ក្រុមគ្រូបង្រៀននៅខេត្តត្បូងឃ្មុំ នាំគ្នារអ៊ូរទាំចំពោះភាពយឺតយ៉ាវរឿងប្រាក់បន្ថែមម៉ោងរបស់ពួកគាត់។ ការត្អូញត្អែរនេះ ព្រោះជិតមួយឆ្នាំ ឬស្មើនឹងជិត ៣ត្រីមាសទៅហើយ ពួកគាត់នៅតែមិនទាន់ទទួលបានប្រាក់នោះដដែល។ យ៉ាងណា ប្រធានមន្ទីរអប់រំខេត្តបញ្ជាក់ថា ប្រាក់ម៉ោងគ្រូបង្រៀនមួយត្រីមាស នឹងទទួលបានក្នុងពេលឆាប់ៗ។
គ្រូបង្រៀននៅវិទ្យាល័យ និងអនុវិទ្យាល័យនៅខេត្តត្បូងឃ្មុំ អំពាវនាវឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធ ធ្វើយ៉ាងណាពន្លឿនការដោះស្រាយបញ្ហាប្រាក់ម៉ោងរបស់ពួកគាត់ សម្រាប់ឆ្នាំសិក្សា ២០១៤-២០១៥។ ក្រុមគ្រូបង្រៀនទាំងនោះថា ប្រាក់ម៉ោងក៏ជាការលើកទឹកចិត្តដល់ពួកគាត់ ក្នុងការបង្រៀន ប៉ុន្តែបើចេះតែបណ្ដោយឲ្យបញ្ហានេះកើតឡើងដដែលៗ នឹងធ្វើឲ្យប៉ះពាល់ដល់ការបង្រៀនសិស្សមិនខានឡើយ។
គ្រូបង្រៀនវិទ្យាល័យ ហ៊ុន សែន ពញាក្រែក លោក ម៉ុន វ៉ា មានប្រសាសន៍ថា ជិត ៣ត្រីមាសមកហើយ ពួកលោកនៅតែមិនទាន់បានទទួលប្រាក់ម៉ោង។ លោកថា ត្បិតតែប្រាក់ម៉ោងនោះវាតិចតួចសម្រាប់គ្រូក៏ដោយ ប៉ុន្តែក៏ជាចំណែកមួយជួយសម្រាលការខ្វះខាតក្នុងជីវភាពរស់នៅបានមួយផ្នែកដែរ៖ «យើងបង្រៀនម៉េច បើបង្រៀនចេះតែបង្រៀន តែប្រាក់ម៉ោងមិនឃើញលុយបើកឲ្យគ្នា ចេះតែប្រើគោប្រើគ្នាមិនឲ្យស៊ីស្មៅ គ្នាមានកម្លាំងអូសដែរអ៊ីចឹង»។
ស្រដៀងគ្នានេះ គ្រូបង្រៀននៅវិទ្យាល័យដដែល អ្នកស្រី ទុន ម៉ាឡែន ឲ្យដឹងថា សំណុំឯកសារដែលតម្រូវឲ្យលោកគ្រូអ្នកគ្រូបំពេញនោះ គឺចំនួនបីត្រីមាសហើយ តែមិនឃើញប្រាក់ម៉ោងធ្លាក់មកទៀត ដែលធ្វើឲ្យអ្នកស្រីឆ្ងល់ជាខ្លាំងចំពោះបញ្ហានេះ៖ «កាលពីមុនសួរទៅថានៅសល់ពីរសាលាទៀត ដែលគេមិនទាន់បានធ្វើសំណុំឯកសារហ្នឹងឲ្យព្រមគ្នាអ៊ីចឹងណា ធ្វើឲ្យបើកប្រាក់ម៉ោងហ្នឹងអត់បានទូទាំងខេត្ត។ ដល់ពេលយូរហើយ សាលាគេបញ្ជូនទៅហើយ ហេតុអីនៅតែមិនទាន់បានទៀត»។
ប្រាក់ម៉ោងសម្រាប់គ្រូបង្រៀន ត្រូវបានបែងចែកជាពីរកម្រិត គឺកម្រិតឧត្ដមសិក្សា ទទួលបានប្រាក់ម៉ោង ៥.២០០រៀលក្នុងមួយម៉ោង និងកម្រិតមធ្យមទទួលបាន ២.៦០០រៀលក្នុងមួយម៉ោង ហើយគ្រូបង្រៀនម្នាក់អាចបង្រៀនលើសម៉ោងបានប្រមាណពី ៦ ទៅ ៨ម៉ោងក្នុងមួយសប្ដាហ៍។ លោកគ្រូអ្នកគ្រូ ស្នើឲ្យក្រសួងអប់រំ គប្បីបញ្ចូលប្រាក់ម៉ោងរបស់ពួកគាត់ទៅក្នុងគណនេយ្យរបស់គ្រូនីមួយៗ ជៀសវាងមានបញ្ហាបន្តទៀត និងជៀសវាងបាត់បង់ ជាដើម។
ឆ្លើយតបបញ្ហានេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ មានប្រសាសន៍ថា ប្រាក់ម៉ោងសម្រាប់ត្រីមាសទី១ នឹងអាចប្រគល់ជូនគ្រូនៅតាមសាលាទាំងអស់នៅថ្ងៃទី៨ ខែកក្កដា ព្រោះខាងមន្ទីរអប់រំ បានប្រគល់ឯកសារទៅខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងខាងរតនាគាររួចរាល់ហើយ ចំណែក ២ត្រីមាសទៀត គឺខាងលោកកំពុងពិនិត្យមើលឯកសារដែលបញ្ជូនមកខាងមន្ទីរអប់រំ ដើម្បីត្រៀមបញ្ជូនបន្តទៅមន្ទីរហិរញ្ញវត្ថុ និងរតនាគារ។ លោកបញ្ជាក់មូលហេតុនៃការយឺតយ៉ាវថា គឺដោយសារមានបញ្ហាជាច្រើន និងត្រូវពិនិត្យឲ្យបានច្បាស់លាស់ជាមុនផង៖ «បច្ចេកទេសនៃការធ្វើសំណុំឯកសារដែលគាត់បញ្ជូនមកពីតាមសាលារៀន។ ធម្មតា ប្រាក់ម៉ោងនេះដើម្បីអាចបញ្ជូនឯកសារទាំងអស់ទៅហិរញ្ញវត្ថុ ក៏ដូចជារតនាគារបាន លុះត្រាតែប្រាក់ម៉ោងដែលប្រមូលពីតាមសាលាមក គឺគ្រប់ចំនួន។ ហ្នឹងយើងអាចធ្វើបញ្ជូនទៅលើបាន»។
ចំពោះវិធានការ លោកអះអាងថា ជារៀងរាល់ខែ គឺមានកិច្ចប្រជុំដាស់តឿនដល់គ្រូនាយកនៅតាមសាលាទាំងអស់ ឲ្យយល់ពីបញ្ហានេះ ធ្វើយ៉ាងណាបំពេញឯកសារបញ្ជូនមកខាងមន្ទីរឲ្យទាន់ពេលវេលា ជៀសវាងមានបញ្ហាយឺតយ៉ាវតទៅទៀត។
យ៉ាងណាក៏ដោយ គ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ លោក ឃីម ប៊ុនស្រ៊ីម ហាក់មិនយល់ស្របចំពោះការលើកឡើងរបស់ប្រធានមន្ទីរអប់រំ ឡើយ ដោយលោកយល់ថា កន្លែងខ្លះហេតុអ្វីគេមិនជួបបញ្ហាយឺតយ៉ាវនេះ? លោកបន្ថែមថា ប្រាក់ម៉ោងសម្រាប់គ្រូបង្រៀន អាចត្រូវបានគេយកទៅប្រើប្រាស់រឿងផ្សេងៗ ទើបនាំឲ្យខកខានបើកជូនលោកគ្រូអ្នកគ្រូ និងម្យ៉ាងទៀត ដោយសាររឿងនិយមជ្រើសរើសនាយកសាលាតាមរយៈសែស្រឡាយ ឬបក្ខពួក ទើបនាំឲ្យការបំពេញការងារមិនសូវរលូន ព្រោះមាននាយកសាលាខ្លះមិនមានសមត្ថភាពគ្រប់គ្រាន់ជាដើម។ ជាងនេះទៀត លោកចង់ឲ្យដាក់ពិន័យ ឬដាក់ទោសទណ្ឌចំពោះអ្នកទទួលខុសត្រូវនៅតាមសាលាលើបញ្ហានេះ។
កន្លងទៅ ក្រសួងអប់រំ បានសម្រេចជោគជ័យសម្រាប់ការបើកប្រាក់បៀវត្សរ៍ជូនគ្រូបង្រៀន ដោយប្រែក្លាយពីការបើកតាមស្ថាប័ន ឬអង្គភាព មកជាការបើកប្រាក់តាមប្រព័ន្ធធនាគារវិញ ក៏ប៉ុន្តែខាងក្រសួងអប់រំ នៅតែមិនទាន់អាចធ្វើបានចំពោះបញ្ហាប្រាក់ម៉ោងយឺតយ៉ាវ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរបស់គ្រូបង្រៀនដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
