ព្រះកេសនៃព្រះពុទ្ធបដិមាមួយដែលតម្កល់នៅក្នុងបរិវេណនៃប្រាសាទបូរាណតាព្រហ្ម នាខេត្តសៀមរាប ត្រូវជនមិនស្គាល់មុខលួចយកទៅបាត់តាំងពីខែឧសភា។ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើននាក់កំពុងមានការភ្ញាក់ផ្អើល ហើយបញ្ជូនព័ត៌មានជុំវិញរឿងនេះពីម្នាក់ទៅម្នាក់ឱ្យដឹងតៗគ្នា។
មន្ត្រីអាជ្ញាធរអប្សរាទទួលបន្ទុកការពារនិងថែរក្សាប្រាសាទបូរាណក្នុងខេត្តសៀមរាប រួមនឹងប៉ូលិសស្នងការពិសេសទទួលបន្ទុកការពារបេតិកភណ្ឌអះអាងថា គេកំពុងស៊ើបអង្កេតនិងស្រាវជ្រាវរកព្រះកេសនៃព្រះពុទ្ធបដិមា ១អង្គ ដែលក្រុមជនមិនស្គាល់មុខលួចយកទៅបាត់។
មន្ត្រីនៃនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក អ៊ឹម សុករិទ្ធី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២១ ខែកក្កដា ថា ព្រះកេសនៃព្រះពុទ្ធបដិមា ១ ដែលមិនសូវធំប៉ុន្មាននៅក្នុងបរិវេណប្រាសាទតាព្រហ្ម បានបាត់រយៈពេលជាង ១ខែមកហើយ។
លោក អ៊ឹម សុករិទ្ធី បញ្ជាក់ថា អាជ្ញាធរអប្សរាបានចុះទៅពិនិត្យមើលដល់កន្លែង ដោយធ្វើកំណត់ហេតុស្ដីពីការបាត់នោះ ហើយក៏កំពុងស្រាវជ្រាវបន្តទៀតដើម្បីតាមរកមុខជនដៃដល់៖ «យើងបានឆែកហើយមានធ្វើរបាយការណ៍មានអី។ បានចុះពិនិត្យហើយ យើងមានបញ្ជីសារពើភណ្ឌ។ ខ្ញុំអត់ដឹងគេយកទៅណាទេ យើងតាមមិនឃើញមានភស្តុតាងថាទៅណា គេវាយគេយកទៅ។ ព្រះកេសហ្នឹងឃើញនៅលើទីតាំងនោះយូរហើយ ដែលពុទ្ធបរិស័ទធ្វើបុណ្យធ្វើទានយកមកដាក់តម្កល់ ហើយយូរទៅវានៅក្នុងគំនរចម្លាក់ផ្សេងៗ»។
មន្ត្រីអាជ្ញាអប្សរាឱ្យដឹងថា នៅក្នុងប្រាសាទតាព្រហ្មនោះ គឺពេលថ្ងៃមានកម្លាំងសន្តិសុខរបស់អាជ្ញាធរអប្សរាដាក់យាមការពារ ហើយនៅពេលយប់ គឺប្ដូរវេនជំនួសដោយប៉ូលិសការពារបេតិកភណ្ឌ ក៏ប៉ុន្តែមិនមានអ្នកណាម្នាក់ដឹងថា ព្រះកេសនៃព្រះពុទ្ធនោះបាត់នៅពេលណាឡើយ។
ប្រធានអង្គភាពប៉ូលិសស្នងការពិសេសការពារបេតិកភណ្ឌ លោកវរសេនីយ៍ ម៉ាន់ ឈឿន មានប្រសាសន៍ថា ព្រះកេសនៃព្រះពុទ្ធបដិមា ១អង្គនោះ បានបាត់តាំងតែពីចុងខែឧសភា មក ប៉ុន្តែកម្លាំងរបស់លោកនៅតែតាមស្រាវជ្រាវរហូតមកដល់ពេលនេះ។
នាយប៉ូលិសការពារបេតិកភណ្ឌដដែលអះអាងថា៖ព្រះកេសនោះត្រូវជនមិនស្គាល់មុខលួចយកនៅពេលយប់៖ «ករណីនេះកំពុងស្រាវជ្រាវបន្ត គឺវាអត់ទាន់ចេញជាពន្លឺអ្វីទេ។ ករណីនេះសន្និដ្ឋានទៅវាអាចកាច់កុងគ្នា មិនមែនរឿងយកទៅលក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអីទេ។ ជារឿងកាច់កុងបំផ្លិចបំផ្លាញដើម្បីទម្លាក់កំហុសមកលើសមត្ថកិច្ច។ កម្លាំងពួកខ្ញុំ កំពុងតែស្រាវជ្រាវបន្ត»។
ទាំងប៉ូលិសការពារបេតិកភណ្ឌនិងមន្ត្រីអាជ្ញាធរអប្សរាបានអះអាងដូចគ្នាថា ព្រះកេសនៃព្រះពុទ្ធបដិមាដែលគេលួចបាត់នោះ គឺជាស៊ីម៉ងត៍ មិនមែនជាថ្មបូរាណទេ ក៏ប៉ុន្តែព្រះកេសនោះគឺមានចុះនៅក្នុងបញ្ជីសារពើភណ្ឌរបស់អាជ្ញាធរអប្សរារួចហើយ។
ទោះយ៉ាងណាក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ខ្លះមិនជឿការអះអាងដែលថា ព្រះកេសបាត់នោះ គឺជាស៊ីម៉ងត៍ទេ ព្រោះនៅក្នុងប្រាសាទតាព្រហ្ម គឺមានព្រះពុទ្ធបដិមាថ្មសម័យបុរាណនៅរាយប៉ាយជាច្រើន ហើយគេយល់ថា អ្នកលួចមិនដែលយករបស់មិនពិតនាំតែខាតពេលវេលាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
