ភាព​វឹកវរ​ក្នុង​សង្គម​អាច​កើត​មាន​នៅ​​​កម្ពុជា?

ស្ថាប័ន​អន្តរជាតិ​បាន​រក​ឃើញ​ថា អំពើ​ពុក​រលួយ​និង​ការ​លាប​ពណ៌​ដល់​ក្រុម​យុវជន​ឲ្យ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ន័យ​អូសទាញ​ឲ្យ​គាំទ្រ​គណបក្ស​នយោបាយ​នោះ ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​សង្គម​​មាន​ភាព​ចលាចល ឬ​​មាន​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

0:00 / 0:00

អំពើ​ពុក​រលួយ​បាន​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​​កម្ពុជា​ និង​ធ្វើ​ឲ្យ​មាន​គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​ កាន់​តែ​ធំ។ ចំនួន​យុវជន​វិញ ក៏​បាន​ចាត់​ទុក​ថា​ ជា​បុព្វហេតុ​បង្ក​​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ដោយ​សារ​យុវជន​ជា​មនុស្ស​ងាយ​​ទាក់​ទាញ​ពី​គណបក្ស​នយោបាយ។

អំពើ​ពុក​រលួយ​ជា​ជំងឺ​សង្គម​ដែល​ត្រូវ​ព្យាបាល។ បញ្ហា​ពុក​រលួយ​ ក៏​ជា​ប្រធាន​បទ​សំខាន់​ដែល​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ ធ្វើ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​​​​​នៅ​ប្រទេស​កម្ពុជា។ បន្ថែម​លើ​នេះ ស្ថាប័ន​អន្តរជាតិ​នានា បាន​​​ពិចារណា​​ឡើង​វិញ​លើ​ការ​បន្ត​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ក៏​ដោយ​សារ​​ អំពើ​ពុក​រលួយ​នេះ​ដែរ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​​ លោក ព្រាប កុល មាន​ប្រសាសន៍​ថា​ អំពើ​ពុក​រលួយ​ជា​បញ្ហា​ចម្បង​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង ដើម្បី​​​​ចូល​រួម​ចំណែក​​អភិវឌ្ឍ​សង្គម។ លោក​បញ្ជាក់​ថា របាយការណ៍​​ថ្មី​មួយ​​របស់​អង្គការ​តម្លាភាព​អន្តរជាតិ បាន​បង្ហាញ​អំពី​ការ​​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ថា​​ស្ថាប័ន​ចំនួន​បួន បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​សង្គម។

លោក ព្រាប កុល មាន​ប្រសាសន៍​បន្ថែម​ថា ការ​រក​ឃើញ​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ ជា​ការ​បង្ហាញ​ដល់​ម្ចាស់​ជំនួយ​អន្តរជាតិ​ ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ​អំពី​ការ​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ដែល​បាន​បាត់​​តាម​រយៈ​អំពើ​ពុក​រលួយ។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ អ្នក​វិភាគ​សង្គម​បាន​អះអាង​ថា មន្ត្រី​សាធារណៈ​មិន​មាន​ឧកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដូច​ស្ថាប័ន​តុលាការ​ និង​ស្ថាប័ន​នយោបាយ​ឡើយ។ ស្ថាប័ន​គឺ​ខុស​ពី​មន្ត្រី​ធម្មតា។ ស្ថាប័ន​គឺ​ជា​មេ​​គ្រួសារ​អ្នក​ណា​ធ្វើ​មេ អ្នក​នោះ​នឹង​ស៊ីដាច់។ អ្នក​ដែល​ធ្វើ​ការ​នៅ​ស្ថាប័ន​តុលាការ ទទួល​បាន​ប្រាក់​តិច​ជាង ១​ពាន់​ដុល្លារ​អាមេរិក ប៉ុន្តែ​សម្ភារៈ​ប្រើប្រាស់​របស់​​អ្នក​ដែល​ធ្វើ​ការ​ងារ​នៅ​ស្ថាប័ន​នោះ​ សុទ្ធ​សឹង​តែ​ជា​របស់​ទំនើប និង​មាន​វិឡា​​ស្កឹមស្កៃ​រស់​នៅ។ បញ្ហា​នេះ ​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​ចោទ​ថា បើ​ប្រាក់​ខែ​តិច ហេតុ​អ្វី​រស់​បែប​សង្ហា​ជាង​គេ​ម្ល៉េះ?

ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​មាន​ចេញ​ផ្សាយ​​របាយ​ការណ៍​សម្រាប់​វាស់​វែង​អំពី​អំពើពុក​រលួយ​ជា​សកល​របស់​អង្គការ​តម្លា​ភាព​អន្តរជាតិ​ប្រចាំ​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា នៅ​កម្ពុជា មាន​អ្នក​ផ្ដល់​បទ​សម្ភាសន៍​​ចំនួន ៦៥% បាន​អះអាង​ថា បាន​សូក​ប៉ាន់​មន្ត្រី​តុលាការ និង​ប៉ូលិស ៦២% ដល់​មន្ត្រី​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន​ និង ៥៧% ​ផ្សេង​ទៀត​ ដល់​មន្ត្រី​ពាក់​ព័ន្ធ​នឹង​សេវាកម្ម​ដីធ្លី ហើយ​អ្នក​ផ្ដល់​សម្ភាសន៍​ចំនួន ៣៨% បាន​សូក​ប៉ាន់​ដល់​មន្ត្រី​សុខាភិបាល និង ៣០% ដល់​មន្ត្រី​អប់រំ។ បញ្ហា​ទាំង​អស់​​ ជា​មូលហេតុ​ជំរុញ​ឲ្យ​មាន​គម្លាត​អ្នក​មាន​និង​អ្នកក្រ​កាន់​តែ​ធំ ដែល​បង្ក​បញ្ហា​សង្គម​នៅ​កម្ពុជា។

បន្ថែម​លើ​នេះ ស្ថាប័ន​សភា​​របស់​សហរដ្ឋអាមេរិក ក៏​បាន​ពិភាក្សា​អំពី​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដែរ។ ការ​ពិភាក្សា​នោះ បាន​ផ្ដោត​សំខាន់​លើ​វិបត្តិ​សង្គម និង​នយោបាយ​ដែល​ជិត​កើត​ឡើង​នៅ​កម្ពុជា ហើយ​បញ្ហា​​នេះ ​បាន​ជំរុញ​ឲ្យ​ពិចារណា​ឡើង​វិញ​លើ​ការ​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​អះអាង​ថា​​ ការ​លើក​ឡើង​របស់​សហរដ្ឋ​អាមេរិក​នេះ គឺ​មាន​ភាព​លំអៀង​ទៅ​លើ​ក្រុម​ម្ខាង​ខ្លាំង​ជាង​រដ្ឋាភិបាល។ ការ​ពិភាក្សា​របស់​សភា​សហរដ្ឋអាមេរិក ផ្ដោត​លើ​កម្ពុជា​ គឺ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក ខ្លួន​ឯង​ខាត​បង់​ទៅ​វិញ។ លោក​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​សហរដ្ឋ​អាមេរិក។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​បន្ថែម​ថា រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​​ដែល​បាន​ចោទ​ប្រកាន់​​ថា​ កម្ពុជា​មាន​អស្ថិរភាព​ដូច​ជា​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ដី​ធ្លី សេរីភាព​ និង​ភាព​​អាច​ទទួល​យក​បាន​នៃ​ការ​បោះឆ្នោត​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​សង្គម​លោក​ កែម ឡី មាន​ប្រសាសន៍​ថា​ វិបត្តិ​សង្គម​ អាច​កើត​ឡើង​ដោយ​សារ​គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ធំ។ អ្នក​​រង​គ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​មាន​ការ​កើន​ឡើង។ បញ្ហា​នេះ បាន​ចោទ​ជា​បញ្ហា​ ដែល​​ស្ថាប័ន​អន្តរជាតិ​ ត្រូវ​ពិនិត្យ​ឡើង​វិញ​លើ​ជំនួយ​បរទេស មិន​បាន​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម។

លោក កែម ឡី មាន​ប្រសាសន៍​បន្ថែម​ថា​ កត្តា​ដែល​អាច​ជះ​ឥទ្ធិពល បង្ក​វិបត្តិ​សង្គម គឺ​ការ​ក្រោក​ឡើង​តវ៉ា​របស់​យុវជន​ ទាម​ទា​ការ​ងារ​ធ្វើ។ ដោយ​សារ​តែ​​ក្នុង​ចំណោម​យុវជន​ដែល​មាន​ការ​អប់រំ​ខ្ពស់​ប្រមាណ ៤២% គ្មាន​ការងារ​ក្នុង​រយៈ​​ពេល​ពេញ​មួយ​ឆ្នាំ។

ទាក់​ទង​នឹង​បញ្ហា​នេះ ប្រធាន​​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន​​​កម្ពុជា លោក ជាង សុខា មាន​ប្រសាសន៍​ថា ស្ថានភាព​យុវជន​កម្ពុជា​ បាន​ចូល​រួម​ក្នុង​សកម្មភាព​​នយោបាយ​បាន​កើន​ឡើង​បើ​ធៀប​នឹង​អាណត្តិ​កន្លង​ទៅ ប៉ុន្តែ​ការ​ចូល​រួម​របស់​យុវជន​ទាំង​នោះ ហាក់​មាន​ភាព​ផុយ​ស្រួយ​នៅ​ឡើយ ​មាន​ន័យ​ថា ងាយ​នឹង​គណបក្ស​នយោបាយ​អូសទាញ។​ លោក​បញ្ជាក់​ទៀត​ថា​ ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា និង​ការ​រើសអើង​គណបក្ស​នយោបាយ​ងាយ​នឹង​កើត​ឡើង​ណាស់។

លោក ជាង សុខា មាន​ប្រសាសន៍​ថា ការ​ប្រើ​ប្រាស់​​យុវជន​ជា​ជំនួញ​នយោបាយ​ អំពើ​អយុត្តិធម៌​សង្គម​កើត​ឡើង​ពី​ការ​បណ្ដេញ​ចេញ​​នា​បច្ចុប្បន្ន នឹង​បង្ក​​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម​កម្ពុជា។

វិបត្តិ​សង្គម​និង​នយោបាយ​​នៅ​កម្ពុជា​ កើត​ឡើង​ដោយ​សារ​ការ​លាប​ពណ៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​លាប​ពណ៌​នោះ​ គឺ​សំដៅ​លើ​ការ​ញុះញង់​លើ​ក្រុម​យុវជន​ឲ្យ​មាន​អំពើ​ហិង្សា​ ដែល​យុវជន​ទាំង​នោះ​ បាន​​ចាត់​ទុក​ថា មាន​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត។ ជាក់​ស្ដែង​មាន​ក្រុម​យុវជន​បាន​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​មួយ​ក្រុម​ទៀត​គាំទ្រ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ និន្នាការ​​នេះ​​នឹង​ បង្កើត​ឲ្យ​​មាន​ការ​បែង​ចែក​ជា​​បក្ស​ខ្លាំង​បង្ក្រាប​ក្រុម​ខ្សោយ។ ភាព​វឹកវរ​ក្នុង​សង្គម​មួយ​ទៀត​ កើត​ឡើង​​ដោយ​សារ​​ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​ដែល​គណបក្ស​មួយ​មិន​ទទួល​ស្គាល់​ការ​បរាជ័យ ឬ​​អត់​ទទួល​ស្គាល់​ការ​ពិត​អ្វី​ដែល​ខ្លួន​ធ្វើ​ខុស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។