សមត្ថកិច្ចខេត្តសៀមរាប បាននាំខ្លួនអ្នកកាសែត និងគ្នីគ្នាចំនួន ៩នាក់ ទៅសាកសួរកាលពីរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា នៅក្រោយពេលដែលពិធីបុណ្យអុំទូកក្នុងស្ទឹងបានចាប់ផ្ដើមប្រហែលជាង ៣ម៉ោង។ ការនាំខ្លួនទៅសាកសួរនេះ បន្ទាប់ពីក្រុមអ្នកកាសែត ៤នាក់ និងគ្នីគ្នា ៥នាក់ទៀត បាននាំគ្នាថតរូបក្នុងពិធីបុណ្យអុំទូក រួចហើយផ្ដិតមកហុច និងតាមសុំលុយពីគណៈអធិបតីនៅលើវេទិកា។
អាជ្ញាធរ និងសមត្ថកិច្ចខេត្តសៀមរាប បានសម្ដែងការងឿងឆ្ងល់ និងភ្ញាក់ផ្អើលជាលើកដំបូង នៅពេលដែលឃើញអ្នកកាសែតមួយក្រុមមានគ្នា ៩នាក់ បានដើរថតរូបក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប នៅក្នុងស្ទឹងសៀមរាប ហើយផ្ដិតរូបដើរហុចឲ្យគណៈអធិបតីដែលចូលរួមពិធីបុណ្យ ព្រមទាំងតាមចោមរោមសុំលុយផងនោះ។
ការភ្ញាក់ផ្អើលនេះ កើតឡើងបន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួនអ្នកកាសែតចំនួន ៤នាក់ ព្រមទាំងគ្នីគ្នា ៥នាក់ទៀត ទៅប្រគល់ឲ្យប៉ូលិសនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សាកសួរកាលពីរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា នៅក្រោយពេលដែលពិធីបុណ្យអុំទូកថ្ងៃដំបូង ចាប់ផ្ដើមបានរយៈពេលជាង ៣ម៉ោង។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប គឺលោក ភឹង ចិន្តារ៉េត។ លោកមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ថា សមត្ថកិច្ចបាននាំខ្លួនអ្នកកាសែតចំនួន ៤នាក់ និងគ្នីគ្នារបស់ពួកគេចំនួន ៥នាក់ទៀត ទៅសាកសួររយៈពេលជិត ២ម៉ោង កាលពីរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា។ ការនាំខ្លួនអ្នកទាំង ៩នាក់ទៅសាកសួរនោះ ដោយសារតែសមត្ថកិច្ចដែលកំពុងរាយបណ្ដាក់កម្លាំងការពារសន្តិសុខក្នុងពិធីបុណ្យអុំទូក បានប្រទះឃើញអ្នកទាំងនោះនាំគ្នាដើរថតរូបមន្ត្រីសំខាន់ៗដែលចូលរួមជាអធិបតីក្នុងពិធីបុណ្យអុំទូក ហើយផ្ដិតរូបដើរហុច ព្រមទាំងតាមចោមរោមសុំលុយ ជាសកម្មភាពពុំធ្លាប់មានពីមុនមកទាល់តែសោះ។
លោក ភឹង ចិន្តារ៉េត បញ្ជាក់ថា អ្នកកាសែតដែលសមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងក្រោយមកបានដោះលែងទៅវិញនោះ គឺ ២នាក់មកពីអង្គភាពសារព័ត៌មានសេរីភាពកម្ពុជា ម្នាក់មកពីសារព័ត៌មានគតិបណ្ឌិតខ្មែរ ម្នាក់ទៀតមកពីសារព័ត៌មានកម្ពុជាសន្តិភាព និងមនុស្ស ៥នាក់ទៀត គឺជាសាច់ញាតិរបស់ពួកគេ៖ «ថតបានផ្ដិតមកយកមកដើររុញ ហើយសុំលុយ សុំមិនទៅណាសោះ គឺតាមស្អិត ហើយមិនមែនតែម្នាក់ឯណា ៨-៩នាក់ហ្នឹង បើតាមថ្នាក់ដឹកនាំណាមួយ គឺទៅហ៊ុមជុំវិញ»។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងទៅអ្នកកាសែតទាំង ៤នាក់ ដែលសមត្ថកិច្ចនាំខ្លួនទៅសាកសួរនោះបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃពុធ នេះ។
ចំណែកអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ឲ្យដឹងថា ក្រុមអ្នកកាសែតទាំង ៤នាក់ដែលសមត្ថកិច្ចនាំខ្លួនទៅសាកសួរនោះ មិនមែនជាអ្នករស់នៅខេត្តសៀមរាប ទេ គឺពួកគេនាំគ្នាមកពីខេត្តកណ្ដាល។ លោក ឃឹម ប៊ុនសុង សម្ដែងការមិនពេញចិត្តចំពោះសកម្មភាពរបស់អ្នកកាសែតទាំង ៤នាក់ និងគ្នីគ្នារបស់ពួកគេ ៥នាក់ផ្សេងទៀត ដែលដើរថតរូប ហើយផ្ដិតហុចទារលុយពីភ្ញៀវកិត្តិយសនៅលើវេទិកាបុណ្យអុំទូកដូច្នេះទេ ពីព្រោះជាច្រើនឆ្នាំមកហើយ ខេត្តសៀមរាប មិនមានអ្នកកាសែតណាធ្វើបែបនេះឡើយ៖ «មិនដែលមានទេ ទើបតែឆ្នាំនេះថតរូប ក៏យើងមិនដែលហាមឃាត់បងប្អូនថាមិនឲ្យថតមិនឲ្យអីទេ គ្រាន់តែថតហើយក៏យើងជូនគាត់ទៅ បើគាត់ឲ្យលុយចាយក៏យកទៅ កុំទៅទារលុយគេ»។
បើទោះបីជាមានបញ្ហាបន្តិចបន្តួចនៅក្នុងពិធីបុណ្យអុំទូកថ្ងៃដំបូងក៏ដោយ ក៏អាជ្ញាធរខេត្តសៀមរាប នៅតែបន្តធ្វើពិធីបុណ្យអុំទូកនៅថ្ងៃពុធ នេះ ដោយរលូនរហូតដល់ចប់សព្វគ្រប់ មិនមានអ្វីរំខានទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
