គ្រូបង្រៀន​មួយ​ចំនួន​នៅ​អនុវិទ្យាល័យ​ចម្ការ​កៅស៊ូ​ស្នួល​ខេត្ត​ក្រចេះ​ស្នើ​ដក​តំណែង​នាយក

0:00 / 0:00

គ្រូបង្រៀន និង​សិស្ស​មួយ​ចំនួន ចោទ​ប្រកាន់​នាយក​អនុវិទ្យាល័យ​ចម្ការ​កៅស៊ូ​ស្នួល ខេត្ត​ក្រចេះ ថា​មាន​សីលធម៌​មិន​ល្អ ជេរ​ប្រមាថ​បុគ្គលិក​សិក្សា និង​សិស្ស ប្រើប្រាស់​ថវិកា​ទ្រទ្រង់​សាលា​មិន​បាន​ត្រឹមត្រូវ និង​បង្កើត​បញ្ហា​អសកម្ម​ជាច្រើន​ទៀត​នៅ​ក្នុង​ការ​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ។

តើ​ការ​ចោទ​ប្រកាន់​នេះ មាន​មូលដ្ឋាន​អ្វី​ខ្លះ​ជា​សំអាង? តើ​នាយក​សាលា​មាន​ប្រតិកម្ម​បែប​ណា​ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ?

គ្រូបង្រៀន​ចំនួន ៨​នាក់​នៅ​អនុវិទ្យាល័យ​ចម្ការ​កៅស៊ូ ស្នួល ឋិត​ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្នើសុំ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ផ្លាស់ប្ដូរ​នាយក​អនុវិទ្យាល័យ​នេះ​ចេញ​ពី​តំណែង ហើយ​សុំ​ឲ្យ​មន្ទីរ​អប់រំ ជ្រើសរើស​បុគ្គលិក​អប់រំ​មាន​សមត្ថភាព និង​មាន​សីលធម៌​ល្អ មក​ដឹក​នាំ​អនុវិទ្យាល័យ​នេះ​ជំនួស​នាយក​បច្ចុប្បន្ន​នេះ។

ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៥ ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​នាយក​អនុវិទ្យាល័យ​រូប​នេះ ខណៈ​បុគ្គលិក​សិក្សា​ទាំង​នោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​អប់រំ​ខេត្ត​ក្រចេះ ប្រមាណ ៣​ខែ​កន្លង​ទៅ ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះស្រាយ។

គ្រូបង្រៀន​ឈ្មោះ ប៉ា វិបុល រៀបរាប់​ថា គ្រូបង្រៀន និង​សិស្ស​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់ លោក ម៉ៅ ពន្លក ជា​នាយក​អនុវិទ្យាល័យ ព្រោះ​ប្រមាណ ៥​ឆ្នាំ​កន្លង​ទៅ​នេះ ពួក​គេ​បាន​ស៊ូ​ទ្រាំ​ចំពោះ​ការ​ប្រើ​ពាក្យ​សំដី​អសុរោះ គ្មាន​សីលធម៌ ជេរ​ប្រមាថ​គ្រូ និង​សិស្ស និង​មិន​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​ដល់​គ្រូ​ដទៃ និង​សិស្ស។ ដោយ​ឡែក​នាយក​រូប​នេះ ប្រើប្រាស់​ថវិកា​ក្រសួង​ដែល​ផ្តល់​សម្រាប់​ទ្រទ្រង់​សាលា​មិន​ត្រូវ​គោលដៅ ឃុបឃិត​យក​ប្រាក់​បៀវត្សរ៍​គ្រូ​ពីរ​នាក់​មិន​មក​បង្រៀន​សិស្ស​រយៈពេល ២​ឆ្នាំ​ដល់ ៤​ឆ្នាំ និង​គាប​សង្កត់​សិស្ស​ឲ្យ​រៃអង្គាស​ប្រាក់​សម្រាប់​ចំណាយ​ផ្សេងៗ​ក្នុង​ការងារ​បង្រៀន​ទៀត​ផង៖ «មាន​ពាក្យ​អា​គ្រូ​ភ្លើ អា​គ្រូ​ឡប់ អា​គ្រូ​ចរិត​ដូច​ឆ្កែ ទាំង​គ្រូ​ទាំង​សិស្ស ហើយ​និង​ពាក្យ​អសុរោះ​ផ្សេង​ទៀត។ ​បើ​សិន​បក្ខពួក​គាត់ គាត់​ដក​មុខវិជ្ជា​ផ្សេងៗ​ឲ្យ​បង្រៀន​ល្អៗ គ្នា​គាត់​ឈប់ គាត់​អត់​ដាក់​អវត្តមាន​ទេ ពេល​អ្នក​ប្រឆាំង​គាត់​ឈប់ គាត់​ចាំ​គូស​អវត្តមាន​តែ​ម្តង។ គាត់​ប្រើ​ពាក្យ​ថា បើ​គាត់​មុខវិជ្ជា​ណា​ឲ្យ​គ្នា​គាត់​បង្រៀន គាត់​មាន​អន្តរាគមន៍​ពី​ខាង​មន្ទីរ ឬ​ពី​ខាង​ណា​មួយ​អ៊ីចឹង»

ដូច​គ្នា​នេះ​ដែរ គ្រូបង្រៀន​ឈ្មោះ គា វុត្ថា អះអាង​ថា គ្រូបង្រៀន​ភាគ​ច្រើន​បាន​ផ្ដិត​មេដៃ​តវ៉ា​ករណី​នេះ​ទៅ​មន្ទីរ​អប់រំ តាំង​ពី​ខែ​មីនា ប៉ុន្តែ​មិន​ឃើញ​មាន​ចំណាត់​ការ​បែប​ណា​ឡើយ។ លោក​បន្ត​ថា គ្រូ​បង្រៀន​ដែល​តវ៉ា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា នាយក​អនុវិទ្យាល័យ​ឈ្មោះ ម៉ៅ ពន្លក បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ច្រើន​ករណី។ ហេតុ​នេះ ក្រសួង​អប់រំ គួរ​ចុះ​ស៊ើប​អង្កេត​ដើម្បី​ដោះស្រាយ​ការ​តវ៉ា​របស់​ក្រុម​គ្រូបង្រៀន៖ «ពិត​តែ​ម្តង អត់​មាន​ភូត ព្រោះ​ខ្ញុំ​មាន​ភស្តុតាង​ទាំងអស់ យក​លុយ​សិស្ស។ អ៊ីចឹង​បាន​ខ្ញុំ​ថា ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ចុះ​មក​មើល ស៊ើប​អង្កេត​មើល​ទៅ ដើម្បី​ដឹង​ថា​យ៉ាង​ម៉េច?»

អនុវិទ្យាល័យ​ចម្ការ​កៅស៊ូ ស្នួល មាន​សិស្ស​ជាង ៣០០​នាក់ និង​គ្រូបង្រៀន រួម​នឹង​បុគ្គលិក​សិក្សា​ផ្សេង​ទៀត​សរុប ១៧​នាក់។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ នាយក​អនុវិទ្យាល័យ​ចម្ការ​កៅស៊ូ ស្នួល លោក ម៉ៅ ពន្លក បដិសេធ​ថា លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អ្វី​ដូច​ការ​អះអាង​របស់​គ្រូ ដែល​បាន​ប្ដឹង​លោក​នោះ​ឡើយ។ លោក​ទទួល​ស្គាល់​ថា បាន​ប្រើ​ពាក្យ​សំដី​មិន​គប្បី​ខ្លះ​ចំពោះ​សិស្ស និង​គ្រូ ដោយសារ​តែ​ពួក​គេ​មិន​ស្តាប់​ការ​ណែនាំ​របស់​លោក ក៏ប៉ុន្តែ​ករណី​នេះ លោក​បាន​សុំ​ទោស​ពួក​គេ​រួច​ហើយ។ លោក​កត់​សម្គាល់​ថា មូលហេតុ​ដែល​គ្រូ​មួយ​ចំនួន​ប្ដឹង​ដក​លោក​ពី​តំណែង ដោយសារ​ពួក​គេ​ខឹង​នឹង​លោក ដែល​រឹត​បន្តឹង​បញ្ហា​អវត្តមាន​គ្មាន​ច្បាប់​របស់​គ្រូ​ទាំង​នោះ៖ «ប្ដឹង​ហ្នឹង​ខុស​ហើយ អត់​មាន​ទេ។ ទិញ​សម្ភារៈ​ខ្ញុំ​មាន​វិក្កយបត្រ ឆ្នាំ​មុន​ក្រសួង​គេ​ចុះ​មក​មើល​បិទ​បញ្ជី​ត្រឹមត្រូវ​អស់​ហើយ។ ខ្ញុំ​អត់​បាន​ជេរ​ទេ ប៉ុន្តែ​ខ្ញុំ​ថា​គ្រូ​មក​បង្រៀន​ដឹង​តែ​បង្រៀន អត់​ជួយ​មើល​សិស្ស​ទេ សិស្ស​វា​វាយ​ឈ្លោះ​គ្នា ខ្ញុំ​ថា​អា​សិស្ស និង​គ្រូ​ដូច​ឆ្កែ​អស់​ហើយ»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បាន​នៅ​ឡើយ ដោយសារ​ទូរស័ព្ទ​លោក​មិន​មាន​អ្នក​ទទួល។

ទាក់ទិន​ការ​ប្ដឹង​នេះ​ដែរ នាយក​មន្ទីរ​អប់រំ​ខេត្ត​ក្រចេះ លោក ឡាយ បូរ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​មន្ទីរ​នេះ​កំពុង​ស៊ើប​អង្កេត​ការ​ប្ដឹង​តវ៉ា​នេះ​ហើយ ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា តើ​ភាគី​ណា​ខុស ឬ​ត្រូវ​នោះ​ទេ? លោក​ថា ការ​ស៊ើប​អង្កេត ទាមទារ​ពេលវេលា មិន​អាច​ធ្វើ​ការ​ដោយ​ប្រញាប់​ប្រញាល់​ដូច​ការ​ចង់​បាន​របស់​គ្រូបង្រៀន​ទាំង​នោះ​ឡើយ៖ «គេ​កំពុង​ប្រមូល​សំណុំ​រឿង ប៉ុន្តែ​មិន​ដឹង​ជា​អ្នក​ប្ដឹង​ខូច ឬ​អ្នក​ណា​ខូច​ទេ គេ​កំពុង​ស្រាវជ្រាវ។ ខ្ញុំ​បាន​ឲ្យ​ការិយាល័យ​បុគ្គលិក​ហៅ​គ្រូ​ទាំងអស់​នៅ​សាលា​ហ្នឹង មក​ប្រមូល​ព័ត៌មាន​ទាំងអស់ បាន​ខ្ញុំ​ធ្វើ​ការ ព្រោះ​អា​ហ្នឹង​យើង​ធ្វើ​ការ​លឿន​ពេក អត់​កើត​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្តី សិស្ស​អនុវិទ្យាល័យ​ចម្ការ​កៅស៊ូ ស្នួល មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បង្ហាញ​ចេតនា​មិន​ពេញ​ចិត្ត​ចំពោះ​សីលធម៌​មិន​ល្អ​របស់​លោក​នាយក​អនុវិទ្យាល័យ ដែល​ជេរ​ប្រមាថ​សិស្ស និង​គ្រូ។ កញ្ញា​សំណូមពរ​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ ចាត់​វិធានការ​លុប​បំបាត់​ភាព​អសកម្ម​នៅ​ក្នុង​អនុវិទ្យាល័យ​នេះ៖ «មិន​ពេញ​ចិត្ត​ត្រង់​គាត់​មើល​ងាយ​ថា ពួក​សិស្ស​ចរិត​ថោក។ គាត់​ថា​ទាំង​សិស្ស​ទាំង​គ្រូ ខ្ញុំ​ថា​កុំ​ឲ្យ​គាត់​ធ្វើ​អ៊ីចឹង​ទៀត ព្រោះ​ប៉ា​ម៉ាក់​ខ្ញុំ​អត់​ដែល​ជេរ​ថា​ពួក​ខ្ញុំ​ចរិត​ថោក​ស្អី​អ៊ីចឹង​ទេ»

ភាព​អសកម្ម​សំខាន់ៗ​ដែល​គ្រូបង្រៀន ៨​នាក់​ប្ដឹង​ចោទ​លោក​នាយក​អនុវិទ្យាល័យ​ចម្ការ​កៅស៊ូ ស្នួល រួម​មាន ចាយ​ថវិកា​ទ្រទ្រង់​សាលា​គ្មាន​តម្លាភាព ឃុបឃិត​យក​ប្រាក់​បៀវត្សរ៍​គ្រូបង្រៀន​ពីរ​នាក់​មិន​មក​បង្រៀន​រយៈពេល ២​ឆ្នាំ និង ៤​ឆ្នាំ រៃអង្គាស​ប្រាក់​ពី​សិស្ស​ខុស​គោលការណ៍​ក្រសួង​អប់រំ ប្រើ​អំណាច​ផ្ដាច់ការ ប្រកាន់​បក្ខពួក​ធ្វើ​កាលវិភាគ​បង្រៀន និង​គំរាម​សិស្ស​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ភាព​អសកម្ម​របស់​នាយក ប្រើ​ពាក្យ​ជេរ​ប្រមាថ​សិស្ស និង​គ្រូ ចំណែក​លោក​នាយក​មិន​មក​បំពេញ​ការងារ​តាម​ពេល និង​ម៉ោង​ធ្វើ​ការ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។