តំណាងកម្មកររោងចក្រ អែស.អិល បញ្ជាក់ថា កម្មករជិត ២ពាន់នាក់ នៅតែបន្តធ្វើកូដកម្ម ដរាបណាថៅកែរោងចក្រនៅតែមិនយល់ព្រមទទួលយកតំណាងកម្មករ ១៩នាក់ ដែលជាថ្នាក់ដឹកនាំ និងសកម្មជនសហជីពឲ្យចូលធ្វើការវិញ។
ក្រសួងការងារ និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា បានប្រជុំបន្ទាន់មួយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា គឺមួយថ្ងៃបន្ទាប់ពីមានការប៉ះទង្គិចហិង្សាធ្ងន់ធ្ងរ រវាងក្រុមបាតុកររោងចក្រ អែស.អិល ជាមួយសមត្ថកិច្ច និងមន្ត្រីកងរាជអាវុធហត្ថនៅស្ពានស្ទឹងមានជ័យ ដែលបណ្ដាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់ និង ៩នាក់រងរបួស។
តំណាងកម្មកររោងចក្រ អែស.អិល ដែលធ្វើកូដកម្ម លោកស្រី ប៉ាវ ផាន់ណា មានប្រសាសន៍ថា ភាគីកម្មករបានបន្ទន់ឥរិយាបថច្រើនក្នុងការចរចា ដោយយល់ព្រមទទួលយកការសម្រេចទាំងអស់ រួមទាំងប្រាក់ឈ្នួលត្រឹម ៥០% ក្នុងអំឡុងពេលធ្វើកូដកម្មបាតុកម្ម ៣ខែ ដើម្បីបើកផ្លូវឲ្យកម្មករចូលធ្វើការវិញ។ ផ្ទុយទៅវិញ ពេលដែលកិច្ចចរចាសម្រេចឯកភាពគ្នាហើយនោះ ស្រាប់តែលេចចេញនូវចំណុចមួយផ្សេងទៀតដែលខាងក្រុមហ៊ុនកំណត់ គឺបដិសេធមិនទទួលយកតំណាងកម្មករ ១៩នាក់ ជាថ្នាក់ដឹកនាំ និងសកម្មជនសហជីព ស៊ីខាវឌូ (CCAWDU) ឲ្យចូលធ្វើការវិញ។
នាយកគ្រប់គ្រងផលិតនៃរោងចក្រ អែស.អិល លោក អ៊ី ចាន់សន បញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនមិនទទួលយកតំណាងកម្មករ និងខាងសហជីព ១៩នាក់នោះ ក៏ព្រោះតែក្រុមហ៊ុនគិតថា ពួកគេទាំងនោះជាអ្នកបង្កព្យុះភ្លៀងក្នុងក្រុមហ៊ុន ធ្វើឲ្យមានកូដកម្មបាតុកម្ម។
លោក អ៊ី ចាន់សន បញ្ជាក់ថា ការសម្រេច ៦ចំណុចដែលចេញដោយក្រសួងការងារ ខាងក្រុមហ៊ុនមិនទាន់សម្រេចឯកភាពទាំងស្រុងនៅឡើយទេ ដោយកំពុងស្ថិតក្នុងការពិភាក្សាគ្នា។ ប៉ុន្តែ ក្រុមហ៊ុនអាចនឹងចុះកិច្ចព្រមព្រៀងមួយជាមួយកម្មករលើចំណុចដែលបានជជែកគ្នាបាននោះ ដរាបណាតំណាងកម្មករ និងសហជីព ស៊ីខាវឌូ អវត្តមានក្នុងរោងចក្រ អែស.អិល។
អនុប្រធានសហជីព ស៊ីខាវឌូ លោក គង់ អាទិត្យ ធ្លាប់រិះគន់ថ្នាក់ដឹកនាំរោងចក្រ អែស.អិល ថាមានការរើសអើងសហជីព និងមានបំណងចង់លុបបំបាត់សហជីពនៅក្នុងរោងចក្រនោះតែម្តង។
លិខិតក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា ភាគីសហជីព និងក្រុមហ៊ុនបានឯកភាពគ្នារួចហើយទៅលើ ៦ចំណុច រួមមាន ទី១ ទុកឲ្យក្រសួងការងារ បន្តធ្វើការជាមួយ លោក មាស សុត្ថា ដោយផ្ទាល់ ដើម្បីស្នើឲ្យគាត់ធ្វើលិខិតជាលាយលក្ខណ៍អក្សរបញ្ជាក់ថា គាត់នឹងដកខ្លួន និងមិនពាក់ព័ន្ធការងារចាត់ចែងគ្រប់គ្រងនៅក្នុងក្រុមហ៊ុនតទៀត។ ទី២ ភាគីទាំងពីរឯកភាពរក្សាទុកកម្លាំងសមត្ថកិច្ចការពារសណ្ដាប់ធ្នាប់រោងចក្រដដែល រហូតដល់មានការដោះស្រាយចប់សព្វគ្រប់។ ទី៣ ភាគីរោងចក្រឯកភាពរក្សាវេនការងារ ៣វេន តាមការស្ម័គ្រចិត្តរបស់កម្មករ។ ទី៤ ភាគីជម្លោះទាំងពីរយល់ព្រមផ្អាកការប្ដឹងផ្តល់គ្នា និងសន្យាថាមិនមានការប្រើអំពើហិង្សាជាមួយគ្នាទៀត។ ទី៥ ចំពោះកម្មករដែលមិនទាន់បានបើកប្រាក់ឈ្នួលសម្រាប់ខែសីហា និងខែកញ្ញា អាចទៅបើកប្រាក់នៅក្រុមហ៊ុន និងទី៦ ភាគីកម្មករសុខចិត្តទទួលយកប្រាក់ចំនួន ៥០% នៃប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំក្នុងអំឡុងពេលធ្វើកូដកម្មបាតុកម្ម ដែលមានសរុបជិត ១លានដុល្លារ។ យ៉ាងណា ភាគីទាំងពីរមិនទាន់ឯកភាពគ្នានៅឡើយ ចំពោះក្រុមហ៊ុនដែលបដិសេធមិនទទួលយកតំណាងកម្មករ ១៩នាក់ ឲ្យចូលធ្វើការវិញ។
យ៉ាងណា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្ម នៅតាមគ្រប់មុខសញ្ញា និងបន្តការសម្របសម្រួលរវាងភាគីរោងចក្រ និងសហជីពទៀត ដោយសហការជាមួយនឹងដៃគូពាក់ព័ន្ធ ដើម្បីបញ្ចប់វិវាទនៅរោងចក្រ អែស.អិល ឲ្យបានឆាប់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
