មន្ត្រីរដ្ឋាភិបាលថ្លែងថា ការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក (Bangkok) ប្រទេសថៃ ដែលបណ្ដាលឱ្យមនុស្សចម្រុះជាតិសាសន៍ស្លាប់ និងរងរបួសជាច្រើននាក់នោះ គឺវាមិនបានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជាទេ។
ទោះយ៉ាងណា កម្ពុជានៅតែព្រួយបារម្ភអំពីសុវត្ថិភាពអ្នកទេសចរណ៍ បន្ទាប់ពីប្រទេសថៃ ដែលមានព្រំដែនជាប់គ្នា បានទទួលរងការដាក់បំផ្ទុះគ្រាប់បែកពីជនមិនស្គាល់មុខនៅកណ្ដាលទីក្រុងបាងកក មក។
អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរអប្សរា កំពុងប្រឹងប្រែងរួមគ្នាលើវិធានការធានាសន្តិសុខនៅក្នុងទីក្រុង និងរមណីយដ្ឋានទេសចរណ៍មួយចំនួនដែលមានភ្ញៀវទេសចរបរទេសទៅទស្សនាកម្សាន្តជាប្រចាំថ្ងៃ។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក ឡុង កុសល។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ថា អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរអប្សរា ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខជាច្រើនផ្នែកទៀត ទើបតែបានជួបប្រជុំគ្នាដើម្បីចាត់វិធានការធានាសន្តិសុខដល់ភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅក្នុងទីក្រុង និងរមណីយដ្ឋានជាច្រើនទៀត ឱ្យកាន់តែមានសុវត្ថិភាពខ្ពស់។
វិធានការធានាសន្តិសុខនេះ បានចាប់ផ្ដើមអនុវត្តនៅក្នុងទីក្រុង ព្រមទាំងរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងទៀត រយៈពេល ៣-៤ថ្ងៃមកហើយ៖ «ជាក់ស្ដែងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺយើងមានកម្លាំងនគរបាលបេតិកភណ្ឌ នគរបាលខាងទេសចរណ៍ គាត់មានតួនាទីជានគរបាលយុត្តិធម៌ ដោយឡែកខាងនាយកដ្ឋានសណ្ដាប់ធ្លាប់អាជ្ញាធរអប្សរា គ្រាន់តែជួយសម្រួល គ្មានរបៀបគ្មានរបបនៅក្នុងបរិវេណខ្លះនៃរមណីយដ្ឋានអ៊ីចឹង»។

វិធានការធានាសុវត្ថិភាពនិងសន្តិសុខសម្រាប់ភ្ញៀវទេសចរណ៍បរទេសនេះ បានធ្វើឡើងដោយសារតែអាជ្ញាធរកម្ពុជា ព្រួយបារម្ភខ្លាចក្រែងមានការបង្កអសន្តិសុខពីក្រុមណាមួយ បន្ទាប់ពីប្រទេសថៃ មានក្រុមជនមិនស្គាល់មុខបានដាក់គ្រាប់បែកឱ្យផ្ទុះនៅកណ្ដាលទីក្រុងបាងកក មក។
ប្រធានអង្គភាពនគរបាលទេសចរណ៍ ខេត្តសៀមរាប លោក សំ ស៊ីយ៉ាន មានប្រសាសន៍ថា កម្លាំងនគរបាលរបស់លោកតែងតែមានការប្រុងប្រយ័ត្នលើកិច្ចការពារសន្តិសុខដល់ភ្ញៀវទេសចរណ៍បរទេសជាប្រចាំថ្ងៃជាយូរមកហើយ ទោះបីជាមិនមានការគំរាមកំហែងសន្តិសុខក៏ដោយ។
លោក សំ ស៊ីយ៉ាន បញ្ជាក់ថា បច្ចុប្បន្នកម្លាំងនគរបាលទេសចរណ៍គឺមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធានាសុវត្ថិភាព និងសន្តិសុខ ដល់ភ្ញៀវទេសចរណ៍នៅតាមគោលដៅជាច្រើន៖ «ក្រោមការដឹកនាំរបស់ឯកឧត្ដមអគ្គស្នងការនគរបាលជាតិ គឺបានចែកម៉ូតូជាមធ្យោបាយ ឱ្យយើងប្រើប្រាស់បានគ្រប់គ្រាន់»។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ឱ្យដឹងថា កាលពីសប្ដាហ៍មុន បន្ទាប់ពីមានការដាក់គ្រាប់បែកឱ្យផ្ទុះនៅទីក្រុងបាងកក ប្រទេសថៃ មក គឺចំនួនភ្ញៀវទេសចរណ៍បរទេសដែលឆ្លងកាត់តាមប្រទេសថៃ មកកម្ពុជា បានរអាក់រអួល ២-៣ថ្ងៃដែរ ក៏ប៉ុន្តែបច្ចុប្បន្នចំនួនភ្ញៀវទេសចរមានសភាពធម្មតាវិញហើយ។
ទោះយ៉ាងណា ភ្ញៀវទេសចរបរទេសនៅតែភ័យខ្លាច បន្ទាប់ពីមានព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកនៅកណ្ដាលទីក្រុងបាងកក ដោយមានមនុស្សស្លាប់ និងរបួសជាច្រើនមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
