ការធ្វើចរាចរណ៍នៅតាមផ្លូវតូចៗនៅតំបន់ជុំវិញវិមានឯករាជ្យ រាជធានីភ្នំពេញ បានកកស្ទះអស់រយៈពេលមួយព្រឹកថ្ងៃទី២៣ កញ្ញា ដោយសារអាជ្ញាធរបានបិទមហាវិថីសំខាន់ពីរ គឺមហាវិថីព្រះនរោត្តម និងមហាវិថីសុធារស រួមទាំងផ្លូវធ្វើដំណើរតូចៗក្នុងតំបន់នោះជាច្រើនទៀត។

១-សួនច្បារមាត់ទន្លេក្បែរព្រះបរមរាជវាំង ត្រូវបានបិទមិនឲ្យមានការចេញចូល។ ទេព សុរ៉ាវី

២-វិថីព្រះស៊ីសុវត្ថិ នៅតាមបណ្ដោយមាត់ទន្លេ។ ទេព សុរ៉ាវី

៣-វិថីព្រះស៊ីសុវត្ថិ នៅតាមបណ្ដោយមាត់ទន្លេ។ ទេព សុរ៉ាវី

៤-វិថីព្រះស៊ីសុវត្ថិ នៅតាមបណ្ដោយមាត់ទន្លេ។ ទេព សុរ៉ាវី

៥-អ្នកដំណើរលើកបង្ហាញប័ណ្ណ សុំឆ្លងកាត់មហាវិថីព្រះនរោត្ដម។ ទេព សុរ៉ាវី

៦-មហាវិថីព្រះនរោត្ដម ខាងត្បូងវិមានឯករាជ្យ។ វោហារ ជាតិ

៧-ផ្លូវក្បែររដ្ឋសភា។ វណ្ណ វិចារ

៨-ឡានមន្ត្រីទូតចេញពីរដ្ឋសភាតាមផ្លូវក្បែរប៊ូឌីង។ សេក បណ្ឌិត

៩-ផ្លូវប៊ូឌីង។ សេក បណ្ឌិត

១០-អ្នកលក់ដូរនៅផ្សារកាប់គោ រើចេញមកលក់លើថ្នល់ដោយសារគេបិទផ្លូវចូលផ្សារ។ សេក បណ្ឌិត

១១-អ្នកលក់ដូរនៅផ្សារកាប់គោ រើចេញមកលក់លើថ្នល់ដោយសារគេបិទផ្លូវចូលផ្សារ។ សេក បណ្ឌិត

១២-អ្នកលក់ដូរនៅផ្សារកាប់គោ រើចេញមកលក់លើថ្នល់ដោយសារគេបិទផ្លូវចូលផ្សារ។ សេក បណ្ឌិត
គេសង្កេតឃើញថា នៅព្រឹកថ្ងៃទី២៣ កញ្ញា នេះដែរ ទន្ទឹមអាជ្ញាធរដាក់រនាំងលួសបន្លាទទឹងផ្លូវ ក៏គេឃើញមានកងកម្លាំងប្រដាប់ដោយដំបងឆក់ ខែល និងមានអាវុធ ដាក់ពង្រាយតាមច្រកផ្លូវដែលបិទនោះដែរ។ ប្រការនេះបានធ្វើឲ្យអ្នកធ្វើដំណើរមួយចំនួនព្រួយបារម្ភ និងអាក់អន់ចិត្តចំពោះអាជ្ញាធរយ៉ាងខ្លាំង។
ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តំបន់ហាមឃាត់ បានរិះគន់អាជ្ញាធរ ដោយពួកគាត់បានថ្លែងម្នាក់ម្ដងៗថា អាជ្ញាធរមិនគួរបិទផ្លូវច្រើនដល់ម្ល៉ឹង គ្រាន់តែប្រជុំសភាថ្មីប៉ុណ្ណឹងសោះ។
ការបិទផ្លូវនេះបានធ្វើឲ្យបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលខ្លះខកខានធ្វើការ ចំណែកប្រជាពលរដ្ឋខ្លះដែលយកចង្ហាន់ទៅវត្តក្នុងរដូវភ្ជុំបិណ្ឌ ត្រូវខកចង្ហាន់លោក។ ក្រៅពីនេះ ដោយសារការកកស្ទះពេញផ្លូវ ជួនកាលគេឃើញមានគ្រោះថ្នាក់ចរាចរណ៍ស្រាលៗមួយចំនួន ដូចជាមានរថយន្តប៉ះទង្គិចគ្នាជាដើម។
ស្របពេលដែលអ្នកធ្វើដំណើររអ៊ូរទាំអំពីការបិទផ្លូវនេះ អាជ្ញាធរមានសមត្ថកិច្ច គឺគណៈបញ្ជាការសន្ដិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានចេញសេចក្ដីប្រកាសព័ត៌មានមួយ អរគុណប្រជាពលរដ្ឋ និងសុំទោសប្រជាពលរដ្ឋចំពោះការបិទផ្លូវនេះ ដោយសំអាងហេតុផលថា ដើម្បីការពារសុវត្ថិភាព អ្នកតំណាងរាស្ត្រ និងព្រះមហាក្សត្រ យាងចូលរួមជាព្រះរាជាធិបតីភាពបើកសម័យប្រជុំសភាថ្មី នាវិមានរដ្ឋសភា នៅថ្ងៃទី២៣ កញ្ញា។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ កញ្ញា សរសេរថា៖ "គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សូមមេត្តាយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋទាំងអស់ ចំពោះការបិទផ្លូវចរាចរណ៍សាធារណៈមួយចំនួនជុំវិញតំបន់រដ្ឋសភា ដើម្បីហេតុផលសន្តិសុខ សុវត្ថិភាពសម្រាប់សម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ និងការធ្វើសច្ចាប្រណិធាននាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នេះ ក្រោមព្រះរាជធិបតីភាពរបស់ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង"។
សេចក្ដីប្រកាសព័ត៌មានដដែល ក៏បានជូនដំណឹងដែរថា អាជ្ញាធរនឹងបិទផ្លូវបន្តទៀតនៅថ្ងៃទី២៤ និង២៥ កញ្ញា ដើម្បីរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ព្រោះថា នៅថ្ងៃនោះមានពិធីជាប់គ្នាទៀត ដូចជាមានការបោះឆ្នោតបង្កើតក្បាលម៉ាស៊ីនគ្រប់គ្រងដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៥ រួមទាំងមានពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
