ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅថា សេដាក (CEDAC) លោក យ៉ង សាំងកុមារ ដែលកំពុងមានប្រជាប្រិយភាពក្នុងចំណោមកសិករ នឹងឈានជើងចូលប្រឡូកក្នុងជីវិតនយោបាយនៅឆ្នាំ២០១៦។
លោក យ៉ង សាំងកុមារ ប្ដេជ្ញាថា លោកនឹងខិតខំជួយជំរុញវិស័យកសិកម្មឲ្យកាន់តែប្រសើរឡើងដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករកម្ពុជា បានកាន់តែច្រើនថែមទៀត។ ការប្ដេជ្ញាចិត្តរបស់លោកនេះ នៅក្នុងឱកាសផ្ទេរតំណែងរបស់លោកឲ្យអ្នកផ្សេងដឹកនាំអង្គការសេដាក បន្ត នៅមុនពេលលោកត្រៀមខ្លួនចូលប្រឡូកក្នុងវិស័យនយោបាយ។
កសិករមួយចំនួនដែលទទួលបានការគាំទ្រពីអង្គការសេដាក ទាំងផ្នែកបច្ចេកទេស និងផ្នែកទីផ្សារកសិផលបង្ហាញអារម្មណ៍សោកស្ដាយចំពោះការចាកចេញរបស់ប្រធានអង្គការសេដាក ថាអាចនឹងប៉ះពាល់ដល់ទីផ្សារកសិផល និងជីវភាពរបស់ពួកគេ។
ការលើកឡើងរបស់កសិករនៅពេលនេះ ធ្វើឡើងបន្ទាប់ពីប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ លាលែងពីតំណែងជាប្រធានរបស់អង្គការសេដាក ជាផ្លូវការកាលពីថ្ងៃទី២៨ ខែធ្នូ ដែលលោកបានធ្វើការអស់រយៈពេលជិត ២០ឆ្នាំមកនេះ។ លោកអះអាងថា លោកនឹងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទើបនឹងបង្កើតថ្មីនៅពាក់កណ្ដាលឆ្នាំ២០១៦ ខាងមុខ។
កសិករប្រកបរបរដាំបន្លែដែលទទួលបានការគាំទ្រ ទាំងផ្នែកបច្ចេកទេស ទាំងផ្នែកទីផ្សារ លោកស្រី អែម រីម មកពីខេត្តកំពង់ស្ពឺ បានបង្ហាញពីអារម្មណ៍សោកស្ដាយចំពោះការចាកចេញនេះ។ លោកស្រីនិយាយថា លោក យ៉ង សាំងកុមារ មានទេពកោសល្យក្នុងការដឹកនាំ និងមានគំនិតច្នៃប្រឌិតខ្ពស់ ដោយបាននាំយកបច្ចេកទេសថ្មីៗលើផ្នែកកសិកម្មជូនប្រជាកសិករឲ្យជោគជ័យក្នុងអាជីពជាកសិករ។
លោកស្រីបន្តថា អ្វីដែលបារម្ភជាងគេ ក្រោយលោកប្រឡូកធ្វើជាអ្នកនយោបាយ លោកនឹងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវ និងយកចិត្តទុកដាក់ចំពោះកសិករដូចមុនទៀតទេ ដែលទាំងនេះជាហេតុជំរុញឲ្យប៉ះពាល់ដល់ការផលិតរបស់កសិករមិនអាចបំពេញតម្រូវការទីផ្សារបាន៖ «ពេលគាត់នៅ គាត់ជួយ គាត់ជួយជាមតិយោបល់ គាត់លើកទឹកចិត្តកសិករ ចង់គាត់ចេញទៅខ្ញុំព្រួយបារម្ភណាស់»។
ទន្ទឹមគ្នានេះ កសិករនៅក្នុងខេត្តព្រៃវែង ម្នាក់ទៀត លោកស្រី វង់ ស៊ីថន លោកស្រីសោកស្ដាយចំពោះការចាកចេញនេះ ព្រោះកន្លងមកលោក យ៉ង សាំងកុមារ បានចុះពង្រឹងបច្ចេកទេសកសិកម្មដល់កសិករតាមមូលដ្ឋានឲ្យចេះស្រលាញ់ការងារកសិកម្ម និងងាកមកធ្វើកសិកម្មបែបសរីរាង្គជាដើម។
លោកស្រីបានឲ្យដឹងថា បច្ចុប្បន្នកសិករនៅមូលដ្ឋានកំពុងជួបបញ្ហាខ្វះប្រព័ន្ធទឹកស្រោចស្រពដំណាំ ខ្វះទុន ពិសេសខ្វះទីផ្សារកសិកម្ម ដែលទាមទារឲ្យស្ថាប័នពាក់ព័ន្ធត្រូវដោះស្រាយជាបន្ទាន់។ ហេតុនេះ លោកស្រីរំពឹងថា លោក យ៉ង សាំងកុមារ នឹងមិនគិតពីអំណាចរបស់ខ្លួនភ្លេចគិតពីកសិករដូចអ្នកដឹកនាំដទៃនោះឡើយ។
លោកស្រីនឹងនៅតែគាំទ្រលោក យ៉ង សាំងកុមារ ប្រសិនបើលោកនៅតែដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម៖ «បើគាត់នៅតែធ្វើការផ្នែកកសិកម្ម ពួកយើងខ្ញុំនៅតែគាំទ្រ ស្រឡាញ់គំនិតរបស់គាត់ ស្រឡាញ់វិស័យកសិកម្ម។ ខ្ញុំសូមឲ្យគាត់ពេលចេញទៅ ឲ្យគាត់គិតគូរដល់កសិករ និងនៅតែមកពាក់ព័ន្ធនឹងកសិកម្ម»។
ចំណែកកសិកររបស់អង្គការសេដាក ម្នាក់ទៀត លោក ណឹម សុវណ្ណ យល់ថា ទោះជាការលាលែងតំណែងរបស់ប្រធានអង្គការសេដាក គឺជារឿងបុគ្គលរបស់លោក ប៉ុន្តែនៅតែមិនចង់ឲ្យលោកចូលប្រឡូកក្នុងជីវិតនយោបាយ ព្រោះតែស្ដាយស្នាដៃរបស់លោកកន្លងមក។ ប៉ុន្តែកសិកររូបនេះជឿជាក់ថា លោកគិតគូរដល់កសិករ ក្រោយចូលប្រឡូកជាអ្នកនយោបាយ៖ «ខ្ញុំសង្ឃឹមថា គាត់បានចូលក្នុងជីវិតនយោបាយ គាត់មានឱកាសឲ្យកសិករមានតម្លៃនៅទីផ្សារកសិកម្ម មានតំណាងកសិករ តវ៉ាជាមួយរដ្ឋាភិបាល ពិសេសសភា ដើម្បីឲ្យកសិករមានជីវភាពរស់នៅ»។
ឆ្លើយតបនឹងក្ដីបារម្ភរបស់កសិករ ថ្លែងក្នុងសមាជប្រចាំឆ្នាំរបស់អង្គការសេដាក កាលពីថ្ងៃទី២៨ ខែធ្នូ លោកបណ្ឌិត យ៉ង សាំងកុមារ បាននិយាយថា លោកមើលឃើញនូវកង្វះខាតការយកចិត្តទុកដាក់ចំពោះកសិករពីសំណាក់រាជរដ្ឋាភិបាល។ លោកគិតថា ជម្រើសដ៏ប្រសើរដែលអាចជួយកសិករបានច្រើនជាងនេះ គឺជាការចូលរួមក្នុងឆាកនយោបាយរបស់លោកដែលអាចតស៊ូមតិសំដៅលើកកម្ពស់ជីវភាពកសិករបាន។
លោកបានបញ្ជាក់ទៀតថា បើទោះបីជាលោកចូលប្រឡូកក្នុងវិស័យនយោបាយក៏ដោយ ក៏លោកនៅតែផ្ដោតបញ្ហាជាអាទិភាពទៅលើវិស័យកសិកម្មដដែល។ លោកអះអាងថា ជាការបោះជំហានថ្មីមួយរបស់លោក នឹងពាំនាំយកនូវគំរូល្អពីបទពិសោធន៍ការងាររបស់លោកកន្លងមក និងការខិតខំតស៊ូមតិក្នុងផ្នែកនយោបាយជំរុញឲ្យការបញ្ជូនធនធានមនុស្សល្អៗទៅបណ្ដុះបណ្ដាលជួយកសិករតាមមូលដ្ឋាន៖ «អ្វីដែលខ្ញុំចូលប្រឡូក ដោយសារខ្ញុំចង់តស៊ូមតិឲ្យមានគោលនយោបាយឲ្យមានថវិកាជាតិ ដើម្បីជំរុញឲ្យរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ជួយកសិករ អ៊ីចឹងដល់ពេលខ្ញុំចូលរួមគណបក្សនយោបាយ ខ្ញុំនឹងមានសំឡេងក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ»។
នាយកប្រតិបត្តិដែលមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលទើបតែឡើងមកជំនួសតំណែងលោក យ៉ង សាំងកុមារ គឺលោក សម វិទូ។ លោកបាននិយាយថា មុនពេលលោក យ៉ង សាំងកុមារ បញ្ចប់អាណត្តិ លោកចង់ឃើញអង្គការសេដាក នៅតែបន្តកេរ្តិ៍ឈ្មោះបន្តទៀត។
លោកអះអាងថា លោកនឹងនៅតែខិតខំដោះស្រាយបញ្ហាទីផ្សារកសិកម្មរបស់កសិករ សំដៅលើកស្ទួយកម្រិតជីវភាពកសិករកម្ពុជា ឲ្យកាន់តែប្រសើរឡើង៖ «សម្រាប់ខ្ញុំ ដែលនឹងបន្តពីគាត់ ខ្ញុំនៅតែគាំទ្រទីផ្សារកសិករ សំដៅឲ្យមានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិ រីកចម្រើនទៅមុខ ដូច្នេះកុំឲ្យកសិករគាត់គិតថា ពេលអត់មានលោក យ៉ង សាំងកុមារ ដួលរលំទីផ្សារនោះ»។
លោក យ៉ង សាំងកុមារ បានជាប់ធ្វើជាប្រធានអង្គការសេដាក គ្រប់ការបោះឆ្នោតដែលមានអាណត្តិ ២ឆ្នាំ តាំងពីឆ្នាំ១៩៩៧ មក។ កិច្ចការងារសំខាន់ដែលលោកសម្រេចបាននៅពេលកន្លងមក រួមមានការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មដល់កសិករ ការបង្កើតគម្រោងផ្សេងៗសម្រាប់និស្សិត និងយុវជននៅតាមទីជនបទ និងការបង្កើតឲ្យមានជាទីផ្សារផលិតផលកសិកម្មសរីរាង្គ។
លោក យ៉ង សាំងកុមារ នៅតែអះអាងថា ការចូលប្រឡូកក្នុងវិស័យនយោបាយលោកនឹងផ្ដោតអាទិភាពទៅលើវិស័យកសិកម្ម ព្រោះវិស័យមួយនេះ នឹងអាចជួយជំរុញដំណើរការនៃវិស័យដទៃទៀតនៅកម្ពុជា ដែលរួមមានវិស័យឧស្សាហកម្ម និងសេវាកម្មឲ្យដើរលឿនទៅមុខ ពិសេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋ និងកាត់បន្ថយគម្លាតអ្នកមាន និងអ្នកក្រ ដែលកំពុងតែឃ្លាតឆ្ងាយពីគ្នា ពោលគឺប្រជាពលរដ្ឋពុំទទួលបានផលពីការអភិវឌ្ឍរបស់រដ្ឋាភិបាលនៅពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
