ការរត់គេចខ្លួននេះ នៅពេលដែលមន្ត្រីតុលាការ និងកងរាជអាវុធហត្ថកំពុងបន្តសកម្មភាពតាមរក និងចាប់ខ្លួនអ្នកប្រព្រឹត្តបទល្មើសនេសាទ និងអ្នកពាក់ព័ន្ធមួយចំនួនជាបន្តបន្ទាប់។
តុលាការខេត្តសៀមរាប បានសម្រេចឃុំខ្លួនមនុស្សចំនួន ៥៨នាក់ នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្នក្នុងរយៈពេលប្រមាណ១សប្ដាហ៍កន្លងមកនេះ។
អ្នកដែលជាប់ឃុំទាំងនោះ បន្ទាប់ពីតុលាការចោទប្រកាន់ជាបឋមពាក់ព័ន្ធនឹងការប្រើឧបករណ៍ទំនើប ឧបករណ៍កែច្នៃ ធ្វើសកម្មភាពនេសាទខុសច្បាប់។
លោក ទី សុវិនថាល់ ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ថា ក្នុងចំណោមមនុស្សជាង ៦០នាក់ដែលសមត្ថកិច្ចបានចាប់ខ្លួនជាបន្តបន្ទាប់ពីក្នុងបឹងទន្លេសាប គឺតុលាការបានចោទប្រកាន់ជាបឋមទៅលើមនុស្សចំនួន ៥៨នាក់ ហើយបច្ចុប្បន្នពួកគេទាំងនោះកំពុងជាប់ឃុំជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ។
លោក ទី សុវិនថាល់៖ «ឱ្យតែអ្នកណាពាក់ព័ន្ធត្រូវតែចាប់ មានទាំងបុគ្គលមិនមែនជាសមត្ថកិច្ច។ រកជាបន្តបន្ទាប់ទៀតនៅអាពួកពូកែដើររកលុយ! ដើររកលុយអត់បាន ទើបរាយការណ៍ បើបាន ធ្វើភ្នាក់ងារឱ្យទៀត។ អីចឹងបានជាពួកខ្ញុំចុះជាច្រើនលើកច្រើនសារមកហើយ មិនងាយចាប់បានទេ។ បានប៉ុន្មាន គឺយកប៉ុណ្ណឹងទៅ ហើយនៅពេលដែលតុលាការផ្ដន្ទាទោសអស់ គឺចេញដីកាចាប់ជាបន្តបន្ទាប់ទៀតទៅ»។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មនុស្សចំនួន ៥៨នាក់ ដែលតុលាការសម្រេចឱ្យឃុំខ្លួនជាបណ្ដោះអាសន្ននោះ គឺមានទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម ខ្លះៗ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជូនកម្លាំងចុះប្រតិបត្តិការក្នុងបឹងទន្លេសាបនៃអតីតឡូត៍នេសាទលេខ៤ និងតំបន់ដែននេសាទបម្រុងទុកឱ្យត្រីពងកូន ហើយបានចាប់ខ្លួនអ្នកប្រើឧបករណ៍នេសាទខុសច្បាប់ប្រមាណជាង ៦០នាក់ ព្រមទាំងឃាត់ទុកកាណូតធំៗចំនួន ១៦គ្រឿងទៀត។ រហូតមកដល់ពេលនេះ សមត្ថកិច្ចនៅតែបន្តតាមចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ទាំងនោះនៅឡើយ។
សមត្ថកិច្ចបានឱ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាបនៃទឹកដីខេត្តសៀមរាប ជាបន្តបន្ទាប់នោះ គឺគេបានចាប់ខ្លួនបុរសជនជាតិវៀតណាម ម្នាក់ឈ្មោះ ដូ យ៉ាងដាង ដែលជាមេកញ្ច្រែងយ៉ាងសកម្មក្នុងការរកស៊ីនេសាទខុសច្បាប់ផងដែរ។
លោក អ៊ិត សុធា ជាចៅក្រមស៊ើបអង្កេតនៃសំណុំរឿងនេសាទខុសច្បាប់នោះ បានមានប្រសាសន៍ថា លោកបានសម្រេចឃុំខ្លួនជនទាំងអស់នោះជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្ត៖ «ខាងព្រះរាជអាជ្ញាគាត់ចោទប្រកាន់មកពីបទនេសាទដោយប្រើឧបករណ៍ទំនើប ឧបករណ៍កែច្នៃ ហើយព្រមទាំងអ្នកទទួលផលអនុផលខាងជលផលទៀត។ អ្នកទាំងនេះប្រសិនបើតុលាការរកឃើញថាដូច្នេះមែន គឺនឹងប្រឈមមុខនឹងការផ្ដន្ទាទោស»។
មន្ត្រីតុលាការបានឱ្យដឹងថា ក្រៅតែពីមនុស្ស ៥៨នាក់ ដែលគេបានឃុំខ្លួន គឺនៅមានអ្នកពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ជាច្រើនទៀត ដែលតុលាការកំពុងតែតាមរក ហើយមិនទាន់អាចចាប់ខ្លួនបាននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។