កម្មករ​រោងចក្រ​អែស.អិល​ធ្វើ​កូដកម្ម​ជា​ថ្មី

កម្មករ​រោងចក្រ អែស.អិល (SL) ប្រមាណ​ជាង ១០០​នាក់ បាន​ផ្ទុះ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ដើម្បី​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​ពេល​កន្លង​ទៅ​នេះ។ ប៉ុន្តែ អ្នក​ចាត់​ចែង​ផ្នែក​ផលិត​របស់​រោងចក្រ​មួយ​នេះ អះអាង​ថា មូលហេតុ​ពិត​នៃ​ភាព​យឺតយ៉ាវ​នេះ នៅ​មិន​ទាន់​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

0:00 / 0:00

ក្រុម​កម្មករ​នៃ​រោងចក្រ អែស.អិល ហៅ​ការ​មិន​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល ដែល​ភាគី​រោងចក្រ​នៅ​តែ​បន្ត​នាំ​ឲ្យ​មាន​ការ​ខកខាន​ម្ដង​ជា​ពីរ​ដង​នេះ គឺ​ជា​ផ្នែក​មួយ​បញ្ជាក់​ថា ជា​ចេតនា​របស់​ភាគី​រោងចក្រ ដោយ​ចាត់​ទុក​ថា ការ​សម្រេច​នេះ​នឹង​មិន​អាច​គ្រប​ដណ្ដប់ ឬ​អាច​មាន​ឥទ្ធិពល​ណា​មួយ​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​ថៅកែ​រោងចក្រ​បាន​ឡើយ។

កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មករ​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​របស់​រោងចក្រ អែស.អិល ឈ្មោះ រឿង ប៉ុម ដែល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា ថ្លែង​ថា អ្វី​ដែល​ក្រុម​កម្មករ​ផ្ទុះ​កូដកម្ម​ជា​ថ្មី​ឡើង​វិញ​នេះ ព្រោះ​តែ​ភាគី​រោងចក្រ​មិន​គោរព​តាម​ការ​សម្រេច​នៃ​អង្គ​ប្រជុំ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​រួច​ហើយ​នោះ​ក្នុង​ពេល​កន្លង​ទៅ។

មាន​ដើម​កំណើត​នៅ​ខេត្ត​ព្រៃវែង លោកស្រី រឿង ប៉ុម បន្ត​ថា លើស​ពី​នេះ ក្រុម​កម្មករ​ស្នើសុំ​ឲ្យ​ភាគី​រោងចក្រ​ទទួល​យក​តំណាង​កម្មករ​ចំនួន ១៩​នាក់ ដែល​បាន​បញ្ឈប់ អាច​មាន​សិទ្ធិ​ចូល​ធ្វើ​ការ​ឡើង​វិញ៖ «ស.ជ.ណ ពី​សម្ដេច ហ៊ុន សែន ហ្នឹង​ក៏​ឲ្យ​អ្នក ១៩​នាក់​ហ្នឹង​ចូល​ធ្វើ​ការ​ដែរ។ ប៉ុន្តែ ថៅកែ​ហ្នឹង​មិន​ទាន់​មាន​ដូច​ថា ចេញ​ជា​ក្រដាស​លក្ខខណ្ឌ​មួយ​ដើម្បី​ឲ្យ​កម្មករ​យើង ១៩​នាក់​ហ្នឹង​ចូល»

ពាក់ព័ន្ធ​ភាព​ចម្រូងចម្រាស​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​គណៈកម្មការ​ដោះស្រាយ​បាតុកម្ម និង​កូដកម្ម ភាគី​ទាំង​ពីរ​បាន​សម្រេច​លើ​គោលការណ៍ ៦​ចំណុច​រួច​មក​ហើយ។ ប៉ុន្តែ ចំណុច​ដែល​ចាំបាច់ គឺ​ខាង​រោងចក្រ​សម្រេច​ផ្តល់​លុយ​ចំនួន ៥០% ជូន​កម្មករ​ក្នុង​រយៈពេល​នៃ​ការ​តវ៉ា​កន្លង​ទៅ​នេះ។

បញ្ហា​ដែល​ចាំបាច់​ជាង​នេះ​ទៀត គឺ​ពួក​គេ​ទាមទារ​ឲ្យ​តំណាង​កម្មករ​ចំនួន ១៩​នាក់ បាន​ចូល​ធ្វើ​ការ​ដូច​ដើម​វិញ។ បើ​ទោះ​ជា​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ត្រូវ​ជំទាស់​ជា​ដាច់​ខាត ដោយ​ភាគី​រោងចក្រ​ថា​នឹង​មិន​អាច​ទទួល​យក​អ្នក​ទាំង ១៩​នាក់​ក៏ដោយ​ចុះ ប៉ុន្តែ​ការ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៥ កន្លង​ទៅ​នេះ អ្នក​ទាំង ១៩​នាក់​នោះ ត្រូវ​បាន​ព្រមព្រៀង​ឲ្យ​ចូល​ធ្វើ​ការ​ឡើង​វិញ​ហើយ​ដែរ។ ការ​ផ្ទុះ​កូដកម្ម​ជា​ថ្មី​ទៀត​នេះ កម្មករ​បាន​បិទ​ផ្លូវ​៣៧១ ដែល​ឆ្លង​កាត់​មុខ​រោងចក្រ អែស.អិល មិន​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​បាន​ឆ្លង​កាត់​ឡើយ។

យ៉ាង​ណា​ក៏ដោយ​នេះ ជា​មូលហេតុ​ថ្មី​មួយ​ទៀត​ក្នុង​ចំណោម​មូលហេតុ​នៃ​ការ​រើសអើង គឺ​ភាគី​ខាង​រោងចក្រ​មិន​ចង់​ឲ្យ​មាន​សហជីព​នៅ​ក្នុង​រោងចក្រ។ ករណី​នេះ ទើប​នាំ​ឲ្យ​ផ្ទុះ​កូដកម្ម​កើត​ឡើង ក្រោយ​ពី​មាន​សេចក្ដី​សម្រេច​នេះ គឺ​កម្មករ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​អនុវត្ត​ដូច​បាន​សន្យា​រួច​មក​ហើយ​នោះ ឲ្យ​បាន​ឆាប់។

នាយក​គ្រប់គ្រង​ផលិត​នៃ​រោងចក្រ អែស.អិល លោក អ៊ី ចាន់សន បដិសេធ​ថា លោក​នៅ​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​នៃ​ភាព​យឺតយ៉ាវ​នេះ​នៅ​ឡើយ​ទេ។ បើ​ទោះ​ជា​បែប​ណា លោក​ទទួល​ស្គាល់​ថា ការ​បន្ត​អូស​បន្លាយ​នៃ​វិវាទ​នេះ វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ប្រឈម​នឹង​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​នៅ​ក្នុង​តំបន់ និង​ពិភពលោក៖ «ខ្ញុំ​ក៏​សង្ឃឹម​ថា​ក៏​មិន​ចង់​ឲ្យ​យូរ​ត​ទៅ​ទៀត​ដែរ ព្រោះ​យើង​វា​មុខ​មាត់​ប្រទេស​យើង​ផង​ដែរ។ កាល​ណា​យើង​បន្ត​ធ្វើ​អ៊ីចឹង​ទៅ វា​អាច​នឹង​អាប់​អោន​មុខ​មាត់​ប្រទេស​យើង​ដែរ»

បញ្ហា​កើត​ចេញ​ពី​ការ​ជាប់​គាំង​នេះ បាន​បណ្ដាល​ឲ្យ​ស្ត្រី​លក់​បាយ​វ័យ ៤០​ឆ្នាំ​ម្នាក់ ដែល​ពុំ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ បាន​ស្លាប់​ភ្លាមៗ និង​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​ការ​បាញ់​បង្ក្រាប​ហិង្សា​មួយ ប្រឆាំង​ក្រុម​បាតុករ​របស់​សមត្ថកិច្ច កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា។

ព្រឹត្តិការណ៍​ផ្ទុះ​ឡើង​នៅ​គល់​ស្ពាន​ស្ទឹងមានជ័យ កាល​ណោះ ក្រោយ​ពី​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​បាន​ព្យាយាម​រារាំង​កម្មករ​រោងចក្រ អែស.អិល មិន​ឲ្យ​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​បំណង​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។