ស្ត្រី​ជនជាតិ​សិង្ហបុរី​ម្នាក់​ត្រូវ​គេ​សម្លាប់​នៅ​កំពង់ស្ពឺ

0:00 / 0:00

នាយិកា​សាលា​គ្រិស្ត​សាសនា​មួយ​ឈ្មោះ គ្លែដ ថាយឌីង (Glad Tiding) នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ អ្នកស្រី វ៉េនឌី លីម (Wendy Lim) ជា​ជនជាតិ​សិង្ហបុរី ត្រូវ​បាន​ឃាតក​វាយ​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី៣០ មេសា នៅ​ក្នុង​អគារ​សាលា​រៀន​នោះ។

មន្ត្រី​នគរបាល​ខេត្ត ឲ្យ​ដឹង​ថា សព​ស្ត្រី​រូប​នោះ​ត្រូវ​បាន​មន្ត្រី​ស្ថានទូត​សិង្ហបុរី ប្រចាំ​កម្ពុជា និង​នគរបាល​ក្រសួង​មហាផ្ទៃ បញ្ជូន​មក​ភ្នំពេញ ដើម្បី​ធ្វើ​វិភាគ ដោយ​លទ្ធផល​បង្ហាញ​ថា នេះ​ជា​ករណី​ប្លន់​សម្លាប់។

ជន​សង្ស័យ​ជា​ឃាតក​វាយ​សម្លាប់​នាយិកា​សាលា​គ្រិស្ត​សាសនា​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ចាប់​ខ្លួន​ហើយ និង​កំពុង​បន្ត​នីតិវិធី​សាកសួរ​នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ។

ប្រធាន​ការិយាល័យ​កណ្ដាល​យុត្តិធម៌​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សក្តិ នៅ​ថ្ងៃ​ទី១ ឧសភា មាន​ប្រសាសន៍​ថា ជន​សង្ស័យ​សម្លាប់​ស្ត្រី​ជនជាតិ​សិង្ហបុរី នោះ ជា​បុរស ៤​នាក់ ដែល​ធ្វើ​កម្មករ​សំណង់​ក្នុង​សាលា​គ្រិស្ត​សាសនា​នោះ។ លោក​បន្ត​ថា ករណី​ប្លន់​សម្លាប់​នេះ ទើប​តែ​កើត​ឡើង​ម្តង​នេះ​គត់​ក្នុង​ឆ្នាំ​២០១៣ ហើយ​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំង​ស្រុង​ហើយ។

លោក​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​៤ ជា​យុវជន​ដែល​មាន​អាយុ​ចាប់​ពី ២០​ឆ្នាំ​ទៅ ៣២​ឆ្នាំ។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​បួន​នាក់ មាន​ម្នាក់​សារភាព​រួច​ហើយ និង​បី​នាក់​ទៀត​កំពុង​សួរ​បន្ត គ្រោង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី២ ខែ​ឧសភា៖ «ចម្លើយ​ជន​ដៃ​ដល់ គាត់​ឆ្លើយ​ថា គាត់​ធ្វើ​ទាំង ៤​នាក់។ អាយុ​ខ្ពស់​បំផុត ៣២​ឆ្នាំ ធ្លាប់​សំណង់​ឲ្យ​ជន​រងគ្រោះ។ សាកសព​ជន​រងគ្រោះ ម្សិលមិញ​បញ្ជូន​ទៅ​ភ្នំពេញ និង​ថ្ងៃ​នេះ​បញ្ជូន​ទៅ​ស្រុក​កំណើត​នៅ​សិង្ហបុរី»

កាសែត​ក្នុង​ស្រុក​បាន​ស្រង់​សម្ដី​មន្ត្រី​ស្ថានទូត​សិង្ហបុរី ដែល​លើក​ឡើង​ថា ប្រទេស​សិង្ហបុរី សង្ឃឹម​ថា​អាជ្ញាធរ​កម្ពុជា នឹង​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​ចំពោះ​រឿង​នេះ។ ចំណែក​អាជ្ញាធរ​សិង្ហបុរី ជា​អ្នក​ផ្តល់​សេវា​កុងស៊ុល​ដល់​សាច់ញាតិ​ជន​រងគ្រោះ ដើម្បី​ឲ្យ​បាន​មក​មើល​សាកសព​នៅ​កម្ពុជា។

ទាក់ទង​នឹង​ឃាតកម្ម​នេះ មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក រ័ត្ន សាវី មាន​ប្រសាសន៍​ថា ឃាតកម្ម​លើ​ស្ត្រី​ជនជាតិ​បរទេស​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​ជា​ខ្លាំង។ លោក​បន្ត​ថា ពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាព​ទ្រព្យ​សម្បត្តិ និង​អាយុ​ជីវិត ដោយ​កាល​ពី​ដើម​ខែ​មេសា មាន​ករណី​លួច​ឡាន​ទំនើប ៣​គ្រឿង និង​ចុង​ខែ​មេសា កើត​ករណី​ប្លន់​សម្លាប់​ទៀត៖ «ក្នុង​ខែ​៤ ហ្នឹង ចោរ​បាន​លួច​កាមរី​ឆ្លាម​មួយ​គ្រឿង កាមរី​បាឡែន​មួយ​គ្រឿង និង​តាគូម៉ា​មួយ​គ្រឿង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ទ្រព្យ​សម្បត្តិ ហើយ​និង​ព្រួយ​បារម្ភ​ពេល​ចេញ​ទៅ​ទី​ឆ្ងាយ​អីចឹង។ រឿង​ល្បែង​ស៊ីសង​ពេញ​និយម រឿង​កន្ទុយ​លេខ លេង​ពេញ​ទាំងអស់»

អ្នកស្រី វ៉េនឌី លីម មាន​អាយុ ៥៥​ឆ្នាំ ជា​នាយិកា​អនុវិទ្យាល័យ​អន្តរជាតិ ឈ្មោះ គ្លែដ ថាយឌីង ត្រូវ​បាន​គេ​សម្លាប់​នៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​ក្នុង​សាលា​រៀន​នេះ។ ហើយ​សាកសព​ត្រូវ​បាន​អ្នក​ធ្វើ​ការ​ជាមួយ​គាត់ ប្រទះ​ឃើញ និង​រាយការណ៍​ប្រាប់​នគរបាល​នៅ​ព្រឹក​ថ្ងៃ​ទី៣០ មេសា។

ករណី​វាយ​សម្លាប់​ស្ត្រី​ជនជាតិ​សិង្ហបុរី នេះ ជា​ករណី​ឃាតកម្ម​ទី៣ ហើយ លើ​ជន​បរទេស​ដែល​រស់នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៣។ ករណី​ទី១ ជា​អំពើ​ឃាតកម្ម​ទៅ​លើ​ស្ត្រី​ជនជាតិ​បារាំង ឈ្មោះ អូហ្វេលី ប៊ែកនី (Ophelie Begnis) កាល​ពី​ខែ​មករា ហើយ​សមត្ថកិច្ច​ទើប​តែ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​កាល​ពី​ដើម​ខែ​មេសា។ ឃាតកម្ម​ទី២ ជា​អំពើ​បាញ់​សម្លាប់​ជនជាតិ​ជប៉ុន ឈ្មោះ គីតាគូ រ៉ាកូសេ (KITAKU RAKOSE) នៅ​ភ្នំពេញ កាល​ពី​ខែ​មីនា ហើយ​មិន​ទាន់​រក​ឃើញ​ឃាតក​នោះ​ទេ។

ខេត្ត​កំពង់ស្ពឺ ក៏​ជា​ទី​កន្លែង​ដែល​គេ​រក​ឃើញ​ថា ឃាតក​បាន​សម្លាប់​បុរស​ជនជាតិ​បារាំង ឈ្មោះ ឡូរ៉ង់ វ៉ាលីយ៉ (Laurent Vallier) និង​កូនៗ​ទាំង ៥​នាក់ ហើយ​មិន​ទាន់​រក​ឃើញ​អត្តសញ្ញាណ​នៃ​ឃាតក​នោះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។