កម្មករ​រោងចក្រ​អែស.អិល​៦​ពាន់​នាក់​បាន​ចូល​ធ្វើ​ការ​វិញ

កម្មករ​ដេរ​សំលៀក​បំពាក់​នៅ​រោង​ចក្រ អែស.អិល ១ និង អែស.អិល ២ ប្រមាណ ៦​ពាន់​នាក់ បាន​ចូល​ធ្វើ​ការ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា តាម​ការ​សម្របសម្រួល​របស់​សាលា​រាជធានី​ភ្នំពេញ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ប្រចាំ​រោងចក្រ អែស.អិល អ្នកស្រី ស៊ាន សុផល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា កម្មករ​បាន​ចូល​ធ្វើការ​វិញ​ទៅ​តាម​ការ​ណែនាំ​របស់​អភិបាល​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​អ្នកស្រី​កត់​សម្គាល់ ការ​ចូល​ធ្វើ​ការ​នេះ តាម​តែ​ការ​ណែនាំ​របស់​អាជ្ញាធរ​ប៉ុណ្ណោះ រី​ឯ​ក្រុមហ៊ុន​ហាក់​ពុំ​សហការ​ផ្ដល់​ឲ្យ​កម្មករ​បាន​ធ្វើ​ការ​ដូច​ធម្មតា​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា កម្មករ​ដេរ​សំលៀកបំពាក់​ឲ្យ​ម៉ាក លីវ៉ាយ (Lyvis) នៅ​រោងចក្រ អែស.អិល ប្រមាណ ៤​ពាន់​នាក់ បាន​ដើរ​ក្បួន​ពី​រោងចក្រ​របស់​ពួកគាត់​នៅ​សង្កាត់​ស្ទឹងមានជ័យ ចូល​ទៅ​បិទ​ផ្លូវ​ព្រះ​មុនីវង្ស ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ប្រមាណ​ជិត ២​ម៉ោង។

ជា​លទ្ធផល​បន្ទាប់​ពី​ភាគី​ពាក់ព័ន្ធ​ចូល​ចរចា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​បាន​សម្រេច​លប់​ចោល​ការ​ព្យួរ​ឈ្មោះ​កម្មករ និង​ការបញ្ឈប់​កម្មករ​ពី​ការងារ ព្រម​ទាំង​តម្រូវ​ឲ្យ​កម្មករ​ទាំង​អស់​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​កញ្ញា។ ហើយ​ថា នៅ​ថ្ងៃ​ច័ន្ទ​ទី​៩ កញ្ញា គណៈកម្មការ​ចម្រុះ ដែល​មាន​អភិបាល​រាជធានី គណៈកម្មការ​ដោះស្រាយ​បាតុកម្ម កូដកម្ម អាជ្ញាធរ​ដែនដី សមាគម​និយោជក និង​សហជីព នឹង​ដោះស្រាយ​បញ្ហា​ផ្សេងៗ មាន​ជា​អាទិ ផ្ដល់​ប្រាក់​បណ្ដេញ​ចេញ ប្រាក់​ជូន​ដំណឹង ប្រាក់​ជំងឺ​ចិត្ត ប្រាក់​បំណាច់​ឆ្នាំ និង​ប្រាក់​ខែ​លើក​ចុង​ក្រោយ បើ​សិន​ជា​រោងចក្រ​នេះ​បិទ​ទ្វារ​លែង​ដំណើរ​ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។