អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រំលឹក​ឲ្យ​អ្នក​បើកបរ​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ

0:00 / 0:00

ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់​ផ្លូវ ឬ​អ្នក​បើក​បរ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំង​អស់​គ្នា នៅ​ឱកាស​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ជួបជុំ​គ្រួសារ និង​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ឲ្យ​មាន​សុវត្ថិភាព និង​ទទួល​បាន​ភាព​សប្បាយ​រីករាយ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចេញ​ចូល​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ត្រូវ​គោរព​ច្បាប់​ឲ្យ​បាន​ជា​ប្រចាំ និង​ត្រូវ​មាន​សុជីវធម៌​ក្នុង​ការ​បើកបរ មាន​ការ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​ត្រូវ​បើកបរ​ជែង​គ្នា​ក្នុង​ល្បឿន​លឿន​លើស​ច្បាប់​កំណត់​នោះ​ទេ។

នា​ឱកាស​នេះ លោក យន្ត មីន បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ សូម​មាន​សុភមង្គល​ទាំង​អស់​គ្នា និង​សូម​អញ្ជើញ​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​កុះករ ព្រោះ​កម្លាំង​សមត្ថកិច្ច​បាន​ត្រៀម​ការពារ​សន្តិសុខ​ជូន​ទេសចរ​ជាតិ អន្តរជាតិ ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៖ «ក្នុង​ឱកាស​ធ្វើ​ដំណើរ​ទៅ​វត្ត​អារាម​នានា ឬ​ទៅ​ស្រុក​កំណើត​ជួប​ជុំ​ឱ​ពុក​ម្ដាយ ក្រុម​គ្រួសារ​នីមួយៗ សូម​បួងសួង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​មាន​សទ្ធា​ជ្រះថ្លា និង​មាន​សេចក្ដី​សុខ​ផ្លូវ​ចិត្ត ផ្លូវ​កាយ​ក្តី ឲ្យ​បាន​សុខ​សប្បាយ​តាម​គ្រួសារ​រៀងៗ​ខ្លួន។ ក្នុង​នោះ​ការ​បើកបរ​របស់​បង​ប្អូន​ក៏​មិន​ត្រូវ​រូតរះ​ពេក​ទេ គឺ​ត្រូវ​ប្រយ័ត្ន​ពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ ដែល​អាច​នឹង​កើត​មាន​ឡើង​ជាយថាហេតុ ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ទាំង​អស់​គ្នា»

​ទាក់ទិន​បញ្ហា​ចរាចរណ៍​នេះ​ដែរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជូន​កម្លាំង​នគរបាល​ជំនាញ ឲ្យ​ចុះ​នៅ​តាម​គោលដៅ​ជា​ច្រើន​ក្នុង​ខេត្ត​នេះ​ឲ្យ​ចុះ​ចែក​ខិត្តប័ណ្ណ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ជូន​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​បើកបរ​រថយន្ត​ដឹក​អ្នក​ដំណើរ រថយន្ត​ដឹក​កម្មករ និង​អ្នក​រត់​ម៉ូតូ​ជាដើម ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នា​ពិធី​បុណ្យ​ភ្ជុំ​ឆ្នាំ​នេះ។

បន្ថែម​លើ​នេះ លោក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ បាន​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ពេល​បើកបរ​ឲ្យ​បាន​ជា​ប្រចាំ ជាពិសេស​មិន​ត្រូវ​បើកបរ​លឿន​ហួស​ច្បាប់​បាន​កំណត់ ឬ​បើក​ប្រជែង​គ្នា​ខ្វះ​ការ​យោគយល់​នោះ​ទេ។

លោក​សង្កត់ធ្ងន់​ថា រាល់​ការ​បើក​បរ​យានយន្ត​គ្រប់​ប្រភេទ អ្នក​កាន់​ដៃចង្កូត​ដាច់​ខាត​មិន​ត្រូវ​ទទួល​ទាន​គ្រឿង​ស្រវឹង​នោះ​ទេ ហើយ​ពលរដ្ឋ​អ្នក​បើកបរ​ម៉ូតូ ត្រូវ​តែ​ពាក់​មួយ​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ទាំង​អស់​គ្នា ទាំង​អ្នក​កាន់​ដៃចង្កូត និង​អ្នក​រួម​ដំណើរ ទោះ​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែប​ណា​ក្តី។

របាយការណ៍​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឆមាស​ទី​១ ឆ្នាំ​២០១៦ បង្ហាញ​ថា មូលដ្ឋាន​នេះ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១៧៦​ករណី។ ក្នុង​នោះ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជិត ៤០០​នាក់។ បើ​ប្រៀបធៀប​ពេល​វេលា​ដូច​គ្នា​ឆ្នាំ​២០១៥ បាន​កើន​ជិត ៥០​ករណី។ គ្រោះថ្នាក់​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន ៥៦​នាក់ កើន ២៤​នាក់ និង​រង​របួស​ធ្ងន់​ស្រាល ៣១០​នាក់ គឺ​កើន ៩៥​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥។ គ្រោះថ្នាក់​ចរាចរណ៍​ឆមាស​ទី​១ ដើម​ឆ្នាំ​២០១៦ នា​ខេត្ត​ព្រះសីហនុ បាន​ខូចខាត​យានយន្ត​គ្រប់​ប្រភេទ ២៩២​គ្រឿង។ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៥ បាន​កើន ៧៩​គ្រឿង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។