ពលរដ្ឋ​មួយ​ចំនួន​ចោទ​សមត្ថកិច្ច​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ថា​ប្រើ​ហិង្សា

គ្រប់​ច្រក​ចូល​សំខាន់ៗ​ពី​តាម​បណ្ដា​ខេត្ត​មក​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​រឹត​បន្តឹង​សន្តិសុខ ទាំង​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​រថយន្ត​ឈ្នួល និង​ម៉ូតូ។ទន្ទឹម​នឹង​ការ​ពង្រឹង​ផ្នែក​សន្តិសុខ​នេះ​ដែរ ពលរដ្ឋ​ដែល​មាន​បំណង​ចូល​រួម​មហា​បាតុកម្ម​ដោយ​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​កង​កម្លាំង​ចម្រុះ​ត្រួត​ពិនិត្យ​ជាតិ​ផ្ទុះ​ថា បាន​ប្រើប្រាស់​ហិង្សា​លើ​ពួក​គេ ដោយ​ពុំ​មាន​ហេតុផល​ឡើយ។

0:00 / 0:00

ពលរដ្ឋ​ចោទ​ប្រកាន់​ក្រុម​សមត្ថកិច្ច​ចម្រុះ មាន ប៉េអិម នគរបាល និង​កង​រាជ​អាវុធហត្ថ​ប្រចាំ​ការ​នៅ​ចំណុច​ផ្លូវ​ចូល លីយ៉ុងផាត់ ត្រង់​ផ្លូវ​ជាតិ​លេខ ៦ ថា​បាន​ចាប់​បុរស​ម្នាក់​វាយ​ឲ្យ​មាន​របួស ដោយ​ចាត់​ទុក​ការ​ថត​ពី​សកម្មភាព​របស់​សមត្ថកិច្ច ថា​គឺ​ជា​ការ​រំខាន​ចំពោះ​ការ​បំពេញ​កិច្ចការ​របស់​មន្ត្រី​ជំនាញ។

ពលរដ្ឋ​នៅ​ឃុំ​រកាកោង១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល លោក ហឿន ប៉ូរេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ កញ្ញា ថា លោក​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ឈរ​ជើង​នៅ​ចំណុច​ផ្លូវ​ចូល លីយ៉ុងផាត់ វាយ​ចំ​ភ្នែក​មួយ​ដៃ និង​គំរាម​ដាក់​ខ្នោះ ដោយ​ចាត់​ទុក​ការ​ថត​ពី​សកម្មភាព​នៃ​ការ​ត្រួត​ពិនិត្យ​ឡាន ដែល​សង្ស័យ​ថា អាច​ផ្ទុក​គ្រឿង​សព្វាវុធ​ចូល​ក្រុង ចំ​ថ្ងៃ​បាតុកម្ម គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​របស់​សមត្ថកិច្ច៖ «ខ្ញុំ​ជាប់​រក​ដាក់​ខ្នោះ ហើយ​ធាក់​ខ្ញុំ​មួយ​ជើង​ទៀត ប៉ុន្តែ​ឥត​ដួល​ទេ រួច​ដណ្ដើម​ទូរស័ព្ទ​ក៏​អត់​បាន​ដែរ។ ទះ​ខ្ញុំ​មួយ​ដៃ​ចំ​ភ្នែក​ឡើង​ក្រហម ឥឡូវ​កំពុង​តែ​ដេក​ស្អំ​នៅ​ផ្ទះ។ មាន​ប៉េអិម មាន​ខាង​ឈុត​ខ្មៅ។ ឥត​មាន​ទេ ឥត​មាន​ទេ ព្រោះ​មួយ​ដៃ​ហ្នឹង​លិច​នោម​ហ្មង»

ចំណែក​ករណី​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត ប្រជាពលរដ្ឋ​នៅ​ឃុំ​អរិយក្សត្រ ត្រូវ​ខកខាន​មិន​បាន​ចូល​រួម​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី៧ កញ្ញា។ ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ដង្កោ លោក ប៊ូ ចាន់ណា និយាយ​ថា ម្ចាស់​ទូក​ដ​អរិយក្សត្រ ដែល​ចម្លង​អ្នក​ដំណើរ​ពី​ភ្នំពេញ ទៅ​ឃុំ​អរិយក្សត្រ បាន​ពន្យារ​ការ​ចេញ​ដំណើរ​របស់​ខ្លួន​អស់​រយៈពេល​ជាង ៣​ម៉ោង។ លោក​អះអាង​ថា ក្រោយ​ពី​ត្រូវ​រង់ចាំ​ជា​ច្រើន​ម៉ោង ក៏ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​មេ​បញ្ជាការ​ពាក់​ស័ក្ដិ​ប្រាំ​ប្រចាំ​នៅ​កំពង់ដ​អរិយក្សត្រ ទម្លាយ​ឲ្យ​ដឹង​ថា មាន​បញ្ជា​ពី​ថ្នាក់​លើ​មិន​អនុញ្ញាត​ឲ្យ​ទូក​ដ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ឆ្លង​កាត់​ឡើយ៖ «បើ​តាម​ខ្ញុំ​ដឹង មាន​មេ​ប៉ូលិស​ម្នាក់​សក្ដិ​ប្រាំ​នៅ​ហ្នឹង គាត់​និយាយ​ថា បញ្ជា​របស់​មេ​ឲ្យ​បិទ ថា​មាន​បញ្ជា​របស់​មេ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​ពី​ម្ចាស់​ទូក​ដ​បាន​ភ្លាមៗ​ទេ ជុំវិញ​ករណី​នេះ និង​ពី​មន្ត្រី​នគរបាល​ប្រចាំ​ចំណុច​ផ្លូវ លីយ៉ុងផាត់ នៅ​ថ្ងៃ​ទី៧ កញ្ញា។

ក៏ប៉ុន្តែ លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី៥ ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា មន្ត្រី​នគរបាល​ដែល​មាន​ភារកិច្ច​អនុវត្ត​នៅ​តាម​គោលដៅ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច​នេះ​ឡើយ៖ «អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មិន​ដែល​បាន​ឮ​មេ​ខ្ញុំ​បញ្ជា​ឲ្យ​ទៅ​ធ្វើ​បែប​ហ្នឹង​ទេ បាទ! មិន​ដែល​មាន​ទេ ហើយ​មិន​មាន​គោលការណ៍​អី​ថា​ទៅ​ធ្វើ​បែប​ហ្នឹង​ថា​ទៅ​ហាម​គេ​ឲ្យ​មក​ធ្វើ​បាតុកម្ម គឺ​ឥត​មាន»

ចំណែក អ្នកស្រី លឹម មុន្នី អនុប្រធាន​កម្មវិធី​ស្ត្រី​របស់​សមាគម​អាដហុក (Adhoc) ដែល​បាន​ចុះ​អង្កេត​ដោយ​ផ្ទាល់​ការ​ប្រើប្រាស់​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច ប្រឆាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ពិត​ជា​ត្រូវ​រង​ការ​ប្រើ​ហិង្សា​ពី​សមត្ថកិច្ច។ អ្នកស្រី​គិត​ថា ការ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ហាក់​ពុំ​មាន​តម្លាភាព​ឡើយ ព្រោះ​ការ​អនុវត្ត​បាន​ប្រឆាំង​តែ​ចំពោះ​ឡាន​ណា​ដែល​សង្ស័យ​ថា អ្នក​ដំណើរ​មាន​បំណង​ទៅ​ចូល​រួម​បាតុកម្ម​ប៉ុណ្ណោះ៖ «បុរស​ម្នាក់​ឈ្មោះ ប៉ូរេត ហ្នឹង ​ហើយ​និង​ប្រជាជន​ត្រូវ​បាន​រាយការណ៍ យើង​បាន​ជួប ប៉ូរេត ហ្នឹង​ដែរ ថា​គាត់​ត្រូវ​បាន​អ្នក​ដាក់​បារ៉ាស់​ឃាត់​វាយ​ធ្វើ​បាប​គាត់។ ប៉ុន្តែ យើង​ឥត​មាន​ឃើញ​ឈាម​ហូរ​ទេ តែ​គ្រាន់​តែ​ថា ចាប់​គ្រៀក​គាត់​របៀប​ជា​សហាវ​ព្រៃផ្សៃ ហើយ​ម្នាក់​ហ្នឹង​គ្រៀក​ម្នាក់​វាយ​អី​អ៊ីចឹង រាង​ដាល់​តប់​គាត់​អ៊ីចឹង​ទៅ»

ការ​ដាក់​បារ៉ាស់​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នេះ ត្រូវ​បាន​គេ​ពង្រាយ​គ្រប់​ច្រក​ចូល​សំខាន់ៗ​មក​ភ្នំពេញ ដូច​ជា ផ្លូវ​ជាតិ​លេខ​៤ លេខ​៥ លេខ​៣ លេខ​១ លេខ​៦ និង​ផ្លូវ​ជាតិ​លេខ​២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។