ពលទាហានកងវិស្វកម្ម ៧១៨ នៅស្រុកបាធាយ ខេត្តកំពង់ចាម ត្អូញត្អែរមិនបានទទួលប្រាក់កម្លាំងពលកម្មតាំងពីឆ្នាំ២០១២។ ពលទាហានទាំងនោះ សង្ឃឹមលើប្រាក់ខែកម្លាំងពលកម្មដែលពួកគេចុះធ្វើផ្លូវថ្នល់កន្លងមក ដើម្បីជួយឧបត្ថម្ភជីវភាពគ្រួសារបន្ថែមលើប្រាក់ខែទាហាន ប៉ុន្តែបែរជាពួកគេត្រូវខកបំណងទៅវិញ។
ក្រុមពលទាហានបម្រើការនៅកងវិស្វកម្ម ៧១៨ ស្នើឲ្យមន្ត្រីពាក់ព័ន្ធជួយដោះស្រាយបញ្ហាប្រាក់ខែ ដែលជាប្រាក់កម្លាំងពលកម្មក្នុងពេលចុះធ្វើផ្លូវកន្លងទៅ។ លើសពីនេះ ពួកគេចង់ឲ្យមេទាហានទាំងឡាយ ក្រឡេកមើលពីទុក្ខលំបាករបស់ពលទាហានគ្រប់រូប ជៀសវាងយកស្រួលតែម្នាក់ឯង។ ពួកគាត់លើកឡើងថា ដោយចង់បានប្រាក់ជួយឧបត្ថម្ភគ្រួសារបន្ថែម ពលទាហានម្នាក់ៗសុខចិត្តចាកចេញពីផ្ទះសម្បែង ឆ្ងាយពីប្រពន្ធកូនរាប់ខែរាប់ឆ្នាំ ដោយសង្ឃឹមលើប្រាក់ខែកម្លាំងពលកម្មចុះធ្វើផ្លូវនោះ។
ពលទាហានម្នាក់នៅកងវិស្វកម្ម ៧១៨ សុំមិនឲ្យបញ្ចេញអត្តសញ្ញាណឲ្យដឹងថា ប្រាក់បៀវត្សរ៍ទាហានប្រមាណ ៥០ម៉ឺនរៀល គឺពួកគាត់ទទួលបានដូចធម្មតា ក៏ប៉ុន្តែប្រាក់ខែកម្លាំងពលកម្មដែលពួកគាត់ចុះធ្វើផ្លូវនៅតាមបណ្ដាខេត្តមួយចំនួន គឺបានទទួលប្រមាណ ២ខែប៉ុណ្ណោះ ក្រៅពីនោះ មិនបានទទួលឡើយចាប់តាំងពីឆ្នាំ២០១២ មក។ ពលទាហាននៅកងវិស្វកម្ម ៧១៨ ប្រមាណ ៧០នាក់ ដែលជួបបញ្ហានេះ ហើយពួកគាត់ម្នាក់ៗទទួលបានមួយខែ ៤០ម៉ឺនរៀល ថ្លៃកម្លាំងពលកម្មបន្ថែមលើប្រាក់ខែទាហានដែលមានស្រាប់។ ពលទាហានខ្លះនៃកងវិស្វកម្ម ៧១៨ សួរទៅកងវិស្វកម្មនៅកន្លែងផ្សេងទៀត គឺគេមិនជួបប្រទះបញ្ហានេះឡើយ។ ពលទាហានខ្លះធ្លាប់សួរទៅមេរបស់ខ្លួន ប៉ុន្តែគេឆ្លើយថាមិនដឹង ឬក៏ដកប្រាក់មិនទាន់បាន ហើយពលទាហានទាំងនោះបានត្រឹមសួរដេញដោលគ្នាទៅវិញទៅមក ទាំងមិនមានចម្លើយពិត។
ទាក់ទងបញ្ហានេះ នាយកងវិស្វកម្ម ៧១៨ លោក អេង សំអូន មានប្រសាសន៍នៅថ្ងៃទី១ សីហា ដោយបដិសេធថាមិនមានបញ្ហានេះកើតឡើងនៅកងវិស្វកម្មលោកនោះទេ ពោលគឺពលទាហានទទួលបានប្រាក់ពលកម្មរបស់ខ្លួនរាល់ខែ ហើយក៏ចុចផ្តាច់ទូរស័ព្ទទៅ ដោយបញ្ជាក់ថា ស្តាប់គ្នាមិនបាន៖ «អត់មានទេបង! ហើយខ្ញុំស្ដាប់អត់បានដាច់ៗបង»។
យ៉ាងណា ពលទាហានមួយរូបទៀតឲ្យដឹងថា ការលើកឡើងរបស់នាយកងវិស្វកម្ម គឺជារឿងមិនពិតទេ ព្រោះពលទាហានម្នាក់ៗមិនបានប្រាក់ពលកម្មរបស់ខ្លួនឡើយមកដល់ពេលនេះ គឺទទួលបានតែប្រាក់ខែជាទាហានតែប៉ុណ្ណោះ។
ជារឿយៗ គេតែងសង្កេតឃើញថា មេទាហានមួយចំនួន គឺមានប្រាក់ មានឡានទំនើបៗ មានវីឡាស្កឹមស្កៃ មានដីរាប់ហិកតារ មានស័ក្ដិមានផ្កាយពាក់ព្រោងព្រាត ចំណែកពលទាហានវិញ មានវាសនាខុសគ្នាដូចមេឃនឹងដី ហើយបើធ្លាក់ខ្លួនពិការទៀត ជីវិតរបស់ពួកគាត់ និងក្រុមគ្រួសារ គឺកាន់តែក្រហៅលែងឮតែម្តង។
បញ្ហានេះ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា ប្រសិនបើអ្វីដែលពលទាហានលើកឡើង គឺជារឿងពិតប្រាកដមែន។ លោកថា ជាការរំលោភច្បាប់ការងារធ្ងន់ធ្ងរ ព្រមទាំងផ្ទុយទៅនឹងច្បាប់រដ្ឋធម្មនុញ្ញទៀតផង៖ «រដ្ឋធម្មនុញ្ញចែងច្បាស់ហ្មងបង គេថាប្រទេសកម្ពុជា មិនមានប្រភេទការងារជាទាសករទេ។ អ៊ីចឹងពាក្យថាទាសករ ទីមួយ គឺយើងបង្ខំគេឲ្យធ្វើការខុសពីឆន្ទៈរបស់ខ្លួន ធ្វើការដោយចាក់សោ ធ្វើការដោយមិនបើកលុយឲ្យគេ អាហ្នឹងជាទាសភាពហើយ។ អ៊ីចឹងបើមេទាហានហ្នឹងឲ្យគេធ្វើការ ហើយអត់បើកលុយឲ្យគេ អាហ្នឹងគេចាត់ទុកជាទាសករហើយ»។
លោកយល់ថា ដោយសារកងវិស្វកម្មអាចស្ថិតនៅក្រោមក្រសួងការពារជាតិ ដូច្នេះពលទាហានអាចរកកិច្ចអន្តរាគមន៍ពីក្រសួងមួយនេះ ហើយបើរកឃើញមានបញ្ហានោះមែន លោកថាមន្ត្រីថ្នាក់លើគប្បីចាត់វិធានការទៅតាមលក្ខន្តិកៈ ឬជាពិន័យរដ្ឋបាលរបស់ទាហាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
