាយក​រង​ខុទ្ទកាល័យ​សាលា​ខេត្ត​សៀមរាប លោក សុខ ថុល អះអាង​ថា ​ថ្មីៗ​នេះ អភិបាល​ខេត្ត​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​អាជ្ញាធរ​ឃុំ​ស្រុក ក្រុង​ទាំង​អស់​ឱ្យ​តាម​ពិនិត្យ​មើល​ស្ថានភាព​កម្មករ​ដែល​ទើប​តែ​វិល​ត្រឡប់​ទាំង​នោះ ព្រមទាំង​ចាត់ចែង​ឱ្យ​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​រក​ការងារ​ឱ្យ​ធ្វើ​ទៀត​ផង។

ចំណែក​នៅ​ច្រក​ទ្វារ​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ វិញ អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស្រី ណារ៉េន រាយការណ៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិថុនា គឺ​អាជ្ញាធរ​ថៃ បាន​បញ្ជូន​កម្មករ​ខ្មែរ​ជិត ៩​ពាន់​នាក់​ត្រឡប់​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។