ក្រុមហ៊ុនភ្នំពេញសុរិយាដឹកជញ្ជូនអ្នកដំណើរបានដាក់ពាក្យប្ដឹងបុគ្គលិកបើកបររថយន្តពីបទញុះញង់ទៅតុលាការរាជធានីភ្នំពេញ។ ការដាក់ពាក្យប្ដឹងរបស់ក្រុមហ៊ុននេះ គឺបន្ទាប់ពីបុគ្គលិកបើកបររថយន្ត និងព្រូឡានជិត ១០០នាក់ ធ្វើកូដកម្មមិនចូលធ្វើការទាមទារឲ្យក្រុមហ៊ុនគោរពលក្ខខណ្ឌការងារ និងបង្កើតសហជីព តែជម្លោះនេះនៅមិនទាន់សះជានៅឡើយនោះ។
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ បានចេញដីកាកោះហៅបុគ្គលិកក្រុមហ៊ុនភ្នំពេញសុរិយាដឹកជញ្ជូនអ្នកដំណើរចំនួន ២នាក់ ក្នុងចំណោមប្រមាណ ២០នាក់ឲ្យចូលខ្លួនទៅបំភ្លឺតាមបណ្ដឹងរបស់ក្រុមហ៊ុន។
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី បានចេញដីកាកោះហៅបុគ្គលិកក្រុមហ៊ុនភ្នំពេញសុរិយា ២នាក់ គឺឈ្មោះ យឹម គុយបា និងឈ្មោះ ភុន វិសាល ឲ្យចូលខ្លួននៅព្រឹកថ្ងៃទី៩ ខែឧសភា។
អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនភ្នំពេញសុរិយាដឹកជញ្ជូនអ្នកដំណើរ លោក ច័ន្ទ សុផាន់ណា បានថ្លែងនៅថ្ងៃទី៦ ឧសភា ថា ក្រុមហ៊ុនបានប្ដឹងអ្នកទាំងនោះបទញុះញង់ បទគំរាមកំហែង និងយកឯកសណ្ឋានរបស់ក្រុមហ៊ុនប្រើប្រាស់ខុសច្បាប់។ លោកថា អ្នកទាំងនោះបានយកសំលៀកបំពាក់ក្រុមហ៊ុនទៅតវ៉ាក្នុងរូបភាពផ្សេងដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុនថែមទៀត ដូច្នេះក្រុមហ៊ុនបានដាក់ពាក្យប្ដឹងទៅតុលាការប្រមាណ ២សប្ដាហ៍មកហើយ។
លោកថា ដំបូងក្រុមហ៊ុនបានជូនដំណឹងឲ្យគាត់ចូលធ្វើការវិញ ប៉ុន្តែអ្នកទាំងនោះនៅតែបន្តតវ៉ា ហើយមិនចូលធ្វើការឡើយ ម្ល៉ោះហើយក្រុមហ៊ុនបានចេញសេចក្ដីជូនដំណឹងមួយទៀតបញ្ចប់កិច្ចសន្យាការងារពួកគេតែម្ដង។ លោកបញ្ជាក់ថា ក្រុមហ៊ុនបានបញ្ចប់កិច្ចសន្យា ៨នាក់ ហើយ ១០នាក់ទៀតបានបោះបង់ការងារ។
លោក ច័ន្ទ សុផាន់ណា៖ «បទញុះញង់មានហើយ បទគំរាមកំហែងហ្នឹងមាន គឺយើងបានថតខ្សែអាត់អ្វីនេះទៀត មានអស់ហើយ។ គាត់យកឯកសណ្ឋានក្រុមហ៊ុនទៅប្រើប្រាស់នោះ គឺយើងចង់និយាយគាត់យកទៅប្រើប្រាស់ខុសគោលដៅ គាត់យកទៅតវ៉ាខាងអ៊ីចឹង វាពាក់ព័ន្ធរឿងផ្សេង គាត់គ្រាន់តែជាអតីតបុគ្គលិក អ៊ីចឹងគឺគាត់មិនអាច គួរយកឯកសណ្ឋានក្រុមហ៊ុនទៅប្រើប្រាស់ក្នុងហ្នឹងបានទេ»។
ឆ្លើយតបបញ្ហានេះ បុគ្គលិកបើកបររថយន្ត លោក យឹម គុយបា ដែលត្រូវតុលាការកោះហៅបានអះអាងថា ពួកគាត់មិនបានប្រព្រឹត្តដូចក្រុមហ៊ុនចោទប្រកាន់នេះទេ។ លោកថា ក្រុមហ៊ុនបានជ្រើសរើសបុគ្គលិកថ្មីមកបើករថយន្តដែលលោកធ្លាប់កាន់ ហើយការបញ្ចប់កិច្ចសន្យាការងារពួកគាត់ទាំង ១៨នាក់ ដោយគ្មានកំហុស និងគ្មានមូលហេតុ បន្ទាប់ពីពួកគាត់បង្កើតសហជីពមួយ។ លោកបន្តថា ការតវ៉ាទាមទារលក្ខខណ្ឌការងារនេះ គឺមិនមានជាការញុះញង់នោះទេ ការប្ដឹងរបស់ក្រុមហ៊ុននេះគឺខុសច្បាប់ដែលពួកគាត់មិនអាចទទួលយកបាន។
លោកថា ពួកគាត់មិនទាន់ដឹងប្រាកដថា នឹងចូលខ្លួនទៅបំភ្លឺឬយ៉ាងណានៅឡើយ ពីព្រោះនៅថ្ងៃទី៨ ខែឧសភា ពួកគាត់ទាំង ១៨នាក់នឹងត្រូវចូលតទល់តាមឯកសារភស្តុតាងដែលជាចំណុចវិវាទនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីបញ្ចប់បញ្ហាសិន៖ «តែឥឡូវហ្នឹងអត់ទាន់បាននឹងផ្សះផ្សាអីផងស្រាប់តែចេញលិខិតប្ដឹងពីខាងនាយកក្រុមហ៊ុននោះបាត់ហើយហ្នឹង អ៊ីចឹងខ្ញុំអត់ទាន់ដឹងសម្រេចថា ចូលថ្ងៃ៩ ឬអត់ទេ ព្រោះខ្ញុំនឹងផ្សះផ្សាថ្ងៃទី៨ ខែ៥ (ឧសភា) សិន បើថា ផ្សះផ្សាមិនត្រូវអីម៉េចទៀតគឺខ្ញុំអាចនឹងឡើងទៅតុលាការបញ្ហាដែលចោទថាខ្ញុំញុះញង់។ ហើយឯកសណ្ឋានក៏ខ្ញុំអត់ទាន់ឲ្យគាត់ដែរ ព្រោះខ្ញុំអត់ទាន់ដាក់លាលែងពីការងារដែរព្រោះប្រាក់ខែខ្ញុំអត់ទាន់បើកដែរ»។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនភ្នំពេញសុរិយា បានចេញសេចក្ដីជូនដំណឹងដោយបានព្រមានដល់បុគ្គលិកអ្នកបើកបររថយន្ត និងព្រូឡាននៅតាមខេត្តក្រុងទាំងអស់ មិនឲ្យទទួលដាក់ឥវ៉ាន់របស់អតិថិជនដោយគ្មានវិក្កយបត្រ ឬគ្មានការអនុញ្ញាតពីក្រុមហ៊ុន ពុំនោះទេពួកគាត់នឹងរងការពិន័យដល់បុគ្គលិកម្នាក់ៗចំនួន ៣លានរៀល កាត់ប្រាក់ខែទាំងអស់ និងបណ្ដេញចេញពីការងារ បើមិនអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុន។ សេចក្ដីជូនដំណឹងនេះ ក៏ជាមូលហេតុមួយដែលជំរុញអោយបុគ្គលិកបើកបររថយន្ត និងព្រូឡានផ្ទុះការតវ៉ាធ្វើកូដកម្មមិនចូលធ្វើការ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤។ ទន្ទឹមនឹងគ្នា កូដកម្មទាមទារឲ្យថៅកែក្រុមហ៊ុនដោះស្រាយលក្ខខណ្ឌការងារចំនួន ១១ចំណុច ដូចជាសុំដំឡើងប្រាក់បៀវត្សបន្ថែម ៦០ដុល្លារ ដំឡើងប្រាក់ថ្លៃជើងបើកបរ និងស្នើបញ្ឈប់កាត់ប្រាក់ខែពេលបុគ្គលិកពេលសុំច្បាប់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
