កម្មករ​រោងចក្រ​អែស.អិល​ទៅ​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន

ក្រុម​កម្មករ​រោងចក្រ​កាត់​ដេរ អែស.អិល (SL) ជាង ៣.០០០​នាក់ បាន​នាំ​គ្នា​ហែ​ក្បួន​ទៅ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​ការ​វាយ​ធ្វើ​បាប​កម្មករ និង​កែ​សម្រួល​លក្ខខណ្ឌ​ការងារ​ចំនួន ១០​ចំណុច។

0:00 / 0:00

កម្មករ​រោងចក្រ អែស.អិល ជាង ៣​ពាន់​នាក់ ដើរ​ថ្មើរ​ជើង​ពី​វិមាន​ឯករាជ្យ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ត្រូវ​សមត្ថកិច្ច​វាយ​បំបែក និង​បណ្ដេញ​ចេញ​ឲ្យ​ទៅ​ខាង​កើត​ក្បែរ​ព្រះ​បរម​រូប​ព្រះ​បរម​រតនកោដ្ឋ។

កម្មការិនី​ដែល​រង​របួស​ដោយ​ការ​វាយ​បណ្ដេញ​ចេញ​ពី​មុខ​ផ្ទះ​លោក ហ៊ុន សែន បាន​ស្រែក​យំ​ថា ពួក​គេ​ទាមទារ​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ដោះស្រាយ​បញ្ហា​ដែល​ថៅកែ​រោងចក្រ​មិន​ព្រម​ដោះស្រាយ​តាម​ការ​ស្នើ​សុំ ដូចជា​សុំ​ឲ្យ​ដូរ​លោក មាស សុថា ចេញ ព្រោះ​លោក​នោះ​ប្រើ​កម្លាំង​វាយ​ដំ​កម្មករ។

ស្ត្រី​រូប​នោះ​បន្ត​ថា ក្រៅ​ពី​នោះ កម្មករ​ក៏​ទាមទារ​សុំ​ដូរ​លក្ខខណ្ឌ​ការងារ​ជាង ១០​ចំណុច​ដែរ។ ប៉ុន្តែ​កម្មករ​រង់ចាំ ២​ខែ ១១​ថ្ងៃ គិត​មក​ដល់​ថ្ងៃ​ទី​២១ ​ខែ​តុលា អត់​មាន​ដោះស្រាយ។ នៅ​ពេល​គាត់​មក​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ស្រាប់​តែ​គាត់​ត្រូវ​ក្រុម​សមត្ថកិច្ច​វាយ​ដំ​ដូច​សត្វ​ធាតុ៖ «ខ្ញុំ​អត់​ចង់​រស់​ទេ ខ្ញុំ​ចង់​ងាប់​តាម​ប្តី​ខ្ញុំ។ ប្តី​ខ្ញុំ​ទៅ​ទាហាន​ងាប់​ហើយ ឯ​ខ្ញុំ​ខំ​ធ្វើ​ការ​រោងចក្រ ឥឡូវ​គេ​ធ្វើ​បាប​ទៀត។ ប៉ូលិស​ឆក់​ពួក​ខ្ញុំ បើ​មិន​ត្រូវ​ទេ ខ្ញុំ​មិន​យំ​ទេ ខ្ញុំ​សុខ​ចិត្ត​ងាប់​តាម​ប្តី​ខ្ញុំ​ទាហាន»

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​ដែល​មក​តវ៉ា​រក​ដំណោះស្រាយ​ការងារ​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣។
អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ថ្លែង​ទៅ​កាន់​ក្រុម​កម្មករ​ដែល​មក​តវ៉ា​រក​ដំណោះស្រាយ​ការងារ​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣។ (RFA/Ouk Savborey)

កម្មការិនី​ម្នាក់​ទៀត​ថ្លែង​ថា ពួកគាត់​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដូរ​លោក មាស សុថា ចេញ ព្រោះ​លោក មាស សុថា នោះ បញ្ជា​អាវុធហត្ថ​នៅ​ក្នុង​រោងចក្រ​វាយ​ដំ​កម្មករ និង​កាង​ឲ្យ​ថៅកែ​ជនជាតិ​សិង្ហបុរី​ប៉ុណ្ណោះ។

លោកស្រី​ថា លោក មាស សុថា មិន​មាន​តួនាទី​ច្បាស់លាស់​ក្នុង​រោងចក្រ គឺ​ចេះ​តែ​ប្រើ​អំណាច​បំបាក់​ស្មារតី​កម្មករ និង​គំរាម​បាញ់​សម្លាប់​ដែល​ធ្វើ​ឲ្យ​កម្មករ​មិន​ពេញ​ចិត្ត៖ «ទាមទារ ៥​ចំណុច។ មុន​ដំបូង​កម្មករ​អត់​ចង់​បាន​ទាមទារ​អី​ទាំង​អស់ សុំ​តែ​ដក​លោក មាស សុថា ចេញ​ពី​រោងចក្រ ហើយ​និង​កងរាជអាវុធហត្ថ​នៅ​ក្នុង​ហ្នឹង ឲ្យ​ដក​ចេញ​ពី​រោងចក្រ កម្មករ​នឹង​ព្រម​ចូល​ធ្វើ​ការ​វិញ តែ​ថៅកែ​អត់​ព្រម​ទេ សុខ​ចិត្ត​ឲ្យ​ទាំង​អស់ ទុក មាស សុថា អ៊ីចឹង​កម្មករ​មាន​អាវុធ​ឯ​ណា​បាញ់​ជាមួយ​កាំភ្លើង បាញ់​ជាមួយ​កងរាជអាវុធហត្ថ ​កម្មករ​មាន​តែ​ដៃ ម៉េច​ចាំ​យក​រាជ​អាវុធហត្ថ​មក​ធ្វើ​អី»

ប្រធាន​សហជីព ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ ថ្លែង​ថា កម្មករ​រោងចក្រ អែស.អិល ទាមទារ​ថៅកែ​សុំ​ប្ដូរ​លក្ខខណ្ឌ​ការងារ​ច្រើន​ចំណុច ​គឺ​សុំ​ដក​លោក មាស សុថា សុំ​ដក​មន្ត្រី​ប្រដាប់​អាវុធ។ សុំ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​វេន​ធ្វើ​ការ​តែ ៣​វេន។ សុំ​ឲ្យ​ក្រុមហ៊ុន​ដក​ពាក្យ​បណ្ដឹង​ដែល​ក្រុមហ៊ុន​ប្ដឹង​កម្មករ​និង​សហជីព ​និង​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ ក្នុង​អំឡុង​ការ​តវ៉ា។

លោក​ថា រាល់​ការ​ទាមទារ​គ្មាន​ការ​ដោះស្រាយ បើ​ទោះ​បី​កម្មករ​ប្ដឹង​ទៅ​ក្រសួង​ការងារ ប្ដឹង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ប្ដឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ក៏ដោយ ទើប​ជម្រើស​ចុង​ក្រោយ​កម្មករ​ដើរ​មក​ផ្ទះ​នាយករដ្ឋមន្រ្តី ដើម្បី​សុំ​ជួយ​អន្តរាគមន៍៖ «គេ​ថា​ញុះញង់ ប៉ុន្តែ​កម្មករ​រាប់​ពាន់​នាក់​គាត់​មក គាត់​មក​ទឹក​ចិត្ត​របស់​គាត់ គ្មាន​អ្នក​ណា​ញុះញង់​ទេ អ៊ីចឹង​ក្រុមហ៊ុន​ចេះ​តែ​រក​វិធី​ដើម្បី​បំបែក​សំឡេង​កម្មករ​ទៅ។ មួយ​ទៀត គឺ​យើង​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​អំឡុង​ពេល​តវ៉ា ព្រោះ​កម្មវត្ថុ​នៃ​ការ​តវ៉ា គឺ​ក្រុមហ៊ុន​ជា​អ្នក​រៀបចំ​ធ្វើ​ដោយ​ខ្លួន​ឯង គឺ​ជួល មាស សុថា មក​ដើម្បី​បង្ក​រឿង ​ហើយ​ដូរ​វេន​អី អត់​មាន​ប្រាប់​ដល់​កម្មករ ហើយ​កម្មករ​អត់​ដឹង​ចូល​ធ្វើ​ការ​យ៉ាង​ម៉េច អ៊ីចឹង​គាត់​ធ្វើ​កូដកម្ម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ»

វិទ្យុ​អាស៊ីសេរី ​មិន​អាច​ទាក់ទង​លោក មាស សុថា ដែល​កម្មករ​និង​សហជីព​បាន​ចោទ​នោះ ដើម្បី​ជម្រាប​សួរ​ព័ត៌មាន​តប​នឹង​ការ​ចោទ​បាន​ទេ នៅ​ថ្ងៃ​២១ ខែ​តុលា។

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​ចុះ​ចរចា​ផ្ទាល់​ជាមួយ​កម្មករ និង​សហជីព​ដល់​កន្លែង​តវ៉ា​ដែល​នៅ​ក្បែរ​ព្រះ​បរម​រូប​ព្រះ​បរម​រតនកោដ្ឋ។ លោក​បាន​សុំ​ឲ្យ​កម្មករ​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​វត្ត​បទុមវតី ដើម្បី​ស្វែង​រក​ដំណោះស្រាយ ប៉ុន្តែ​កម្មករ​មិន​ព្រម ដោយ​ពួកគេ​សុំ​នៅ​រង់ចាំ​ចម្លើយ​នៅ​កន្លែង​ដដែល។

នៅ​ម៉ោង ១០​ព្រឹក ថ្ងៃ​២១ ខែ​តុលា ប្រធាន​សហជីព​ស៊ីខាវឌូ លោក​អភិបាល​ក្រុង និង​រដ្ឋមន្រ្តី​ក្រសួង​ការងារ ជួប​ប្រជុំ​គ្នា​រក​វិធី​ដោះស្រាយ​ការ​ទាមទារ​របស់​កម្មករ ដែល​បន្ត​ពិភាក្សា​មិន​ទាន់​ចប់​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល។

កម្មករ​និង​សហជីព​ឲ្យ​ដឹង​ថា រោងចក្រ អែស.អិល មាន​ចំនួន​ជាង ៦​ពាន់​នាក់ បាន​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​នោះ។ នៅ​ក្នុង​ថ្ងៃ​២១ ខែ​តុលា មាន​កម្មករ​ប្រមាណ ៣០០​នាក់ បាន​ធ្វើ​ការ ឯ​កម្មករ​ភាគ​ច្រើន​លើសលប់ បាន​ធ្វើ​កូដកម្ម​តាំង​ពី​អំឡុង​មុន​បោះ​ឆ្នោត​បន្ត​មក​ដល់​បច្ចុប្បន្ន ដើម្បី​សុំ​ប្តូរ​លក្ខខណ្ឌ​ការងារ។

លោក អាត់ ធន់ ប្រធាន​សហជីព​ស៊ីខាវឌូ ថ្លែង​ប្រាប់​កម្មករ​ថា តាម​ការ​សម្រេច​ក្នុង​ពេល​ប្រជុំ​រវាង​សហជីព ក្រសួង​ការងារ​ក្រោម​ការ​សម្របសម្រួល​របស់​អភិបាល​រាជធានី​ភ្នំពេញ ព្រម​ដក​លោក មាស សុថា ហើយ​សុំ​ថៅកែ​បើក​ប្រាក់​អតីតភាព​ការងារ​ឲ្យ​កម្មករ​ដែល​បញ្ឈប់​ពី​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។