ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន​ខ្មែរ​ថៃ​បាត់​បង់​ចំណូល​ប្រចាំ​ថ្ងៃ​ដោយសារ​ថៃ​បិទ​ច្រក​ព្រំដែន

ដោយ សួន សុផលមុន្នី
2014.05.29
ច្រក​ទ្វារ​ប៉ោយប៉ែត ៦១០ សកម្មភាព​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៣។
RFA/An Sithav

ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ កំពុង​បាត់​បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​ពួក​គេ​មិន​អាច​ឆ្លង​ដែន​ទៅ​ប្រកប​ការងារ និង​ធ្វើ​អាជីវកម្ម​លក់​ដូរ​នៅ​ក្នុង​ទឹកដី​ថៃ ដូច​សព្វ​មួយ​ដង។

ទាហាន​ថៃ កន្លង​មក​នេះ​បាន​ជូន​ដំណឹង​មក​ភាគី​កម្ពុជា ថា ពួក​គេ​រឹត​បន្តឹង​សន្តិសុខ​ជាតិ និង​ត្រូវ​ស្ដារ​ស្ថានភាព​វឹកវរ​ប្រទេស​ខ្លួន​ឡើង​វិញ។ ទន្ទឹម​គ្នា​នេះ ភាគី​ថៃ ក៏​បាន​បិទ​ច្រក​របៀង​នានា ហើយ​ទាមទារ​ឲ្យ​ពលរដ្ឋ​កម្ពុជា ដែល​មាន​បំណង​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ​តាម​ច្បាប់។

ការ​បិទ​ច្រក​របៀង​នានា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា ដែល​ភាគ​ច្រើន​ពួក​គាត់​ជា​អ្នក​ចេញ​ចូល​ប្រកប​ការងារ​ផ្សេងៗ​នៅ​ក្នុង​ទឹក​ដី​ថៃ។ គិត​ដល់​ថ្ងៃ​ទី​២៩ ខែ​ឧសភា នេះ មាន​រយៈពេល ៩​ថ្ងៃ​ហើយ ដែល​អ្នក​រស់​នៅ​តំបន់​ជាយ​ដែន​ទាំង​នោះ​ខាត​បង់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ជាប់ៗ​គ្នា។

ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បញ្ជាក់​ថា អ្នក​រស់​នៅ​តាម​បណ្ដោយ​ខ្សែ​ក្រវាត់​ព្រំដែន​ខ្មែរ​ថៃ បាន​ពឹង​ផ្អែក​ស្ទើរ​ទាំង​ស្រុង​ទៅ​លើ​ការ​ប្រកប​របរ​រក​ស៊ី​លក់​ដូរ និង​ប្រកប​កិច្ច​ការងារ​ផ្សេងៗ​នៅ​ក្នុង​ទឹក​ដី​ថៃ។ រយៈពេល​ចុង​ក្រោយ​នេះ ពួក​គាត់​ជួប​ការ​លំបាក ដោយសារ​ពុំ​អាច​ឆ្លង​ដែន​ទៅ​ប្រកប​ការងារ​នៅ​ក្នុង​ទឹក​ដី​ថៃ បាន​ដូច​កាល​ពី​មុន៖ «ពេល​យើង​បិទ​ច្រក​អ៊ីចឹង អាជីវករ​គាត់​មាន​បញ្ហា​លំបាក​ក្នុង​ការ​នាំ​ទំនិញ​ចូល ភ័យ​បារម្ភ​ខ្លាច​បាត់​បង់​ចំណូល និង​ទ្រព្យ​សម្បត្តិ​ដែល​នៅ​ក្នុង​ផ្សារ​ថៃ ប្រជាពលរដ្ឋ​ក៏ដោយ​នៅ​ព្រំដែន​នេះ គាត់​ពឹង​ផ្អែក​ទៅ​លើ​ការ​ចូល​ទៅ​រក​ស៊ី​នៅ​ក្នុង​ទឹក​ដី​ថៃ មួយ​ថ្ងៃ រស់​មួយ​ថ្ងៃ​អ៊ីចឹង ពេល​ថៃ បិទ​អ៊ីចឹង គាត់​ពិបាក​មែន​ទែន»

ពួក​គាត់​បន្ត​ថា បើ​សិន​ស្ថានភាព​អាក្រក់​នេះ​អូស​បន្លាយ​រយៈពេល​យូរ​ត​ទៅ​មុខ​ទៀត​នោះ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ជួប​ផល​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ថែម​ទៀត៖ «ពីព្រោះ​អី​រាល់​ថ្ងៃ ដូច​យើង​ដឹង​ឃើញ​ស្រាប់​ហើយ​ថា នៅ​ក្នុង​ស្រុក​ខ្មែរ​យើង រដ្ឋាភិបាល​អត់​ទាន់​មាន​បង្កើត​ការងារ​ធំ​ដុំ​ទេ គឺ​មាន​តែ​ការងារ​តូចតាច​ដែល​ប្រជាពលរដ្ឋ​ធ្វើ​បាន​នៅ​តាម​ផ្ទះ​សម្បែង​របស់​គាត់ ហើយ​គាត់​លក់​ដូរ​តែ​ខ្លួន​ឯង​ទេ អត់​មាន​រដ្ឋាភិបាល អ៊ីចឹង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​តាម​ព្រំដែន​ភាគ​ច្រើន​គាត់​ចូល​ទៅ​ថៃ ចូល​ទៅ​ស៊ី​ឈ្នួល​គេ ដូចជា​លើក​ផ្លែ​ឈើ រើស​ត្រី​អី​នៅ​ក្នុង​ផ្សារ​ថៃ ហ្នឹង ដល់​ពេល​ថៃ បិទ​អ៊ីចឹង គាត់​អត់​មាន​ប្រាក់​ចំណូល​ទេ»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤ អាជ្ញាធរ​ថៃ បាន​បង្កើន​កម្លាំង​ត្រួត​ពិនិត្យ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​ពួក​គេ​បាន​ប្រកាស​បិទ​ច្រក​របៀង​ទាំងអស់ ដែល​មាន​នៅ​តាម​បណ្ដោយ​ខ្សែ​ក្រវាត់​ព្រំដែន​ខ្មែរ​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាប់​នឹង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ ការ​ប្រែប្រួល​ស្ថានការណ៍​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន​ខ្មែរ​ថៃ នេះ កើត​មាន​ឡើង​ក្រោយ​ពី​ទាហាន​ថៃ បាន​ប្រកាស​ដាក់​ប្រទេស​របស់​ខ្លួន​ឲ្យ​ឋិត​នៅ​ក្រោម​ច្បាប់​អាជ្ញាសឹក គ្រប់គ្រង​ដោយ​កង​យោធា។

ក្រោយ​មក យោធា​ថៃ បាន​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន។ រដ្ឋ​ប្រហារ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ បង្កើន​កម្ដៅ​សន្តិសុខ​របស់​ខ្លួន​ខ្លាំងក្លា​ថែម​ទៀត។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់​ថា ភាគី​ថៃ បាន​សុំ​បិទ​ច្រក​របៀង​ទាំងអស់​រវាង​ខេត្ត​បន្ទាយមានជ័យ ជាប់​នឹង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ ទន្ទឹម​គ្នា​នេះ ភាគី​ថៃ សុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា ឆ្លង​ចូល​ទឹក​ដី​ថៃ ទាំងអស់​ត្រូវ​មាន​ឯកសារ​លិខិត​ឆ្លង​ដែន​ឲ្យ​បាន​ត្រឹមត្រូវ។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ភាគី​ថៃ នៅ​តែ​បិទ​ច្រក​របៀង​ទាំង​នោះ​ជា​ដដែល៖ «ដូច​អត់​ទាន់​មាន​អ្វី​ប្រែប្រួល​ទេ វា​នៅ​ដដែល គេ​នៅ​តែ​រក្សា​ស្ថានភាព​ដដែល ព្រោះ​ភាគី​ថៃ គេ​សុំ​យើង​មួយ​អាទិត្យ ដើម្បី​អនុវត្ត​ច្បាប់​អាជ្ញាសឹក​របស់​គេ ក្រោយ​ពេល​មួយ​អាទិត្យ​ទៅ គេ​ត្រួត​ពិនិត្យ​សភាពការណ៍ គេ​នឹង​បន្ធូរបន្ថយ​ឡើង​វិញ»

ទោះ​យ៉ាង​នេះ​ក្តី សកម្មភាព​ចេញ​ចូល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​បឹង​ត្រកួន និង​ច្រក​ម៉ាឡៃ នៅ​តែ​បើក​ឲ្យ​មាន​ការ​ចេញ​ចូល​ជា​ធម្មតា មិន​មាន​បញ្ហា​អ្វី​ប្រែប្រួល​នោះ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ភាគី​ថៃ បាន​បង្កើន​ការ​ត្រួត​ពិនិត្យ​តាម​រយៈ​ការ​ដាក់​មន្ត្រី​គយ និង​ទាហាន​ឈុត​ខ្មៅ បោះ​ទីតាំង​ត្រួត​ពិនិត្យ​មើល​ពី​សកម្មភាព​ចេញ​ចូល​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន (ថៃ)។

ប្រធាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ លោក ពេជ្រ វណ្ណា ថ្លែង​ថា ស្ថានការណ៍​ទូទៅ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ ចាប់​ពី​ច្រក​មុំបី ខេត្ត​ព្រះវិហារ រហូត​ដល់​ច្រក​ចាំយាម ខេត្ត​កោះកុង មិន​មាន​អ្វី​ប្រែប្រួល​នោះ​ឡើយ។ ច្រក​របៀង​នានា​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ នៅ​តែ​បន្ត​បិទ​ដដែល។ លើក​លែង​តែ​ច្រក​តំបន់​ខ្លះ ដែល​ភាគី​ថៃ បាន​បិទ​ក្នុង​រយៈពេល​កន្លង​មក​នោះ ឥឡូវ​នេះ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ជា​ធម្មតា។ លោក​បន្ត​ថា នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ នៅ​ពេល​នេះ​ស្ងប់ស្ងាត់​ជា​ធម្មតា ហើយ​កង​កម្លាំង​ទាំង​ពីរ​ភាគី​នៅ​តែ​សហការ​គ្នា​ជា​ធម្មតា។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ដដែល​បញ្ជាក់​ថា អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពេល​នេះ គឺ​អាជ្ញាធរ​ថៃ បាន​រឹត​បន្តឹង​សន្តិសុខ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាងកក។ ភាគី​ថៃ បង្កើន​ការ​ត្រួត​ពិនិត្យ​លើ​រថយន្ត សម្ភារៈ និង​ការ​ត្រួត​ពិនិត្យ​លើ​លិខិត​ឆ្លង​ដែន​របស់​ពលរដ្ឋ​កម្ពុជា។ ដោយ​ឡែក សម្រាប់​ច្រក​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​ភាគី​ថៃ បាន​បិទ​កាល​ពី​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែ​ឧសភា កន្លង​មក​នោះ ត្រូវ​បាន​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​ហើយ៖ «កាល​បិទ​ប្រមាណ​ខាង​ជើង​អូស្មាច់ ច្រក​អន្លង់វែង អី​ហ្នឹង គាត់​បិទ​ប្រហែល​ពីរ​ថ្ងៃ ដើម្បី​ឲ្យ​មាន​ការ​រៀបចំ​ឡើង​វិញ ឥឡូវ​ហ្នឹង​គាត់​បាន​បើក​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទៅ​លក់​ម៉ោង ៧​ព្រឹក​ជា​ធម្មតា​វិញ ប៉ុន្តែ​ចាប់​ពី​ច្រក​បឹង​ត្រកួន រហូត​ប៉ោយប៉ែត ដូង កំរៀង ទៅ​ដល់​ព្រំ​ប៉ៃលិន កោះកុង អត់​មាន​បិទ​ទេ តាំង​ពី​ដើម​មក ប្រជាជន​ខ្មែរ​យើង​ទៅ​លក់​ដូរ​នៅ​ផ្សារ​ថៃ ធម្មតា»

អាជ្ញាធរ​ខេត្ត​ប្រទេស​កម្ពុជា បញ្ជាក់​ថា សំណើ​របស់​ភាគី​ថៃ សុំ​បិទ​ច្រក​របៀង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នេះ គឺ​ភាគី​ថៃ ពុំ​បាន​កំណត់​ថ្ងៃ​ជាក់​លាក់​ក្នុង​ការ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​នោះ​ឡើយ ពីព្រោះ​គោល​បំណង​សំខាន់ គឺ​ពួក​គេ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​សន្តិសុខ​ជាតិ​របស់​ខ្លួន។ ទោះ​យ៉ាង​ណា​ក៏ដោយ ការ​បិទ​ច្រក​របៀង​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​ការងារ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​តែងតែ​នាំ​គ្នា​ឆ្លង​ដែន​ទៅ​រក​ការងារ​នៅ​ក្នុង​ទឹក​ដី​ថៃ។

ពាក់ព័ន្ធ​ស្ថានការណ៍​វឹកវរ​នៅ​ក្នុង​ប្រទេស​ថៃ នេះ រដ្ឋាភិបាល​កម្ពុជា កន្លង​ទៅ​នេះ បាន​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ខិតខំ​សហការ​ល្អ​ជាមួយ​នឹង​អាជ្ញាធរ​ថៃ។ ទន្ទឹម​គ្នា​នេះ ហាម​មិន​ឲ្យ​មាន​ការ​ចល័ត​កងទ័ព ហើយ​ត្រូវ​បង្កើន​ការ​ទាក់ទង​ផ្ដល់​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ប្រចាំ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ថា កម្ពុជា ត្រូវ​តែ​ខិតខំ​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ថៃ បច្ចុប្បន្ន​បន្ត​ទៀត កម្ពុជា នៅ​តែ​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​មិន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​និរទេស​ណា​មួយ​មក​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ ហើយ​នៅ​ក្នុង​ក្របខ័ណ្ឌ​ជា​សមាជិក​អាស៊ាន គឺ​ហាម​ដាច់​ខាត​មិន​អោយ​មាន​លូក​លាន់​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ថៃ នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។