អ្នក​ប្រកប​របរ​ផលិត​ឥដ្ឋ​នៅ​សៀមរាប​ប្រមាណ​៤០​គ្រួសារ​កំពុង​វ័ណ្ឌក​នឹង​បំណុល

0:00 / 0:00

ខេត្ត​សៀមរាប បច្ចុប្បន្ន តម្រូវការ​ឥដ្ឋ​យក​ទៅ​ប្រើប្រាស់​លើ​ការ​សាងសង់​លំនៅឋាន និង​អគារ​បម្រើ​សេវាកម្ម​ទេសចរណ៍​នានា កំពុងតែ​កើន​ឡើង​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី ឃុំ​កៀនសង្កែ នៃ​ស្រុក​សូទ្រនិគម ជា​អ្នក​ផលិត​ឥដ្ឋ​ទាំង​នោះ​វិញ បែរ​ជា​មាន​បញ្ហា​តម្លៃ​ឥដ្ឋ​ចុះ​ថោក ថែម​ទាំង​ជំពាក់​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​វ័ណ្ឌក​ទៅ​វិញ។

ប្រភព​ពី​អ្នក​ភូមិ​ថ្មី ឃុំ​កៀនសង្កែ នៃ​ស្រុក​សូទ្រនិគម ប្រហែល ៤០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​នោះ​បាន​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ ឯ​ប្រទេស​ថៃ ជា​បន្តបន្ទាប់ ដោយសារ​តែ​មុខ​របរ​ផលិត​ឥដ្ឋ​របស់​ពួកគេ​មិន​អាច​រក​កម្រៃ​បាន​សមរម្យ។

ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​ក្នុង​ចំណោម​អ្នក​ផលិត​ឥដ្ឋ​ជា​ច្រើន​នាក់​ទៀត នៅ​ក្នុង​ភូមិ​ថ្មី គឺ​អ្នកស្រី ឌឿន អ៊ាត។ អ្នកស្រី​មាន​ប្រសាសន៍​ថា គ្រួសារ​របស់​អ្នកស្រី​ក៏​ដូចជា​គ្រួសារ​ជា​ច្រើន​ទៀត កំពុង​ពិបាក​ខាង​ជីវភាព​ដោយសារ​តែ​តម្លៃ​ឥដ្ឋ​ដែល​ផលិត​បាន​ជា​រៀងរាល់ថ្ងៃ​​ចុះ​ថោក​ខ្លាំង។

ស្ត្រី​ដដែល​បញ្ជាក់​ថា អ្នក​ភូមិ​ជា​ច្រើន​កំពុង​ជំពាក់​បំណុល​ធនាគារ ឬ​ក៏​មីក្រូហិរញ្ញវត្ថុ ដោយសារ​តែ​ខ្ចី​លុយ​គេ​មក​ផលិត​ឥដ្ឋ ប៉ុន្តែ​ឈ្មួញ​កណ្ដាល​ហ៊ាន​ទិញ​ឥដ្ឋ​ក្នុង​តម្លៃ​ថោក សូម្បី​តែ​យក​មក​ហូបចុក​ក៏​មិន​គ្រប់គ្រាន់​ផង៖ «កាល​ពី​មុន​ខែ​ចេត្រ លក់​ឥដ្ឋ ១​ដុំ បាន ១០០ ឬ​ក៏ ៩០​រៀល​ដែរ ឥឡូវ​បាន​តែ ១​ដុំ ៧០​រៀល​ទេ។ ធ្វើ​យ៉ាង​ណា​បាន​ចំណេញ​បើ​ទៅ​ទិញ​ដី​គេ ១​ឡាន​ថ្លៃ ២​ម៉ឺន​រៀល​ទៅ​ហើយ»

ស្ត្រី​ចំណាស់​អាយុ ៦៣​ឆ្នាំ អ្នកស្រី ឃួន ហូរ មាន​ប្រសាសន៍​ថា ដោយសារ​ឥដ្ឋ​លក់​បាន​ថោក​ពេក​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​បោះបង់​ចោល​មុខ​របរ ហើយ​ចាក​ចេញ​ចោល​ផ្ទះ​ទៅ​រក​ការងារ​ធ្វើ​ឯ​ប្រទេស​ថៃ៖ «ខ្ញុំ​ចង់​បាន​ថា​តម្លៃ​ឥដ្ឋ​នោះ បាន​អី​ឱ្យ​ឡើង​ខ្ពស់​ត្រឹម ១​ដុំ ១០០​រៀល ឱ្យ​មាន​ទីផ្សារ​ធូរធារ​ទៅ​ខ្ញុំ​ក៏​អាច​រស់​បាន​ស្រួល​បន្តិច»

​ក្រុម​អ្នក​ភូមិ​ថ្មី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប និង​មន្ត្រី​រដ្ឋាភិបាល ជួយ​មាន​វិធានការ​យ៉ាង​ណា​ឱ្យ​តម្លៃ​ឥដ្ឋ​ឡើង​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​ជួយ​ទប់ស្កាត់​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ចំណាកស្រុក​ចេញ​ទៅ​ក្រៅ​ប្រទេស​ទៀត។

ពេល​បច្ចុប្បន្ន​ទីផ្សារ​ឥដ្ឋ​របស់​អ្នក​ភូមិ​ថ្មី គឺ​មាន​តែ​ក្រុម​ឈ្មួញ​កណ្ដាល​ប៉ុណ្ណោះ ដែល​ទៅ​ទិញ​ឱ្យ​តម្លៃ​ថោក ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ដឹក​មក​លក់​បន្ត​ឱ្យ​ការដ្ឋាន​សំណង់​ក្នុង​ទីក្រុង​វិញ គឺ​ឥដ្ឋ ១​ដុំ បាន​ថ្លៃ​រហូត​ដល់ ២០០​រៀល។

មេ​ឃុំ​កៀនសង្កែ លោក ហុង លី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ភូមិ​ថ្មី ដែល​ប្រកប​មុខ​របរ​ធ្វើ​ឥដ្ឋ​លក់​គឺ​មាន​ប្រហែល ៤០​គ្រួសារ។ លោក​មេ​ឃុំ​បញ្ជាក់​ថា លោក​មិន​មាន​មធ្យោបាយ​ជួយ​ឱ្យ​ជីវភាព​អ្នក​ផលិត​ឥដ្ឋ​ទាំង​នោះ​បាន​ប្រសើរ​ទេ ពីព្រោះ​តែ​ឥដ្ឋ​ដែល​ពួកគេ​ធ្វើ​លក់ គឺ​ធ្វើ​ដោយ​ដៃ​តាម​បែប​គ្រួសារ​តូចតាច។ អាជ្ញាធរ​ឃុំ​ក៏​ធ្លាប់​ជួល​អ្នក​ជំនាញ​ទៅ​បង្រៀន​ធ្វើ​ឥដ្ឋ​តាម​បែប​បច្ចេកទេស​ទំនើប​ដែរ ប៉ុន្តែ​អ្នក​ភូមិ​មិន​មាន​លទ្ធភាព​ទិញ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​មក​ប្រើប្រាស់ ដោយ​ដុត​ហ្គាស៍​ឱ្យ​ឆ្អិន​ល្អ និង​ផលិត​បាន​លឿន​ដូច​រោង​សិប្បកម្ម​ឡឥដ្ឋ​ធំ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។