ពលករ​ខ្មែរ​១៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទូក​នេសាទ​ថៃ​នៅ​ម៉ាឡេស៊ី

ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជូន​កម្មករ​នេសាទ​ខ្មែរ​មក​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី២០ ខែ​មិថុនា ឆ្នាំ​២០១៣ បន្ទាប់​ពី​ពួក​គេ​បាន​ចាញ់​បោក​មេ​ខ្យល់​នាំ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ប្រភព​ពី​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ចំនួន​ពលករ​ដែល​រងគ្រោះ​ក្រោម​ការ​ជួញ​ដូរ​ពលកម្ម​ដែល​បញ្ជូន​ពី​បរទេស​មក​កម្ពុជា នៅ​ក្នុង​រយៈពេល​ដូច​គ្នា​មាន​ចំនួន​តិច​ជាង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២។

0:00 / 0:00

ក្រសួង​ការ​បរទេស​កម្ពុជា និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ហៅ​កាត់​ថា អាយ.អូ.អឹម (IOM) ដែល​សហការ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជូន​កម្មករ​កម្ពុជា ចំនួន ៦​នាក់ មក​ប្រទេស​វិញ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ៦​នាក់ គឺ​ស្ថិត​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ខ្មែរ ១៦​នាក់ ដែល​ស្ថានទូត​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី បាន​ជួយ​សង្គ្រោះ​ពី​ទូក​នេសាទ​របស់​ជនជាតិ​ថៃ ដែល​បាន​ចូល​នេសាទ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ទឹក​ប្រទេស​ម៉ាឡេស៊ី៖ «ប៉ុន្តែ​មក​ពី​ខេត្ត​ផ្សេងៗ​មាន​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប ខេត្ត​អី​ផ្សេងៗ ១៦​នាក់។ ប៉ុន្តែ ឥឡូវ​ហ្នឹង​អង្គការ អាយ.អូ.អឹម គេ​ចេញ​ជា​សោហ៊ុយ​សំបុត្រ​យន្តហោះ​បាន ៦​នាក់​សិន ហើយ​អ្នក​ផ្សេង​ទៀត គឺ​ខាង​ក្រសួង​ការ​បរទេស​យើង​កំពុង​តែ​ស្នើ​ទៅ អាយ.អូ.អឹម ជា​បន្តបន្ទាប់។ ហើយ​គេ​កំពុង​តែ​ពិចារណា​អ្នក​បន្តបន្ទាប់​ទៀត​ហើយ»

លោក កុយ គួង ថ្លែង​បន្ត​ថា ពលរដ្ឋ​ខ្មែរ​និយម​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​បរទេស។ ពួក​គេ​ច្រើន​លើសលប់​មិន​សូវ​ទៅ​រក​ការងារ​ធ្វើ​តាម​រយៈ​ក្រុមហ៊ុន​ស្រប​ច្បាប់​ទេ ទើប​ធ្លាក់​ទៅ​ក្នុង​ការ​ជួញ​ដូរ​ពលកម្ម​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ហើយ​ក្លាយ​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់។ លោក​ថា ប្រសិន​បើ​គ្មាន​កិច្ច​សហការ​ជាមួយ​ប្រទេស​ជិត​ខាង និង​អង្គការ អាយ.អូ.អឹម ទេ ពលរដ្ឋ​ខ្មែរ​នឹង​រឹត​តែ​រង​នូវ​ការ​លំបាក​ពី​ការ​គាប​សង្កត់​របស់​ថៅកែ បង្ខំ​ឲ្យ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​លើ​ទឹក​សមុទ្រ ដើម្បី​ចាប់​ត្រី។ លោក​ឲ្យ​ដឹង​ថា កម្មករ​នេសាទ​ជួយ​សង្គ្រោះ​បាន​ពី​សមុទ្រ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​សល់ ១០​នាក់​ទៀត ដែល​អង្គការ អាយ.អូ.អឹម កំពុង​តែ​ស្វែង​រក​ថវិកា​ដើម្បី​បញ្ជូន​គេ​ឲ្យ​វិល​មក​ប្រទេស​កម្ពុជា វិញ​បន្តបន្ទាប់។

ពលករ​ឈ្មោះ ង៉ែត ឈិ រស់នៅ​ភូមិ​តារាជ្យ ឃុំ​ត្រពាំងរាំង ស្រុក​ជុំគីរី ខេត្ត​កំពត ថ្លែង​ថា គាត់​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​ក្រុមហ៊ុន​ស្រប​ច្បាប់ ដោយ​មាន​កាន់​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ។ ប៉ុន្តែ​នៅ​ពេល​គាត់​ទៅ​ដល់​ប្រទេស​ថៃ ថៅកែ​ថៃ បាន​ដក​យក​លិខិត​ឆ្លង​ដែន​នោះ​ទុក ហើយ​ប្រាប់​គាត់​ថា ត្រូវ​ធ្វើ​ការ​ឲ្យ​រួច​ថ្លៃ​ធ្វើ​លិខិត​ឆ្លង​ដែន​តម្លៃ ២​ម៉ឺន​បាត​ប្រាក់​ថៃ សិន ទើប​អាច​ទទួល​បាន​ប្រាក់​ខែ។ ដោយសារ​បញ្ហា​នេះ ពួក​គាត់​គ្មាន​លុយ​ទិញ​បាយ ទិញ​ទឹក គឺ​មាន​តែ​កន្លែង​ស្នាក់នៅ ហើយ​ធ្វើ​ការ​ប្រៀប​ដូច​ទាសករ។ លោក​បញ្ជាក់​ថា បញ្ហា​ដក​យក​លិខិត​ឆ្លង​ដែន​នេះ ទើប​ពលករ​ខ្មែរ​ច្រើន​រយ​នាក់​រងគ្រោះ​ក្រោម​អំពី​ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម ព្រោះ​តែ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​បរទេស​នោះ​ធ្វើ​ការ​មិន​ច្បាស់​លាស់ ហើយ​ក្រសួង​ពាក់ព័ន្ធ​មិន​បាន​ត្រួត​ពិនិត្យ និង​តាម​ដាន​សកម្មភាព​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​នោះ។

ពលករ ង៉ែត ឈិ៖ «វា​មុន​ដំបូង​ធ្វើ​ប៉ាសស្ព័រ​ឲ្យ​ខ្ញុំ តែ​រយៈពេល ២​អាទិត្យ​ទេ។ ដល់​ពេល​ក្រោយ​មក ទៅ​សន្យា​ជាមួយ​ក្រុមហ៊ុន​ថៃ បើ​ខែ​ក្រោយ​ពលករ​ខ្ញុំ​នឹង​ស្រប​ច្បាប់ ២​ឆ្នាំ។ ដល់​ពេល​នោះ​បាត់​រហូត អា​ប៉ាសស្ព័រ​ក៏​អត់ អា​ប៉ាសស្ព័រ​២​អាទិត្យ​ក៏​ដាច់។ អីចឹង​មាន​ន័យ​ថា ពួក​ខ្ញុំ​គេ​យក​ទៅ​លក់​តែ​ម្តង លក់​ទៅ​ឲ្យ​តាប់​ថៃ គេ​ហៅ​ថា​មេការ​នៅ​ស្រុក​ថៃ។ តែ​ឥឡូវ​ខ្ញុំ​មក​ដល់​ស្រុក​ខ្មែរ​វិញ​ហើយ»

ពាក់ព័ន្ធ​ការ​បញ្ជូន​ពលករ​ពី​បរទេស​មក​កម្ពុជា វិញ​នេះ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​កំពត កញ្ញា សឹម សោភា ថ្លែង​ថា នៅ​ក្នុង ៣​ខែ ឆ្នាំ​២០១៣ គ្រាន់​តែ​នៅ​ខេត្ត​កំពត មាន​ពលករ ១០​នាក់ បាន​មក​ដល់​ប្រទេស​វិញ​ដោយ​សុវត្ថិភាព បន្ទាប់​ពី​សមាគម​នេះ​បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​អង្គការ​ពាក់ព័ន្ធ ដើម្បី​ស្វែង​រក​ពលករ​តាម​បណ្ដឹង​ពី​ក្រុម​គ្រួសារ៖ «បញ្ហា​ធ្វើ​ការ​ចំណាក​ស្រុក​ហ្នឹង ជួប​ប្រទះ​បញ្ហា​ច្រើន គឺ​មាន​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ហើយ​និង​ប្រទេស​ឥណ្ឌូនេស៊ី»

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា កុំ​ប្រថុយប្រថាន​ស្វែង​រក​ការងារ​ធ្វើ​នៅ​បរទេស​តាម​រយៈ​មេ​ខ្យល់​អូស​ទាញ គួរ​រក​ការងារ​ធ្វើ​តាម​រយៈ​ក្រុមហ៊ុន​ដែល​មាន​ច្បាប់​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។