ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានពិចារណាទៅលើជម្លោះរបស់ព្រះសង្ឃគង់នៅក្នុងវត្តពោធិលង្កា សង្កាត់ស្លក្រាម ក្រុងសៀមរាបហើយ បន្ទាប់ពីប៉ូលិសបានចាប់ព្រះសង្ឃ ១អង្គបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគាររយៈពេល ១៨ថ្ងៃមក។ ចៅក្រមស៊ើបសួរនៃសំណុំរឿងក្ដីនោះ បានចេញដីកាបង្គាប់ឱ្យដាក់ករណីឃុំខ្លួនព្រះសង្ឃព្រះនាម ពេជ្រ ដាវីដ ស្ថិតនៅក្រោមការពិនិត្យតាមផ្លូវតុលាការ។
ព្រះសង្ឃ ១អង្គ ព្រះនាម ពេជ្រ ដាវីដ ត្រូវបានដោះលែងពីពន្ធនាគារខេត្តសៀមរាប និងដាក់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីព្រឹកថ្ងៃពុធ ទី៨ ខែតុលា។
ការដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន តាមរយៈដីកាបង្គាប់ឱ្យស្ថិតក្រោមការពិនិត្យតាមផ្លូវតុលាការនោះ ធ្វើឡើងបន្ទាប់ពីមានការជួយជ្រោមជ្រែងពីអង្គការធម្មទានសង្គម អង្គការសិទ្ធិមនុស្ស និងក្រុមអ្នកច្បាប់ក្រៅរដ្ឋាភិបាលជាច្រើន។
នៅឯពន្ធនាគារខេត្តសៀមរាប ចាប់តាំងពីម៉ោងជាង ៨ព្រឹក ក្រុមព្រះសង្ឃជាច្រើនអង្គដែលនិមន្តពីទីក្រុងភ្នំពេញ បានទៅទទួលយកភិក្ខុ ពេជ្រ ដាវីដ ព្រមទាំងធ្វើជាឧបជ្ឈា បំបួសជាបុព្វជិតឡើងវិញ បន្ទាប់ពីភិក្ខុអង្គនោះត្រូវសមត្ថកិច្ចចាប់ផ្សឹកមិនត្រឹមត្រូវ មុនពេលបញ្ជូនទៅពន្ធនាគារ។
តាមដងផ្លូវចេញពីពន្ធនាគាររហូតមកក្នុងទីរួមខេត្តសៀមរាប គឺមានព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនរៀបចំដង្ហែក្បួនដោយស្រែកជយឃោស ព្រមទាំងសូត្រធម៌មេត្តាករុណា រហូតចូលមកដល់ក្នុងបរិវេណទីវត្តពោធិលង្កា៖ «សំឡេងធម៌»។
ព្រះភិក្ខុ ពេជ្រ ដាវីដ មានព្រះថេរដីកានៅពេលចូលមកដល់ទៅវត្តពោធិលង្កាវិញ កាលពីថ្ងៃត្រង់ថ្ងៃពុធ ទី៨ ខែតុលា ថា ព្រះអង្គមិនមានកំហុសអ្វីទេ ហើយក៏មិនបានសេពស្រាបៀដូចការចោទប្រកាន់របស់ក្រុមប៉ូលិសដែលសំរុកចូលទៅចាប់ និងព្រួតគ្នាវាយព្រះអង្គនោះដែរ។ ព្រះអង្គបញ្ជាក់ថា ស្រាបៀដែលក្រុមប៉ូលិសយកទៅដាក់ធ្វើភស្តុតាងក្នុងពេលចាប់ខ្លួននោះ គឺជារបស់កូនសិស្ស ២នាក់ ដែលស្នាក់នៅក្នុងវត្ត ចំណែកឯនារីដែលសមត្ថកិច្ចចោទថា ជាស្រីដែលព្រះសង្ឃនាំមកនោះ ក៏ជាមិត្តភក្តិរបស់ក្មេងវត្តដែលនាំគ្នាផឹកស្រាបៀនោះដែរ។
ព្រះភិក្ខុ ពេជ្រ ដាវីដ ឱ្យដឹងថា នៅពេលប៉ូលិសចាប់ខ្លួនព្រះអង្គកាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ ដោយចោទប្រកាន់ពីរឿងសេពស្រាបៀក្លែមស្រីនោះ មិនមានមន្ត្រីសង្ឃណាទៅផ្សឹកទេ គឺប៉ូលិសជាអ្នកស្រាតស្បង់ចីពរព្រះអង្គ ហើយបង្ខំឱ្យស្លៀកខោអាវ៖ «សមត្ថកិច្ចអស់ហ្នឹងយកខោ យកអាវមក ហើយក៏បង្ខំអាត្មាភាពឱ្យស្លៀកពាក់ជាខោជាអាវ ដូច្នេះហើយខ្ញុំព្រះករុណាទន់ខ្លួនអស់ ដោយសារមានវាយផង ទន់ខ្លួន ឆក់ ធាក់ ជាន់ក្បាល និងជាន់ក ហើយធ្វើមានស្នាមរបួសនៅខ្លួន ទាំងព្រះកេសរបស់ខ្ញុំព្រះករុណាយ៉ាងហោចណាស់ក៏ ១០០ដំបងដែរ។
ក្រុមព្រះសង្ឃជាច្រើនអង្គនៅក្នុងវត្តពោធិលង្កា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត មានការសប្បាយចិត្តដោយចាត់ទុកការដោះលែងព្រះភិក្ខុ ពេជ្រ ដាវីដ ពីពន្ធនាគារនោះ គឺតុលាការពិតជាមានយុត្តិធម៌។ ក៏ប៉ុន្តែជម្លោះនៅក្នុងវត្តពោធិលង្កា ប្រហែលជាមិនទាន់អាចបញ្ចប់បានត្រឹមនេះទេ ដោយសារតែព្រះចៅអធិការវត្តដែលជាភាគីបដិបក្ខនៅមិនទាន់ផ្សះផ្សាគ្នាបាននៅឡើយ។
ព្រះចៅអធិការវត្តពោធិលង្កា ព្រះនាម កែវ ខូយ មានព្រះថេរដីកាចំពោះរឿងដែលព្រះភិក្ខុ ពេជ្រ ដាវីដ វិលចូលទៅស្នាក់នៅវត្តវិញនោះថា ព្រះអង្គហាក់ដូចមិនយល់ស្របចំពោះរឿងនោះទេ ពីព្រោះកាលដែលប៉ូលិសចាប់ ពេជ្រ ដាវីដ បានសឹកទៅហើយ ប៉ុន្តែពេលនេះហេតុអ្វីបានក្លាយទៅជាព្រះសង្ឃវិញបាន?
ព្រះសង្ឃ កែវ ខូយ៖ «តើបួសហ្នឹងតាមរយៈអ្នកណា? ក្នុងព្រះពុទ្ធសាសនាមិនអាចទេ ព្រោះកាលថ្ងៃកើតហេតុគឺ ពេជ្រ ដាវីដ បានសឹកទៅហើយ។ អ៊ីចឹងបើយើងចង់បួសលុះត្រាតែរត់ច្បាប់ត្រឹមត្រូវ ហើយមានការអនុញ្ញាតពីឧបជ្ឈា ឬក៏រត់ច្បាប់ពាក់ព័ន្ធនឹងអាជ្ញាធរដែនដីទាំងអស់ឡើងវិញ»។
ទោះយ៉ាងណាក្រុមអង្គការសិទ្ធិមនុស្សបានជំទាស់ទៅនឹងការលើកឡើងរបស់ព្រះគ្រូចៅអធិការវត្តពោធិលង្កានោះ ដោយថា តាមពុទ្ធបញ្ញត្តិ បុគ្គលណាដែលសាងផ្នួសដោយមានគ្រូឧបជ្ឈាត្រឹមត្រូវមិនអាចលាចាកសិក្ខាបទដោយគ្មានគ្រូឧបជ្ឈាផ្សឹកនោះទេ។
ក្រុមអង្គការសិទ្ធិមនុស្សដែលធ្លាប់ចូលទៅស្រាវជ្រាវឱ្យដឹងថា នៅពេលជាប់ឃុំក្នុងពន្ធនាគារ បើទោះបីជាស្ថិតក្នុងការស្លៀកពាក់ជាគ្រហស្ថក៏ដោយ ក៏ ពេជ្រ ដាវីដ នៅតែប្រតិបត្តិជាអ្នកបួសដោយមិនទទួលទានអាហារពេលល្ងាចទេ។ អង្គការសិទ្ធិមនុស្សរំលឹកថា ការដោះលែងព្រះភិក្ខុ ពេជ្រ ដាវីដ ពេលនេះ គឺជាពេលដែលទុកឱកាសឱ្យព្រះចៅអធិការវត្តពោធិលង្កា ពិចារណាឡើងវិញលើការផ្សះផ្សា និងរួបរួមអ្នកបួសដើម្បីលើកស្ទួយព្រះពុទ្ធសាសនាឱ្យរុងរឿង មិនមែនបួសដើម្បីយកចាញ់ឈ្នះគ្នាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
