ការរំពឹងទុកនេះ នៅស្របពេលដែលរដ្ឋាភិបាលរបស់អ្នកស្រី យីងឡាក់ កំពុងមានបញ្ហាប្រឈមមុខ ជាមួយនឹងក្រុមអ្នកជាតិនិយមថៃ ម្ខាងទៀត ដែលតែងទាមទារយកទឹកដីមួយចំនួននៅជិតតំបន់ប្រាសាទព្រះវិហារនោះ។
ក្រុមប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបន្ទាត់ព្រំដែនខ្មែរនៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មិនបានទទួលព័ត៌មានអំពីរឿងតុលាការយុត្តិធម៌អន្តរជាតិ ដែលគ្រោងនឹងបកស្រាយ សាលក្រមជុំវិញជម្លោះព្រំដែនខ្មែរ-ថៃ នៅជិតប្រាសាទព្រះវិហារ ថានៅថ្ងៃណាពិតប្រាកដទេ។ ពួកគេមិនបានត្រៀមការពារខ្លួនជាមុន ដូចប្រជាពលរដ្ឋថៃ មួយចំនួនទេ ប្រសិនបើមានការប៉ះទង្គិចគ្នាដោយយោធា អាចកើតឡើងនៅពេលបកស្រាយសាលក្រមនោះក៏ដោយ។
បុរសម្នាក់ជាប្រជាពលរដ្ឋភូមិថ្មដូន នៃឃុំគោកមន ស្រុកបន្ទាយអំពិល។ គាត់បានមានប្រសាសន៍ កាលពីរសៀលថ្ងៃច័ន្ទ ទី៤ ខែវិច្ឆិកា ថា បច្ចុប្បន្ន ភូមិរបស់គាត់មានប្រជាពលរដ្ឋរស់នៅចំនួនជាង ៦០គ្រួសារ។ ទាំងរូបគាត់និងអ្នកភូមិជាច្រើនទៀត មិនដឹងព័ត៌មានអំពីតុលាការយុត្តិធម៌អន្តរជាតិគ្រោងនឹងបកស្រាយសាលក្រមជុំវិញជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារឡើយ ហើយក៏មិនដឹងថា ស្ថានការណ៍យោធានៅតាមព្រំដែន អាចនឹងមានអ្វីកើតឡើងនោះទេ។
បុរសដដែលបញ្ជាក់ថា អ្នកភូមិរបស់គាត់ទាំងអស់ គឺគ្មាននរណាម្នាក់ទាន់គិតពីរឿងភ័យខ្លាចចំពោះការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ដែលអាចកើតមាននោះឡើយ៖ «អត់ដឹងអីផង បើមិនមានអ្នកណាមានទូរទស្សន៍មានអីមើលផង។ អត់មានអ្នកណាត្រៀមផង មានតែអ្នកដើររកស៊ីឆ្ងាយៗ។ បើនិយាយទៅ ដូចជាធម្មតាទៅហើយ នៅស្រុកព្រំដែនយូរទៅ។ ដូចផ្ទុះពីមុនអ៊ីចឹង ដល់តែគេផ្ទុះហើយ បាននាំគ្នាចុះពីលើភ្នំ»។
បុរសម្នាក់ទៀតនៅភូមិជប់គគីរ ឃុំអំពិល បានមានប្រសាសន៍ថា អ្នកភូមិរបស់គាត់បានដឹងអំពីព័ត៌មានដែលតុលាការយុត្តិធម៌អន្តរជាតិ គ្រោងនឹងបកស្រាយសាលក្រមរឿងជម្លោះព្រំដែនជិតប្រាសាទព្រះវិហារនោះ ក៏ប៉ុន្តែអ្នកភូមិមិនដែលគិតថា បញ្ហានោះនឹងធ្វើឱ្យទាហានខ្មែរ-ថៃ អាចប្រយុទ្ធគ្នាទេ។
ភូមិថ្មដូន ស្ថិតនៅតាមបន្ទាត់ព្រំដែន ជិតប្រាសាទតាក្របី និងភូមិជប់គគីរ ស្ថិតនៅជិតប្រាសាទតាមាន់ធំ ដែលជាតំបន់ទាហានខ្មែរ-ថៃ ធ្លាប់ប្រយុទ្ធគ្នា កាលពីអំឡុងឆ្នាំ២០១០ នៅពេលដែល ជម្លោះព្រំដែនខ្មែរ-ថៃ បានកើតឡើងនៅជិតប្រាសាទព្រះវិហារ។
ដោយឡែក ប្រទេសថៃវិញ កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅ បានបញ្ជូនកងទាហានឈុតខ្មៅថៃ ជាច្រើន ចូលទៅតំបន់ព្រំដែននៃស្រុកកាន់ថារៈឡាក់ ខេត្តស៊ីសាកេត ជិតប្រាសាទព្រះវិហារ។ ទាហានថៃ ដែលបញ្ជូនទៅព្រំដែននោះ គឺដើម្បីហ្វឹកហាត់ជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋាន ប្រសិនបើមានការប៉ះទង្គិចដោយអាវុធណាមួយកើតឡើងនៅពេលដែលតុលាការអន្តរជាតិប្រកាសសាលក្រមនោះ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា រដ្ឋាភិបាលខ្មែរសង្ឃឹមថា រដ្ឋាភិបាលអ្នកស្រី យីងឡាក់ នឹងខិតខំរក្សាឱ្យមានសន្តិភាពក្នុងរឿងជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ នៅពេលដែលតុលាការអន្តរជាតិបកស្រាយសាលក្រម។ ក៏ប៉ុន្តែបើក្នុងពេលនោះ ក្រុមអ្នកជាតិនិយមថៃ មួយក្រុមទៀត បង្កើតឱ្យមានការផ្ទុះអាវុធ គឺកម្ពុជានឹងឆ្លើយតបវិញក្នុងសិទ្ធិការពារបូរណភាពទឹកដី។
លោក ផៃ ស៊ីផាន៖ «យើងត្រៀមលក្ខណៈគ្រប់បែបយ៉ាង នឹងឆ្លើយតបនៅក្នុងសមត្ថភាពខ្ពស់មួយដែលយើងមានបទពិសោធន៍ ក្នុងកិច្ចការពារបូរណភាពទឹកដីរបស់យើង។ រក្សាការពារឱកាស ការអនុវត្ត ដែលតុលាការយុត្តិធម៌អន្តរជាតិ ដែលលោកនឹងសម្រេចនៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះឯង»។
កាលពីថ្ងៃទី២៨ ខែតុលា កន្លងទៅ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល (Surapong Tovichakchaikul) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ធ្លាប់បានដឹកនាំគណៈប្រតិភូជួបប្រជុំគ្នាលើការថែរក្សាកិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរអោយកាន់តែល្អថែមទៀត បើទោះជាតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ នឹងបកស្រាយសាលក្រមឆ្នាំ១៩៦២ ដោយប្រកាសជាសាធារណៈនៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។