អ្នកធ្វើការផ្នែកតស៊ូមតិដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ដូចជាសកម្មជនដីធ្លី សកម្មជនគណបក្សនយោបាយ និងសកម្មជនការពារសិទ្ធិមនុស្ស គេកម្រឃើញមានជោគវាសនាល្អណាស់ ក្រៅពីរស់ដោយពឹងផ្អែកលើប្រាក់ខែបន្តិចបន្តួច ដើម្បីរស់ប៉ុណ្ណោះ។ លើសពីនេះទៀត ពួកគេក៏ត្រូវរងការគំរាមកំហែងប្រមាថអាយុជីវិតជាបន្តបន្ទាប់មួយជាន់ទៀត។
តើមូលហេតុអ្វីបានជាអ្នកឈឺឆ្អាលភាពអយុត្តិធម៌របស់សង្គម តែងរស់ដោយលំបាកវេទនាទៅវិញ?
មានមនុស្សជាច្រើនដែលតែងទាមទារសិទ្ធិរស់នៅដោយសមរម្យ ត្រូវបានជនមិនស្គាល់មុខធ្វើឃាត ក៏ប៉ុន្តែលទ្ធផលនៃការស៊ើបអង្កេតពីមន្ត្រីជំនាញរបស់រដ្ឋាភិបាលវិញ ដើម្បីយកជនដៃដល់ទាំងនោះមកផ្ដន្ទាទោស នៅតែឋិតក្នុងភាពអាថ៌កំបាំងរហូត។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិ ក្រៅពីត្រូវរដ្ឋាភិបាលគំរាមកំហែងចាប់ដាក់គុក ឬជួនកាលអាចត្រូវបាញ់សម្លាប់ឆៅៗតែម្ដង បានកើតមានឡើងជាហូរហែនៅក្នុងសង្គមដែលមានលទ្ធិប្រជាធិបតេយ្យនៅក្មេងខ្ចី ដូចជាកម្ពុជា ជាដើម។ ក៏ប៉ុន្តែ បើមានវាសនាល្អ ពួកគេអាចរត់ចោលស្រុក ហើយរួចខ្លួន បន្ទាប់មកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយក្នុងឋានៈជាជនភៀសខ្លួននៅក្រៅប្រទេសវិញ។
ក្នុងចំណោមសកម្មជនតស៊ូមតិដែលឆ្លងកាត់រាប់មិនអស់រឿងឧបសគ្គ ដែលយកជីវិតធ្វើជាដើមទុនដើម្បីដោះដូរនឹងសិទ្ធិសេរីភាព ត្រូវបាត់បង់ជីវិត ឬមានពេលខ្លះត្រូវជាប់ពន្ធនាគារផងក៏មាន លោក វន់ ពៅ ក៏ជាសកម្មជនម្នាក់ដែលមានជីវិតជូរចត់មិនណយណាស់ដែរ។ ក្នុងវ័យ ៣៩ឆ្នាំ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រូបនេះ ឲ្យដឹងកាលពីថ្ងៃទី១៧ មករា ថា ក្រោយពីសម្រេចចិត្តចូលប្រឡូកក្នុងសង្គម ដើម្បីទាមទារសិទ្ធិសេរីភាពមក ជីវិតរបស់លោកពុំដែលទទួលបានសេចក្ដីសុខ និងសុភមង្គលពិតប្រាកដទេ។ លោកបន្តថា «កាលពីជំនាន់ខ្ញុំឆ្នាំ៩១ និងឆ្នាំ៩៣ គឺខ្ញុំមិនបានដេកផ្ទះទេ ព្រោះកាលនោះគេរើសអើងយើង គិតពីជាតិគិតពីសង្គម»។
រស់នៅក្នុងបន្ទុកដែលមានកូនចំនួន ៤នាក់ លោក វន់ ពៅ និយាយថា គិតមកដល់ពេលនេះ ក្រុមគ្រួសាររបស់លោកពុំមានទ្រព្យសម្បត្តិអ្វីជាដុំកំភួនសេសសល់ឡើយ ក្រៅពីប្រាក់ខែតិចតួច និងកម្លាំងចិត្តដើម្បីកិច្ចការសង្គមប៉ុណ្ណោះ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) យល់ឃើញថា លោក វន់ ពៅ គឺជាសកម្មជនសិទ្ធិមនុស្សដ៏សកម្មម្នាក់ ដែលហ៊ានពុះពារគ្រប់ឧបសគ្គដើម្បីបុព្វហេតុផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកបន្តថា «ខ្ញុំគិតថា លោក វន់ ពៅ គឺជាសកម្មជនការពារសិទ្ធិមនុស្សយ៉ាងសកម្មមួយនៅក្នុងសង្គម។ យើងអាចចាត់ទុកបានថា វីរភាព និងការងាររបស់គាត់ គឺជាសកម្មជនដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា»។
ក្រុមអ្នកការពារសិទ្ធិមនុស្ស អ្នកតស៊ូមតិ និងសកម្មជនគណបក្សនយោបាយប្រឆាំង កម្រឃើញរស់នៅដោយសោយសុខលើគំនរទ្រព្យសម្បត្តិណាស់។ តួយ៉ាងដូច លោក ចាន់ សុវ៉េត អ្នកការពារសិទ្ធិមនុស្សដ៏ល្បីឈ្មោះរបស់សមាគមអាដហុក (adhoc) ពេលស្លាប់ទៅវិញពុំបានបន្សល់ទុកអ្វីជាកេរមរតកសម្រាប់ក្រុមគ្រួសារទេ។ លោក ឈុត វុទ្ធី អ្នកការពារបរិស្ថានដ៏ល្បីល្បាញ ដែលត្រូវបានកងរាជអាវុធហត្ថខេត្តកោះកុង បាញ់សម្លាប់ ក៏ពុំបានទុកកេរអាករសម្រាប់ប្រពន្ធកូនដែរ។ ដោយឡែក លោក ជា វិជ្ជា មេសហជីពដ៏សកម្មក្នុងការទាមទារដំឡើងប្រាក់ខែឲ្យកម្មករ ក៏ពុំបានទុកស្នាដៃដូចជាហាង តូបលក់ដូរ ឬអគារធំដុំសម្រាប់កូនចៅឡើយ ក្រៅពីបន្សល់ទុកការនិរទេសខ្លួនរបស់គ្រួសារ សុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅក្រៅប្រទេសប៉ុណ្ណោះ។
ផ្ទុយគ្នាស្រឡះ បើអ្នកកាន់កិច្ចការរដ្ឋ ឈ្មួញ ឬអ្នកដែលស្និទ្ធនឹងរដ្ឋាភិបាល ពួកគេទាំងនោះម្នាក់ៗ គឺកំពុងរស់ដោយសោយសុខលើគំនរទ្រព្យសម្បត្តិសឹងចាយមួយជីវិតមិនអស់ផង។ អ្នកដែលស្និទ្ធមែនទែនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចជាលោកឧកញ៉ា ទ្រី ភាព ជាឈ្មួញកាងឈើដ៏ល្បីឈ្មោះ និងអ្នកដែលប៉ិនប្រសប់ក្នុងការរកចំណូលចូលគណបក្សប្រជាជនកម្ពុជា ផង អាចធ្វើព្យុះធ្វើភ្លៀងបានដោយងាយក្នុងបទល្មើសព្រៃឈើ។
រីឯអ្នកដែលអាចរកចំណូលបានពីអំពើពុករលួយវិញ គឺអ្នកតូចស៊ីតាមតូច អ្នកធំស៊ីតាមធំ។ និយាយដោយរួម អ្នកដែលឆ្លាតមែនទែន គឺគេអាចយកឈ្មោះថាជាមន្ត្រីក្នុងគណបក្សប្រជាជនកម្ពុជា និងជនមានអំណាចក្នុងសង្គម ក្នុងន័យថា ដើម្បីអាចបើកផ្លូវ និងទុកឱកាសក្នុងការរកស៊ីក៏មានដែរ។
បើទោះជាក្រុមអ្នកតស៊ូមតិ និងអ្នកការពារសិទ្ធិមនុស្ស ត្រូវរងការគំរាមប្រមាថអាយុជីវិតក៏ដោយ ក៏យ៉ាងហោចណាស់ ពួកគេអាចនៅមានទឹកមាត់លេបខ្លះដែរ។ ថ្វីបើមានពេលខ្លះ ពួកគេសឹងរកលុយដាក់ហោប៉ៅគ្មានសូម្បីមួយរៀល ក៏ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គមរបស់ពួកគេល្បីខ្ទរខ្ទារ មានការស្រឡាញ់រាប់អាន និងអាណិតអាសូរមិនសាបសូន្យនោះដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី១៧ មករា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលនរណាៗក៏បានដឹងដែរថា លោកគឺជាសកម្មជនសិទ្ធិមនុស្សមួយដែលហ៊ានពុះពារមិនខ្លាចក្ដៅត្រជាក់ ហាលភ្លៀងហាលថ្ងៃ និងហ៊ានលះបង់អាយុជីវិតគ្រប់បែបយ៉ាង ដើម្បីយុត្តិធម៌សង្គម។ នៅទីបំផុត លោកត្រូវបានលើកទឹកចិត្តដោយសប្បុរសជន តាមរយៈការផ្ដល់ថវិកាមួយចំនួនជុំវិញបុព្វហេតុរបស់ខ្លួន។
រស់នៅរាជធានីភ្នំពេញ លោកស្រី ឈិត ឆាយា ដែលអះអាងថា លោកស្រីពេញចិត្តពេញថ្លើមចំពោះវីរភាពរបស់ លោក វន់ ពៅ ដែលហ៊ានប្រឈមចំពោះបញ្ហារាប់មិនអស់ថ្លែងថា លោកស្រីបានផ្ដល់ថវិកាចំនួន ៥០០ដុល្លារ ដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួននេះ គឺដោយសារមើលឃើញថា សកម្មជនសិទ្ធិមនុស្សរូបនេះកំពុងប្រឈមមុខនឹងជំងឺ ដែលទាមទារថវិកាបន្ថែមដើម្បីព្យាបាល។ លោកស្រី ឈិត ឆាយា បន្តថា «លោកដូចជាឥតមានបំណងអ្វីផ្សេងទេ គឺមានបំណង គឺថាអាណិតគាត់ ចង់ជួយគាត់ ព្រោះដឹងថាគាត់មានជំងឺត្រូវការលុយទៅព្យាបាល»។
ឋិតក្នុងវ័យ ៥០ឆ្នាំ លោកស្រី ឈិត ឆាយា បន្តថា ក្រុមគ្រួសាររបស់លោកស្រីនៅតែបន្តជួយជ្រោមជ្រែងតាមលទ្ធភាពដែលអាចធ្វើទៅបានចំពោះ លោក វន់ ពៅ។
មានប្រវត្តិជាកូនកំព្រាក្នុងគ្រួសារក្រីក្រ នាភូមិក្រសាំងពុល ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក វន់ ពៅ បានឆ្លងកាត់ជីវិតលំបាកវេទនា និងបានចូលធ្វើការជាកម្មករកាត់ដេរក្នុងរោងចក្រមួយកាលពីឆ្នាំ១៩៩៨។ ចាប់ពីពេលនោះហើយដែល លោក វន់ ពៅ ចាប់ផ្ដើមធ្វើកិច្ចការក្នុងនាមជាអ្នកតស៊ូមតិ ដែលពីដំបូងគ្រាន់តែតវ៉ាដើម្បីប្រយោជន៍កម្មករក្នុងរោងចក្រ។
ធ្លាប់ជាកម្មករ លោក វន់ ពៅ តែងចូលរួមក្នុងការទាមទារ ឬការសម្របសម្រួលដើម្បីផលប្រយោជន៍កម្មករជាហូរហែ។ សកម្មភាពរបស់ លោក វន់ ពៅ បម្រើសង្គមនេះហើយ បានជំរុញទឹកចិត្តរបស់ លោកស្រី ឈិត ឆាយា សម្រេចចិត្តលះបង់ថវិកាផ្ទាល់ខ្លួនដែលពុំមានអ្នកណាអាចធ្វើទៅបានក្នុងទំហំទឹកប្រាក់ប្រមាណ ២លានរៀលចំពោះ លោក វន់ ពៅ ឡើយ។
លោកស្រី ឈិត ឆាយា បញ្ជាក់ថា ការចំណាយលុយផ្ទាល់ខ្លួននេះ គឺពុំមានចេតនាអ្វី ឬឋិតក្រោមហេតុផលអ្វីមួយក្រៅពីផ្ដើមចេញពីក្ដីមេត្តាអាណិតអាសូរ បើទោះជាដឹងថា ខ្លួនពុំមានអ្វីសោះក្នុងដៃ ក៏ប៉ុន្តែហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីទាមទារយុត្តិធម៌សង្គម។ លោកស្រីចាត់ទុកថា ភាពអត់ធ្មត់របស់ លោក វន់ ពៅ នេះហើយ ដែលជំរុញឲ្យទឹកចិត្តរបស់លោកស្រីកោតសរសើរ និងនៅតែបន្តគាំទ្រជាដរាប។ លោកស្រី ឈិត ឆាយា បន្តថា «សកម្មភាពរបស់គាត់ ខ្ញុំគិតថា គាត់មិនប្រឆាំងនឹងរដ្ឋាភិបាលទេ គឺខ្ញុំគិតថា មានបំណងគ្រាន់តែជួយទាមទារឲ្យកម្មករយើងមានប្រាក់ខែសមរម្យ»។
ដោយឡែក លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ វិញ យល់ឃើញថា គ្រប់សកម្មភាពនៃបេសកកម្មរបស់ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រូបនេះ ធ្វើកិច្ចការជាប្រយោជន៍សាធារណៈរួម ជាជាងធ្វើដើម្បីខ្លួនឯង និងក្រុមគ្រួសារ។ លោកបន្តថា «ខ្ញុំឃើញថា សកម្មភាព និងការងាររបស់ លោក វន់ ពៅ គឺគាត់លះបង់ទាំងកម្លាំងកាយ និងពេលវេលា។ លះបង់ទាំងជីវិតឯកជនរបស់គាត់ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ»។
បើទោះជាបែបណា លោក វន់ ពៅ នៅតែប្ដេជ្ញាថា លោកនឹងនៅតែតស៊ូមតិជាថ្មីទៀតប្រឆាំងការគំរាមកំហែងពីអាជ្ញាធររដ្ឋ បើទោះជាលោកត្រូវប្រឈមរឿងលំបាកជីវភាព និងឆ្លងកាត់ជីវិតជាប់ក្នុងពន្ធនាគារយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
