ក្លឹបទេសចរណ៍ខេត្តសៀមរាប ដែលបង្កើតឡើងដោយអ្នកគ្រប់គ្រង និងបុគ្គលិកនៅតាមសណ្ឋាគារជាច្រើនបានរៃអង្គាសគ្នា ហើយប្រមូលបានប្រាក់ចំនួន ១.៥៥០ដុល្លារអាមេរិក យកទៅប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប សម្រាប់ជាអំណោយមនុស្សធម៌ ដែលត្រូវការយកទៅពិនិត្យ និងព្យាបាលកុមារប្រមាណ ៥០០ ទៅ ៦០០នាក់ក្នុង១ថ្ងៃៗ។
ប្រធានមន្ទីរពេទ្យកុមារអង្គរ គឺលោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា។ លោកមានប្រសាសន៍នៅក្នុងពេលទទួលយកជំនួយមនុស្សធម៌នេះ កាលពីរសៀលថ្ងៃទី៤ ខែមីនា ថាមូលនិធិមនុស្សធម៌នេះ គឺពិតជាសំខាន់ក្នុងការរួមចំណែកជួយលើកស្ទួយសុខភាពកុមារខ្មែរ៖ «សូមអរគុណច្រើនដល់សៀមរាប ទួរីស ក្លឹប (ក្លឹបទេសចរណ៍ សៀមរាប) ដែលមានលោក សុធា លោក ពិសិដ្ឋ ដែលបានខិតខំខ្នះខ្នែង។ នេះគឺជាការជួយសង្គមដ៏ធំមួយ»។
មន្ទីរកុមារអង្គរ គឺជាមន្ទីរពេទ្យជួយព្យាបាលជំងឺកុមារ ដូចគ្នានឹងមន្ទីរពេទ្យគន្ធបុប្ផា ជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប ដែរ។ មន្ទីរពេទ្យដែលបង្កើតឡើងដោយអ្នកថតរូបជនជាតិជប៉ុន មួយនេះ កំពុងត្រូវការជំនួយមនុស្សធម៌ពីពលរដ្ឋខ្មែរ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ដើម្បីយកមកព្យាបាលកុមារខ្មែររាប់ពាន់នាក់ ក្នុង១ខែៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
